ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ចេញ​ប្រកាស​ស្ដីពី​ការកំណត់​ពី​នីតិវិធី និង​សិទ្ធិ​ផាកពិន័យ​អន្តរការណ៍​លើ​បទល្មើស​ទាក់ទង​​នឹង​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​ជា​ការលើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។

សេចក្ដី​ប្រកាស​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២២ កញ្ញា និង​ចុះហត្ថលេខា​ដោយ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​បញ្ជាក់ថា​ការអនុវត្ត​ការផាកពិន័យ​ជា​អន្តរការណ៍​នោះ ​គឺជា​សមត្ថកិច្ច​របស់​អង្គភាព​ជំនាញ ទទួល​បន្ទុក​ផលិតកម្ម​សត្វ និង​បសុព្យាបាល​ដូចជា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​មន្ទីរ​កសិកម្ម​រាជធានី និង​ខេត្ត​។

សេចក្ដី​ប្រកាស​បញ្ជាក់ថា ការមិន​ធ្វើ​អនាម័យ​កន្លែង​សត្តឃាត ទីកន្លែង​កែច្នៃ​បឋម​ផលិតផល​សត្វ ទីកន្លែង​ដាក់តាំង​លក់​សាច់ មន្ទីរ និង​កន្លែង​ព្យាបាល​សត្វ កន្លែង​ចិញ្ចឹម និង​បង្កាត់​ពូជ​សត្វ ទីកន្លែង​ផ្គត់ផ្គង់​ និង​លក់​បសុឱសថ និង​លក់​ចែកចាយ​ចំណី​សត្វ​ជាដើម រួមទាំង​ការមិន​អនុវត្ត​តាម​បទប្បញ្ញត្តិ​ការហាមឃាត់​មិន​ធ្វើ​ចរាចរណ៍​សត្វ និង​ផលិតផល​សត្វ​នាំ​ឱ្យ​មាន​រាលដាល​ជំងឺឆ្លង និង​ការមិន​កម្ចាត់​មេរោគ​នៅក្នុង​អគារ ឧបករណ៍ និង​មធ្យោបាយ​ដឹកជញ្ជូន​សត្វ​ជាដើម​​ នឹង​ត្រូវ​ផាកពិន័យ​ចំនួន​ ១ ​លាន​រៀល​។

បើ​តាម​សេចក្ដី​ប្រកាស​នេះ​ការលក់ដុំ លក់រាយ​បសុឱសថ ឬ​ចំណី​សត្វ​ដោយ​គ្មាន​ការអនុញ្ញាត​ត្រូវ​ពិន័យ​ ៤ ​លាន​រៀល​។ ការលក់​ចែកចាយ​សាច់សត្វ ឬ​ផលិតផល​សត្វ​ដោយ​គ្មាន​ត្រា​ ឬ​ស្លាក​បសុព្យាបាល​សម្គាល់ ការមិន​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស​សម្រាប់​សម្បក​វេចខ្ចប់ និង​ស្លាក​សញ្ញា​ព័ត៌មាន​ភាសា​ខ្មែរ​សម្រាប់​បសុឱសថ ឬ​ចំណី​សត្វ​ការលក់ដុំ និង​រាយបសុឱសថ​ហួស​កាលកំណត់ និង​ការចិញ្ចឹម និង​បង្កាត់​ពូជ​សត្វ​លក្ខណៈ​ពាណិជ្ជកម្ម​ដោយ​មិន​បាន​ចុះបញ្ជី​នឹង​ត្រូវ​ផាកពិន័យ​ចំនួន​ ៧ ​លាន​រៀល​។

ប្រកាស​ដដែល​បន្តថា ការពិន័យ​អន្តរការណ៍​គឺ​អនុវត្ត​ក្នុង​ករណី​ជនល្មើស​យល់ព្រម​សារភាព​កំហុស​ជា​លាយលក្ខណ៍អក្សរ និង​យល់ព្រម​បង់ប្រាក់​ពិន័យ ប៉ុន្តែ​ប្រសិន​បើ​ជនល្មើស​មិន​ព្រម​សារភាព​កំហុស និង​បង់ប្រាក់​ផាកពិន័យ គឺ​ត្រូវ​ចងក្រង​សំណុំរឿង​នៃ​បទល្មើស​ដើម្បី​បញ្ជូន​ទៅ​តុលាការ​។

ចំពោះ​ប្រាក់​ផាកពិន័យ​គឺ​ត្រូវ​បង់​ចូល​ជា​ថវិការដ្ឋ​តាមរយៈ​រតនាគារជាតិ ឬ​រតនាគារ​រាជធានី និង​ខេត្តហើយ​ចំពោះ​​ជនល្មើស​ដែល​ធ្លាប់​ពិន័យ​ម្ដង​ហើយ តែ​នៅ​ប្រព្រឹត្ត​ទៀត​ គឺ​ត្រូវ​ពិន័យ​ជា​ប្រាក់​ទ្វេដង ហើយ​នៅតែ​បន្ត​ប្រព្រឹត្ត​ដដែល​ទៀត​​នឹង​ត្រូវ​ដកហូត​វិញ្ញាបនបត្រ​ ឬ​លិខិតអនុញ្ញាត និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។

