ភ្នំពេញៈ ក្រសួងមហាផ្ទៃរំឭកដល់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត អំពីការបញ្ចប់តំណែងជាទីប្រឹក្សា ឬជំនួយការ ដែលត្រូវបានតែងតាំងមុនការបោះឆ្នោតអាណត្តិទី៣ នៃក្រុមប្រឹក្សា និងកំណត់ឲ្យបុគ្គលដែលមានតួនាទីជាទីប្រឹក្សាតែងតាំងក្រោយបោះឆ្នោត ត្រូវជ្រើសរើសយកមុខតំណែងតែមួយ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃចន្ទ បានចេញសេចក្ដីណែនាំមួយជូនដល់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ដើម្បីឲ្យមានការអនុវត្តគោលការណ៍ ២ ចំណុច។ ចំណុចទី១ ចែងថា ប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវបានតែងតាំងជាទីប្រឹក្សា និងជំនួយការមុនការបោះឆ្នោតក្រុមប្រឹក្សានោះ តំណែងនេះត្រូវបាត់បង់។ ដូច្នេះ សាមីខ្លួននៅសល់តែមុខតំណែងមួយគត់ គឺជាប្រធាន ឬសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយសាមីខ្លួនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែតែមួយមុខ គឺតាមមុខនាទី ជាប្រធាន ឬជាសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ។
ចំណែកចំណុចទី២ ចែងថា ចំពោះប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែលត្រូវបានតែងតាំងជាទីប្រឹក្សា ឬជំនួយការក្រោយពេលជាប់ឆ្នោត សាមីខ្លួនត្រូវធ្វើការសម្រេចចិត្តជ្រើសរើសយកតំណែងតែមួយគត់ រវាងតំណែងជាទីប្រឹក្សា ឬជំនួយការ និងតំណែងជាប្រធានក្រុមប្រឹក្សា ឬសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ជាមួយគ្នានេះ ប្រាក់ឧបត្ថម្ភប្រចាំខែក៏ត្រូវផ្ដល់ជូនតាមតំណែងដែលសាមីខ្លួនជ្រើសរើសប៉ុណ្ណោះ។
លោក ផាត សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចសុំការពន្យល់បន្ថែមអំពីសេចក្ដីណែនាំនេះបានទេ ពីម្សិលមិញ។
លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងជាអ្នកនាំពាក្យបានថ្លែងពីម្សិលមិញថា លោកបានមើលហើយលើការណែនាំថ្មីនេះ។ រដ្ឋបាលខេត្តស្វាយរៀងនឹងអនុវត្តតាម ហើយនឹងពិនិត្យមើលថា តើអ្នកណាមានតួនាទីជាប្រឹក្សាមុនការបោះឆ្នោតអាណត្តិទី៣។ លោកបន្ថែមថា ជារួមគោលការណ៍ណែនាំថ្មីនេះគឺដើម្បីមិនឲ្យមានការយកប្រាក់លើមុខងារ ២ កន្លែង។
លោកថ្លែងថា៖ «ពីមុនមកខ្ញុំមិនដឹងថាមាន ឬមិនមានទេ តែជាគោលការណ៍ណែនាំ គឺមិនឲ្យមានអ៊ីចឹងទៀតទេ។ មុខតំណែង ២ ក៏ដោយ តែយើងត្រូវយកតែមួយទេ។ បើយើងគិតថា កន្លែងណាដែលមានអត្ថប្រយោជន៍ច្រើនជាង ជ្រើសរើសយកអាហ្នឹងទៅ»។
ក៏ប៉ុន្តែ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការណែនាំនេះបញ្ជាក់ថា មន្ត្រីរាជការត្រូវបំពេញតួនាទីតែមួយមុខតំណែងទេ ដើម្បីឲ្យមន្ត្រីទាំងនោះមានឱកាសពង្រឹងការអនុវត្តការងាររបស់ខ្លួន។
