ភ្នំពេញ: ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ដាក់​ប្រាសាទ​កោះកេរ​ទៅក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ តែ​អាច​ប្រឈម​ការ​លំបាក​ ខណៈ​ត្រូវការ​ពេល​រហូត​ ៤ ​ឆ្នាំ​ដើម្បី​ស្រាវជ្រាវ​រកភ័ស្ដុតាង​បន្ថែម​បើ​ទោះ​ជា​កម្ពុជា​​បាន​​​បង្ហាញ​ឈ្មោះ​​ប្រាសាទ​នេះ​ទៅ​អង្គការ UNESCO តាំងពី​ឆ្នាំ ១៩៩២ មក​ហើយ​ក្ដី​។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​បញ្ជាក់​ពី​ម្សិលមិញ​ថា ប្រាសាទ​កោះកេរ ជា​ប្រាសាទ​បុរាណ​ខ្មែរ​ដ៏អស្ចារ្យ​មួយ​ដែល​អ្នក​ជំនាញ​កំពុង​រៀបចំ​ឯកសារ​ស្នើសុំ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក បន្ទាប់ពី​ប្រាសាទ​សំបូរ​ព្រៃគុក​ត្រូវ​បាន​ទទួល​ស្គាល់​កាលពី​ឆ្នាំ​មុន​។

លោកស្រី​បន្ត​ថា​ការ​រៀបចំ​ឯកសារ​នេះ​កម្ពុជា​អាច​​ប្រឈម​នឹង​ការ​លំបាក​ច្រើន​ដោយសារ​លក្ខខណ្ឌ​អង្គការ UNESCO តឹងតែង និង​ទាមទារ​ពេល​ ៤ ឆ្នាំ​។

លោកស្រី​បន្ដ​ថា៖ ​«ក្រុម​ការងារ​ខ្ញុំ​កំពុង​ចាប់ផ្ដើម​ដើរ​ទៅ​មុខ​បណ្ដើរៗ​ហើយ​ ការពិត​ការ​ដាក់​ឯកសារ​នេះ​វា​មិន​ស្រួល​ប៉ុន្មាន​ទេ គឺ​យើង​ត្រូវ​ចំណាយ​ពេល​ ៤ ឆ្នាំ​ឯណោះ​គឺ​ទាំង​ចំណាយ​ពេល​បញ្ជូន​ទៅ​ហើយ​ស្រាវជ្រាវ​ និង​​ ពិនិត្យ​លើ​ឯកសារ​ពី​ភាសា​បារាំង​មក​វិញ​។ ក្នុង​នោះ​មាន​ប្រទេស​ជាច្រើន​ក៏​បាន​ស្នើសុំ​ច្រើន​ជាង​មុន​ និង​បាន​ដាក់​លក្ខខណ្ឌ​តឹងរ៉ឹង​ជាង​មុន​ដែរ»​។

ប្រាសាទ​កោះកេរ​ស្ថិត​ក្នុង​ភូមិ​ស្រយង់​ខាង​ជើង​ ឃុំ​ស្រយង់ ស្រុក​គូលែន​ ខេត្ត​ព្រះវិហារ​ចម្ងាយ​ប្រមាណ​ ១២០ ​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​សៀមរាប​ និង​ប្រមាណ​ ៦០ ​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ព្រះវិហារ​ ហើយ​បើ​គិត​ពី​ភ្នំពេញ​ទៅ​មាន​ចម្ងាយ​ ៤៦០ ​គីឡូម៉ែត្រ​។

ប្រាសាទ​នេះ​មាន​ ៧ ​ជាន់​កម្ពស់​ ៣៥ ​ម៉ែត្រ​គឺជា​អតីត​រាជធានី​របស់​អាណាចក្រ​ខ្មែរ​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៤ (៩២៨-៩៤២) គឺ​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះឥសូរ​តាម​បែប​ព្រហ្មញ្ញសាសនា។ ប្រាសាទ​នេះ​ពី​មុន​មាន​ឈ្មោះ​ថា ឆកគគីរ​មាន​ផ្ទៃដី​ប្រមាណ​ ២៥៦ គីឡូម៉ែត្រ​ការ៉េ​ដោយ​មាន​ប្រាសាទ​ចំនួន​ ៩៨ សង់​ដាច់​ពី​គ្នា ពី​ ៣ ​ឬ​ ៤ ​គីឡូម៉ែត្រ​ក្នុង​តំបន់​នោះ។

លោក​ ប្រាក់ សុវណ្ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ថ្លែង​ថា​កាលពី​ឆ្នាំ ១៩៩២ កម្ពុជា​បាន​ដាក់​បញ្ចូល​ឈ្មោះ​ ប្រាសាទ និង​រមណីយដ្ឋាន​ចំនួន ៨ ចូល​ក្នុង​បញ្ជី​ត្រៀម​របស់​ UNESCO ប៉ុន្ដែ​មិន​ទាន់​បញ្ចូល​ឯកសារ​លម្អិត​ទេ​​។

