ភ្នំពេញ៖ មន្ត្រីយោធាជាន់ខ្ពស់ថ្លែងថា ក្រសួងការពារជាតិ រកឃើញមានឧកញ៉ា ៩៩ នាក់ នៅក្នុងជួរកងយោធពលខេមរភូមិន្ទ ហើយថា ក្រសួងបាននិងកំពុងរៀបចំនីតិវិធី ដើម្បីដាក់ឲ្យឧកញ៉ាទាំងនោះធ្វើការជ្រើសរើសតួនាទី ១ ក្នុងចំណោមតួនាទីទាំង ២ ដែលគេកំពុងកាន់កាប់។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ក្រសួងការពារជាតិបានរកឃើញថា មានឧកញ៉ាសរុប ៩៩ នាក់ កំពុងមានតួនាទីក្នុងជួរកងយោធពលខេមរភូមិន្ទ។ ក្នុងនោះមាន ៦១ នាក់ នៅចំណុះអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និង ៣៨ នាក់ នៅចំណុះទីស្តីការក្រសួងការពារជាតិ។
លោកថា ក្រសួងបាននិងកំពុងរៀបចំនីតិវិធីបែបបទ ចំពោះអ្នកដែលត្រូវបន្តយកងារជាឧកញ៉ា និងអ្នកដែលសុំឈប់មិនយកងារជាឧកញ៉ា។
លោកបញ្ជាក់ថា៖ «យើងកំពុងតែធ្វើនីតិវិធីបន្តទៀត សម្រាប់អ្នកដែលចង់ចេញពីមុខងារកងយោពលខេមរភូមិន្ទ និងសម្រាប់អ្នកដែលចង់បន្ត [មុខងារ] កងយោធពលខេមរភូមិន្ទ ដោយសារត្រូវឆ្លងតាមនីតិវីធីច្បាប់។ ការងារនេះត្រូវការនីតិវិធី និងបទដ្ឋានគតិយុត្តច្រើនទៀត។ អ្នកដែលគេចង់ចេញយើងឲ្យគេចេញ ដោយសារយើងមិនអនុញ្ញាតឲ្យកាន់តួនាទី ២ ទេ»។
លោកអះអាងថា នៅពេលមន្ត្រីថ្នាក់ឧត្តមសេនីយ៍ ដែលមានងារជាឧកញ៉ាធ្វើការសម្រេចជ្រើសរើសមុខងារណាមួយរួចរាល់ហើយនោះ ក្រសួងការពារជាតិនឹងធ្វើបែបបទបញ្ជាក់ទៅប្រមុខរដ្ឋាភិបាលដើម្បីឈានទៅដល់ការចេញព្រះរាជក្រឹត្យពីព្រះមហាក្សត្រក្នុងការបញ្ឈប់ពួកគេចេញពីមុខងារណាមួយដែលត្រូវបានបោះបង់។
លោកឧត្ដមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បដិសេធផ្តល់ព័ត៌មានពាក់ព័ន្ធនឹងឈ្មោះមន្ត្រីដែលមានងារជាឧកញ៉ាទាំងនេះ និងចំនួនអ្នកដែលលាឈប់ពីឧកញ៉ា និងអ្នកដែលនៅរក្សាឈ្មោះក្នុងកងទ័ព។ លោកបញ្ជាក់ថា ករណីនេះមិនទាន់អាចនិយាយបានទេ ពីព្រោះវាស្ថិតក្នុងដំណាក់កាលនីតិវិធី។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការមិនឲ្យមន្ត្រីមានងារជាឧកញ៉ា គឺជាបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ វាគឺជាផ្នែកមួយនៃកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ហើយថាវិធានការនេះនឹងជួយលាងសម្អាតការចោទប្រកាន់ និងមន្ទិលសង្ស័យពីមហាជនដែលថា មានមន្ត្រីកម្លាំងប្រដាប់អាវុធមានងារជាឧកញ៉ាប្រើប្រាស់ឈ្មោះក្នុងកម្លាំងប្រដាប់អាវុធដើម្បីការពារមុខរបរ និងផលប្រយោជន៍របស់ខ្លួន។
លោកបញ្ជាក់ថា៖ «ហើយវាក៏លាងសម្អាតកេរ្តិ៍ឈ្មោះរបស់កម្លាំងប្រដាប់អាវុធរបស់យើង ដែលមានងារជាឧកញ៉ាផង និងមន្ត្រីកងកម្លាំងប្រដាប់អាវុធផង និងវាចំណេញក្របខ័ណ្ឌសម្រាប់កងទ័ពដែលអាចជ្រើសរើសកម្លាំងពិតប្រាកដ»។
ប៉ុន្តែលោក ឈុំ សុជាត បានបដិសេធការចោទប្រកាន់ខាងលើដោយលោកនិយាយថា មន្ត្រីដែលមានងារជា «ឧកញ៉ា» មិនបានបង្កឲ្យមានបាតុភាពដល់សង្គមទេ។ តែផ្ទុយទៅវិញមន្ត្រីទាំងនោះ បានជួយក្នុងការកសាងប្រទេសជាតិ តាមរយៈការបរិច្ចាគថវិកា និងផ្តល់ធនធានជួយប្រជាពលរដ្ឋមានទុក្ខលំបាក។
កាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៩ អំឡុង កិច្ចប្រជុំគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ លោក ហ៊ុន សែន បានដាក់បទបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ រួមមានទាហាន នគរបាល និងកងរាជអាវុធហត្ថ ត្រូវជ្រើសរើសជាបន្ទាន់ថាតើត្រូវយកងារ ឧកញ៉ា ឬយកតួនាទីរបស់ខ្លួន?
យោងតាមតួលេខចេញផ្សាយជាសាធារណៈនាពេលកន្លងទៅបានឲ្យដឹងថា ចាប់ពីឆ្នាំ ១៩៩៤ រហូតមកត្រឹមខែ កុម្ភៈ ឆ្នាំ ២០១៤ កម្ពុជាមានឧកញ៉ាចំនួន ៧០៤ នាក់ ស្របពេលតាមច្បាប់ថ្មីបានចែងថា អ្នកដែលទទួលបានងារជាឧកញ៉ាគឺរាល់សប្បុរសជនណាដែលបានធ្វើអំណោយដល់រដ្ឋលើសពី ៥០ ម៉ឺនដុល្លារឡើងទៅ។ សប្បុរសជននោះនឹងត្រូវបានរដ្ឋាភិបាលស្នើទៅកាន់ព្រះមហាក្សត្រ សុំព្រះរាជទានងារជាឧកញ៉ា៕