ភ្នំពេញៈ មន្ដ្រី​ក្រសួង​បរិស្ថាន​បាន​អះអាង​ថា ក្រសួង​កំពុង​ប្រមូល​ព័ត៌មាន​ជុំវិញ​ការ​ចោទ និង​ប្ដឹង​សុំ​ដកតំណែង​លោក ញ៉ែម វិសាល មន្ដ្រី​បរិស្ថាន​ទទួល​បន្ទុក​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់ និង​​មន្ដ្រី​បរិស្ថាន​មួយ​ចំនួន​ពាក់ព័ន្ធ​​នឹង​ការ​ចោទ​ថា បាន​គំរាម​ពលរដ្ឋ និង​បើក​ដៃ​ឲ្យ​ឈ្មួញ​ចូល​ដឹកឈើ​។

រដ្ឋលេខាធិការ​​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ដ្រា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្រសួង​ទទួល​បាន​​ព័ត៌មាន​ពី​រឿង​បណ្ដឹង​នោះ​រួច​​ហើយ ដោយ​ពេល​នេះ​មន្ដ្រី​កំពុង​​ប្រមូល​ព័ត៌មាន​ជុំវិញ​ការ​ចោទ​មន្ដ្រី​បរិស្ថាន​ទាំង​នោះ​។

លោក​បាន​បញ្ជាក់​តាម​តេឡេក្រាម​ថា​៖ «​មន្ត្រី​ក្រសួង​បរិស្ថាន​បាន​និង​កំពុង​ប្រមូល​ព័ត៌មាន​ផ្សេងៗ​ជុំវិញ​ការ​ចោទប្រកាន់​មកលើ​មន្ត្រី​បរិស្ថាន​ហើយ​​នឹង​ធ្វើ​សេចក្តី​សម្រេច​មួយ​»​។

បន្ទាប់ពី​ទទួល​បាន​បណ្ដឹង​ពី​​ពលរដ្ឋ​ ១២៩៤ ​នាក់​ និង​មេឃុំ មេភូមិ រួមទាំង នាយ​ និង​នាយរង​​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ដ​ក្រចេះ​កាលពី​ថ្ងៃទី​ ២៨ ខែ​កញ្ញា​ក្រសួង​បរិស្ថាន​​បាន​បញ្ជូន​មន្ដ្រី​អធិការកិច្ច​ឱ្យ​​ទៅ​សហការ​ជាមួយ​មន្ដ្រី​ខេត្ត​​ដោយ​បាន​កោះហៅ​អាជ្ញាធរ​ពាក់ព័ន្ធ​សួរ​កាលពី​ម្សិលម្ង៉ៃ​។

ឆ្លើយតប​នឹង​ការ​សួរ​ពី​មន្ដ្រី​អធិការកិច្ច មេឃុំ មេភូមិ និង​នាយ​ប៉ុស្ដិ៍​ដែល​តំណាង​ដើមបណ្ដឹង​បាន​ស្នើសុំ​ដក លោក ញ៉ែម វិសាល និង​មន្ដ្រី​បរិស្ថាន​មួយ​ចំនួន​ដោយ​ពួកគាត់​បាន​​ចោទ​មន្ដ្រី​ទាំងនោះ​ថា​បាន​គំរាម​​ធ្វើបាប​ពលរដ្ឋ និង​បើក​ដៃ​ឲ្យ​ឈ្មួញ​ចូល​ដឹកឈើ​យ៉ាង​អនាធិបតេយ្យ​។

លោក សួង ហម មេភូមិ អាចេន ក្នុង​ឃុំ​កំពង់ចាម​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា​លោក​​សប្បាយ​ចិត្ដ​ណាស់​ដែល​ក្រសួង​បាន​ដាក់​មន្ដ្រី​បរិស្ថាន​ចុះ​ការពារ​ព្រៃឈើ ប៉ុន្ដែ​លោក​មិន​យល់​ស្រប​ចំពោះ​មន្ដ្រី​បច្ចុប្បន្ន​​ទេ ព្រោះ​មិន​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​ពលរដ្ឋ​បែរ​ជា​ធ្វើ​បាប​ពលរដ្ឋ​ទៅវិញ​។

លោក​ថា​៖ «​រដ្ឋាភិបាល​បង្កើត​មន្ដ្រី​បរិស្ថាន ការពារ​ធនធាន​ធម្មជាតិ ខ្ញុំ​អរ​ណាស់ គ្រាន់តែ​ថា​មន្ដ្រី​បរិស្ថាន​ទាំងអស់​នៅ​កន្លែង​ខ្ញុំ​នេះ​ធ្វើការ​មិន​ល្អ​សោះ​​តែ​ម្ដង​។ អ៊ីចឹង​ក្នុង​ការ​ប្រជុំ​ជាមួយ​មន្ដ្រី​មកពី​ក្រសួង​ម្សិលមិញ​ [​ថ្ងៃ​ពុធ​] ​ខ្ញុំ​នៅ​តែ​និយាយ​ដូច​​បណ្ដឹង​ និង​សុំ​ឲ្យ​ដូរ​ចេញ​ទាំងមេ​ទាំង​កូន​ (​មន្ដ្រី​បរិស្ថាន​)»​។