លោក​ តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិត​កម្មបាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា សេចក្ដី​ប្រកាស​នេះ​ ​គឺ​ធ្វើ​ឡើង​ដោយយោង​តាម​ខ្លឹមសារ​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ដែល​ប្រកាស​ឲ្យ​ប្រើ​តាំងពី​ឆ្នាំ​ ២០១៦ ហើយ​ជាទូទៅ​ក្នុង​ច្បាប់​ ១ ​តែង​មាន​ប្រកាស​ច្រើន​ដែល​ត្រូវធ្វើ​ឡើង​ម្ដង​ ១ ​ៗ​។

លោក​បញ្ជាក់ថា ប្រកាស​នេះ​គឺជា​ឆន្ទានុសិទ្ធិ​របស់​រដ្ឋមន្ត្រី​ដើម្បី​ប្រគល់​សិទ្ធិ​មកឱ្យ​ស្ថាប័ន​ណាមួយ​ជា​អ្នកអនុវត្ត​ការផាកពិន័យ​អន្តរការណ៍​។

លោក​ថា​៖ «​ចង់​និយាយ​ថា​ច្បាប់​​និយាយ​ថា​ក្នុង​កម្រិត​ប៉ុនណាៗ​​គឺ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ​មាន​សិទ្ធិ​ពិន័យ អ៊ីចឹង​យើង​ត្រូវធ្វើ​ប្រកាស​នោះ​ឡើង​ឱ្យស្រប​តាមច្បាប់​។ យើង​មាន​សិទ្ធិ​ពិន័យ​តែ​ប៉ុន្មាន​ចំណុច​ដែលជា​ការពិន័យ​តូចតាច​ហ្នឹងហើយ​បើ​ការពិន័យ​ធំ គឺជា​ឆន្ទានុសិទ្ធិ​របស់​រដ្ឋមន្ត្រី​»​។

លោក​ ស្រ៊ុន ពៅ ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា​បាន​លើក​ឡើង​ថា នៅ​កន្លែង​សត្តឃាត​ទូទាំង​ប្រទេស​គឺ​តែង​ធ្វើ​អនាម័យ​រៀងៗ​ខ្លួន ជាពិសេស​ចាប់ពី​មាន​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​មក ប៉ុន្តែ​ការធ្វើ​អនាម័យ​នោះ​មិន​ទាន់​កំណត់​ស្ដង់ដា​ទេ​។

លោក​បាន​បន្តថា កន្លង​មក​មន្ត្រី​តែងតែ​ចុះទៅ​ណែនាំ​ពី​ការធ្វើ​អនាម័យ​នៅតាម​ទីកន្លែង​សត្ដឃាត​រឿយៗ ជាពិសេស​នៅ​ពេល​ពលរដ្ឋ​រស់នៅ​ជិត​​ទីតាំង​ទាំងនោះ​ប្ដឹង​អំពី​ការបញ្ចេញ​ក្លិន ឬ​ទឹកស្អុយ​ប៉ះពាល់​បរិស្ថាន ប៉ុន្តែ​មិន​ធ្លាប់បាន​ផាកពិន័យ​អន្តរការណ៍​ឡើយ​។

លោក​ថា​៖ «​អានេះ​គឺ​ត្រូវ​សុំឱ្យ​បងប្អូន​ទាំងអស់​ត្រូវ​ចេះ​ធ្វើ​អនាម័យ​...​មិន​ថា ត្រឹមតែ​កន្លែង​លក់​ទេ គឺ​ទាំង​កន្លែង​ផលិត​ចំណី និង​ចិញ្ចឹម គឺ​យើង​ត្រូវតែ​អនាម័យ​ទាំងអស់​គ្នា​»​។

កាលពី​ខែ​ឧសភា​ឆ្នាំ​នេះ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​​ និង​នេសាទ​បាន​សម្រេច​ផ្អាក​ក្រុមហ៊ុន​ចំនួន​ ២ មិន​ឲ្យ​នាំចូល​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ មក​កម្ពុជា​​ជា​បណ្ដោះ​អាសន្ន គឺ​ក្រុមហ៊ុន​ចាន់ធូ​មានជ័យ អ៊ីមផត អិចផត និង​ក្រុមហ៊ុន ៣ ​ធីអេចអេហ្គ្រីឌីវេឡុបម៉ិន បន្ទាប់ពី​​ក្រុមហ៊ុន​ទាំងនេះ​បាន​ប្រព្រឹត្ត​បទល្មើស​ម្ដង​ហើយ​ម្ដងទៀត​មិន​ព្រម​រាងចាល​៕