លោកថ្លែងថា៖ «ប្រហែលជាមានកន្លែងខ្លះដែលគាត់ជាប់ឆ្នោតជាក្រុមប្រឹក្សា ជាប្រធាន អនុប្រធាន ជាសមាជិកក្រុមប្រឹក្សារាជធានីខេត្ត ឬស្រុក ក្រុង ហើយបន្តនៅក្នុងតំណែងនោះ (ជាទីប្រឹក្សា) ហើយមិនទាន់លាលែង អ៊ីចឹងគ្រាន់តែជាការរំឭកទេ ឲ្យគាត់លាលែងពីតំណែងចាស់របស់គាត់»។ លោកថា ខេត្តរបស់លោកបានលាលែងពីតំណែងអស់ហើយ បន្ទាប់ពីបានប្រកាសសមាសភាពក្រុមប្រឹក្សាជាប់ឆ្នោតថ្មី។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លើកឡើងថា វាជារឿងសាមញ្ញដែលមន្ត្រីមួយរូបត្រូវមានមុខតំណែងតែមួយ។ ផ្ទុយទៅវិញ វាជារឿងចម្លែកមួយដែលមន្ត្រីមួយរូបមានតួនាទីជាប្រធាន ឬជាក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុកខណ្ឌ ហើយទៅមានតួនាទីមួយផ្សេងទៀតជាទីប្រឹក្សានៅស្ថាប័នផ្សេង ឬប្រហាក់ប្រហែល ព្រោះគាត់ជាបុគ្គលដែលត្រូវបានជ្រើសរើសចេញពីការបោះឆ្នោត។
លោក ជ័យ និយាយថា៖ «ចំពោះការកាត់បន្ថយ ឬកាត់លុបចោលនូវតួនាទីជាទីប្រក្សាចំពោះប្រធាន ឬសមាជិកនៃក្រុមប្រឹក្សានេះ យើងយល់ថាជារឿងមួយដែលល្អដែរ ហើយយើងក៏មិននឹកស្មានថាបានកើតឡើងដែរ។ ពីព្រោះនេះជាការងារមួយដែលនាំឲ្យមានការប៉ះពាល់ដល់តួនាទីច្រើនស្អេកស្កះពេក»។
លោក សន ជ័យ យល់ថា ការណែនាំនេះសម្រាប់មន្ត្រីមួយចំនួនដែលពីមុនមានតួនាទីជាទីប្រឹក្សានៅស្ថាប័នផ្សេងៗ ហើយបានឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាខេត្តក្រុង។ ពេលបានជាប់ឆ្នោត អ្នកទាំងនោះនៅតែមានតំណែងជាទីប្រឹក្សា ប៉ុន្តែបើតាមការណែនាំ អ្នកទាំងនោះត្រូវជ្រើសរើសយកតែមួយទេ។ លោកថា ការចេញសេចក្ដីណែនាំនេះធ្វើឲ្យមានភាពជ្រះស្រឡះកុំឲ្យមានការជាប់ជំពាក់តំណែងចាស់ និងតំណែងថ្មី។ ចំណុចមួយទៀតគឺថា ក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពជាមួយពលរដ្ឋ ខុសពីទីប្រឹក្សាដែលមានគណនេយ្យភាពជាមួយតែស្ថាប័នណាមួយនោះ។
លោក ស ខេង ក៏បានថ្លែងក្នុងវេទិកាស្តីពីមុខងារនីតិកម្ម និងការងារកែទម្រង់របស់រាជរដ្ឋាភិបាលនៅភ្នំពេញ ម្សិលមិញ ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបាននឹងកំពុងប្រឈម ដោយសារតែមានភាពយឺតយ៉ាវក្នុងការផ្ទេរអំណាចពីក្រសួងទៅអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ។
លោកថា៖ «សព្វថ្ងៃនេះយើងកំពុងតែលើកទឹកចិត្តស្រុក និងក្រុង ជាមួយនឹងការកែសម្រួលរចនាសម្ព័ន្ធនៅថ្នាក់ស្រុក ដោយសារតែពេលណាយើងកែសម្រួលរចនាសម្ព័ន្ធ គឺការផ្ទេរមុខងារ និងធនធាន វាត្រូវទៅជាមួយគ្នាទើបវាមានប្រសិទ្ធភាព។ យើងមានបំណងថាកែរចនាសម្ព័ន្ធនៅថ្នាក់ស្រុក ឬក្រុងផង ភ្ជាប់ជាមួយនឹងការផ្ទេរមុខងារ ដែលគាត់អាចធ្វើបាន។ បើមិនដូច្នេះទេរដ្ឋបាលថ្នាក់ក្រោមជាតិមួយនេះ យើងហាក់ដូចជាទុកចោល ដោយការ ខាតបង់ធនធាន និងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីគ្រាន់តែបម្រើការបើកប្រាក់បៀវត្សរ៍»។
លោកក៏បានជំរុញស្ថាប័នពាក់ព័ន្ធទាំងអស់ពន្លឿនក្នុងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធថ្នាក់ស្រុក និងថ្នាក់ក្រុង ហើយនឹងធ្វើការផ្ទេរអំណាច ផងដែរ ដើម្បីធ្វើឲ្យការផ្តល់សេវាកម្មសាធារណៈនៅថ្នាក់ក្រោមជាតិកាន់តែមានប្រសិទ្ធភាព៕