បើ​តាម​លោក ហម មាន​ពលរដ្ឋ​ខ្លះ​ពិត​ជា​បាន​រកស៊ី​ឈើ​មែន ដោយ​ដឹក​តាម​ម៉ូតូ ប៉ុន្ដែ​ត្រូវ​បាន​លោក ញ៉ែម វិសាល បង្កើត​កុងត្រូល​ទារ​លុយ​ពី​ពលរដ្ឋ ចាប់ពី​ ៥០ ម៉ឺន​ដល់​រាប់​លាន​រៀល ហើយ​បើ​មិន​មាន​លុយ​ឲ្យ​ទេ មន្ដ្រី​រូប​នោះ​នឹង​បាញ់​គំរាម ហើយ​ចាប់​ដាក់​ខ្នោះ​ថែម​ទៀត​។

លោក អ៊ឹម ពៅ មេភូមិ ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម​ដែរ​នោះ​បាន​ថ្លែង​ថា មន្ដ្រី​បរិស្ថាន​បច្ចុប្បន្ន​មិន​បាន​សហការ​ជាមួយ​ពលរដ្ឋ និង​អាជ្ញាធរ​ដែនដី​ទេ​បែរ​ជា​​ធ្វើ​បាប​ពលរដ្ឋ​ក្នុង​ឃុំ​ទៅវិញ​។

លោក​ថា​៖ «​បើ​មិន​មាន​លុយ​ឲ្យ​ទេ គេ​នឹង​ចាប់​ដាក់​ខ្នោះ និង​ព្រមាន​ថែម​ទៀត​។ ​ខ្ញុំ​គិត​ថា គាត់​​មិនមែន​ដៃគូ​ទេ ព្រោះ​គាត់​មិន​​ដែល​ឲ្យ​អាជ្ញាធរ​ដែនដី​ណា​ម្នាក់​​ជួប​ឡើយ ឲ្យ​តែ​ឮថា ភូមិ-ឃុំ ចូល​ទៅ​និយាយ​រឿង​ពលរដ្ឋ​គឺ​មិន​ដែល​ឲ្យ​ជួប​ទេ​។ សាកសួរ​គាត់​មើល​ថា គាត់​ស្គាល់ មេភូមិ-មេឃុំ​ដែរ​ទេ​? ​គឺ​មិន​ដែល​ទេ​»​។

លោក ឈិត ណន មេឃុំ​កំពង់ចាម​បាន​ប្រាប់​ដែរ​ថា មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ​ចំនួន​ ៧ ​ភូមិ និង​នាយ នាយរង​ប៉ុស្ដិ៍​រដ្ឋបាល​ទាំងអស់​ដែល​បាន​ទៅ​ប្រជុំ​នៅ​សាលា​ខេត្ដ​ក្រចេះ​ត្រូវ​បាន​មន្ដ្រី​ក្រសួង​ហៅ​ចូល​សួរ​ម្ដង​ ១ ​ក្រុមៗ​។

លោក​ថា​៖ «​ខ្ញុំ​ឆ្លើយ​តាម​បណ្ដឹង​ដែល​ដាក់​ទៅ​អភិបាលខេត្ដ និង​ករណី​មន្ដ្រី​បរិស្ថាន​ធ្វើ​បាប​ពលរដ្ឋ​កន្លង​មក​។ បើ​គេ​ (​មន្ដ្រី​ពី​ក្រសួង​) ​សួរ​ទៅ​មេភូមិ​នឹង​ដឹង​រឿង​កាន់តែ​ច្រើន​ថែម​ទៀត ព្រោះ​ពួកគាត់​នៅ​ជាមួយ​ប្រជាពលរដ្ឋ​ផ្ទាល់ គេ​ធ្វើ​បាប​ពលរដ្ឋ​យ៉ាង​ម៉េច​ក៏​គាត់​ដឹង​ដែរ​»​។

លោក វ៉ា ថន អភិបាលខេត្ដ​ក្រចេះ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​លោក​នៅ​តែ​បន្ដ​ចាត់​ក្រុម​ការងារ​ឲ្យ​ចុះ​ស្រាវជ្រាវ​លើ​បណ្ដឹង​នេះ​បន្ថែម​ទៀត​។

លោក​ថា​៖ «​សមត្ថកិច្ច និង​ពលរដ្ឋ​ (​ឃុំ​កំពង់ចាម​) ​ក៏​មាន​ខ្វះ​ចន្លោះ​ដែរ​។ បើ​មិន​ទទួល​យក​ប្រធាន​បរិស្ថាន​នៅ​ទី​នោះ យើង​ប្ដូរ​បាន​តើ កុំ​បាច់​ទៅ​គគ្រឹក​គគ្រេង​អ៊ីចឹង​។ មាន​ការអី វេទិកា​គេ​ចុះ​ទៅ​ធ្វើ​រាល់​តែ​ខែ ម៉េច​មិន​និយាយ​។ រឿង​នេះ​ជា​រឿង​ផលប្រយោជន៍​»​។

លោក ញ៉ែម វិសាល ដែល​រង​ការចោទប្រកាន់​មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​៕