លោក​បន្ត​ថា​ក្រោយ​ពី​មាន​ឈ្មោះ​​ក្នុង​បញ្ជី​ត្រៀម​រួច​ហើយ​ ប្រសិន​គេ​ចង់​បញ្ចូល​ប្រាសាទ​ណា​មួយ​នោះ​គឺ​គេ​ត្រូវ​រក​ភ័ស្ដុតាង​ និង​ឯកសារ​បន្ថែម​ដើម្បី​ទទួល​បាន​សិទ្ធិ​ពេញលេញ​ចុះ​បញ្ជី​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

លោក​បញ្ជាក់​ថា​៖ «យើង​មាន​ឈ្មោះ​តែ​ក្នុង​បញ្ជី​ត្រៀម​របស់​ UNESCO​ ទេ ប៉ុន្ដែ​មិន​ទាន់​បាន​ដាក់​ឯកសារ​ពេញលេញ​ឲ្យ​គេ​ទេ។ អ៊ីចឹង​បាន​ជា​យើង​ត្រូវ​រៀបចំ​ឯកសារ​ច្បាស់លាស់​ឲ្យ​គេ​ទទួល​ស្គាល់​របស់​យើង»។

លោក សុវណ្ណារ៉ា បន្ថែម​ថា​ឈ្មោះ​ប្រាសាទ និង​រមណីយដ្ឋាន​ចំនួន ៨ រួម​មាន៖ ប្រាសាទ​បន្ទាយ​ឆ្មារ​ បន្ទាយ​ព្រៃនគរ បឹងមាលា ប្រាសាទ​ព្រះខ័ន​កំពង់ស្វាយ ប្រាសាទ​កោះកេរ ប្រាសាទ​ភ្នំដា ប្រាសាទ​ភ្នំ​ឧដុង្គ និង​ប្រាសាទ​ភ្នំ​គូលែន​ផង​ដែរ។ ប្រាសាទ​ទាំង​នេះ​មិន​ទាន់​មាន​ឯកសារ​គ្រប់គ្រាន់​ទេ​មាន​ត្រឹម​តែ​បញ្ជី​រាយនាម​នៅក្នុង​អង្គការ​ UNESCO។

បច្ចុប្បន្ន​កម្ពុជា​មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំងអស់​ ៧ ក្នុង​នោះ​ចែក​ជា​សម្បត្តិ​វប្បធម៌​រូបី ៣ និង​សម្បត្តិ​វប្បធម៌​អរូបី​ ៤។

ទី ១ តំបន់​អង្គរវត្ត (សម្បត្តិ​វប្បធម៌​រូបី)៖ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ ១៤ ធ្នូ ឆ្នាំ ១៩៩២។

ទី ២- របាំ​ព្រះរាជទ្រព្យ (អរូបី)៖ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​ ៧ ខែ​វិច្ឆិកា ឆ្នាំ​ ២០០៣​។

ទី ៣-ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែក​ធំ (អរូបី)៖ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃទី​ ២៥ ខែ​វិច្ឆិកា ឆ្នាំ​ ២០០៥​។

ទី ៤-ប្រាសាទ​ព្រះវិហារ​ (រូបី)៖ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ទី ៧ ខែ​កក្កដា​ឆ្នាំ​ ២០០៩។

ទី ៥ -ល្បែង​ទាញ​ព្រ័ត្រ (អរូបី)៖ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ទី​ ២ ខែ​ធ្នូ ឆ្នាំ ២០១៥​ តែ​កម្ពុជា​ជា​សមាជិក​មួយ​ក្នុង​ចំណោម​ ៤ ​ប្រទេស​ដែល​មាន​ល្បែង​ស្រដៀង​គ្នា​នេះ​រួម​មាន កូរ៉េ​ខាង​ត្បូង​ វៀតណាម និង​ហ្វីលីពីន​ផង​ដែរ​។

ទី ៦- ចាប៉ី​ដងវែង​ (អរូបី)៖ ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ទី​ ៣០ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៦។​ ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ ១ ​នេះ​ស្ថិត​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​ដែល​ត្រូវការ​សង្គ្រោះ​បន្ទាន់​។

ទី ៧-ប្រាសាទ​សំបូរ​ព្រៃគុក (រូបី) ​៖ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ទី​ ៨ កក្កដា ឆ្នាំ ២០១៧។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​ ៤១ ​នៅ​ទីក្រុង Krakow ប្រទេស​ប៉ូឡូញ​៕