ភ្នំពេញៈ ក្រសួងការបរទេសកម្ពុជា បានរិះគន់ និងក្រើនរំឭកចំពោះស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជាឲ្យបញ្ឈប់សកម្មភាព «ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា» ចំពោះអ្វីដែលស្ថានទូតប្រទេសមហាអំណាចមួយនេះបានធ្វើអត្ថាធិប្យាយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា «លោក កឹម សុខា ជាមនុស្សស្អាតស្អំដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌»។
ការក្រើនរំឭក និងការរិះគន់យ៉ាងខ្លាំង របស់ក្រសួងការបរទេសកម្ពុជានេះ ធ្វើឡើង បន្ទាប់ពីស្ថានទូតអាមេរិក បានបង្ហោះសារមួយតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃ ទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៩ ថា៖ «តើអ្នកមានដឹងទេថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងជិត ១៨ ខែមកហើយ? វាមានរយៈពេល ៥៣០ ថ្ងៃនៃការជាប់ឃុំ។ គាត់ជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត។ មិនមានភ័ស្តុតាងណាមួយប្រឆាំងនឹងគាត់ឡើយ ហើយក៏មិនទាន់មានការកំណត់បើកសវនាការកាត់ទោសគាត់ដែរ។ គ្មានភ័ស្តុតាង គ្មានសវនាការកាត់ទោស គ្មានយុត្តិធម៌។.តើអ្នកកំពុងមើលឃើញរូបភាពរួមទេ»។
១ ថ្ងៃក្រោយមកគឺនៅថ្ងៃទី ១៦ ខែកុម្ភៈក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយថា ការបង្ហោះសាររបស់ស្ថានទូតសហរដ្ឋអាមេរិកនេះ មានចេតនា ដើម្បីបំភាន់សាធារណមតិ។ ក្រសួងការបរទេសក៏បានសម្តែងនូវការភ្ញាក់ផ្អើល និងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទង្វើរបស់សហរដ្ឋអាមេរិក ហើយបានចាត់ទុកកាយវិការរបស់ស្ថានទូត អាមេរិកនេះថា មិនមានលក្ខណៈ ការទូតជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងមិនគោរពចំពោះ អធិបតេយ្យភាព របស់កម្ពុជា។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ក្រសួងការបរទេសត្រូវបង្ខំចិត្តក្រើនរំឭកដល់ស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញ អំពីមាត្រា ៤១ នៃអនុសញ្ញាទីក្រុងវីយែនឆ្នាំ ១៩៦១ ស្តីពីទំនាក់ទំនងការទូត ដែលជាពិសេស តម្រូវឱ្យស្ថានទូត សហរដ្ឋអាមេរិក គោរពច្បាប់ និងបទប្បញ្ញត្តិនានា និងមិនត្រូវជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ»។
សេចក្ដីថ្លែងការណ៍បន្តថា ប្រទេស កម្ពុជា តែងតែគោរពអធិបតេយ្យភាព របស់ប្រទេសដទៃ ហើយមិនដែលធ្វើអត្ថាធិប្បាយលើរឿងអាស្រូវគួរឱ្យខ្មាសអៀន របស់មន្ដ្រីជាន់ខ្ពស់ និងអ្នកនយោបាយរបស់ប្រទេសណាមួយឡើយ ហើយបានលើកឡើងថា ទង្វើរបស់ស្ថានទូតអាមេរិកនេះ ផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្ន របស់ប្រទេស ទាំង ២ ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ដែលបម្រើដល់ប្រយោជន៍រួម របស់ប្រទេសនិងប្រជាជនទាំង ២។
សេចក្តីថ្លែងការណ៍ក៏បានទាមទារឱ្យស្ថានទូតប្រទេសមហាអំណាចមួយនេះ បញ្ឈប់ជាបន្ទាន់ នូវសកម្មភាព ដែលមានហេតុផលនយោបាយ និងគ្មានការទូតនេះ។ ក្រសួងការបរទេស សូមបញ្ជាក់ឡើងវិញ ពីការប្តេជ្ញារបស់កម្ពុជាក្នុងការលើកកម្ពស់នីតិរដ្ឋ និងថែរក្សាសន្តិភាពស្ថិរភាព និងសណ្ដាប់ធ្នាប់សាធារណៈដែលប្រជាជនកម្ពុជាកំពុងតែទទួលបាននាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរបង្ហោះនៅលើបណ្តាញតេឡេក្រាមរបស់លោកកាលពីម្សិលមិញដោយឌឺដងទៅនឹងសាររបស់ស្ថានទូតអាមេរិកមាន ៥ ចំណុចថា៖ «១- គេថា កឹម សុខា ជាមនុស្សស្អាតស្អំ ពិតជាស្អាតស្អំមែន ពីព្រោះគាត់មិនដែលបានលួចឆក់ប្លន់ឯណា គាត់គ្រាន់តែធ្លាប់លួចអង្ករកាលពីទសវត្សរ៍ឆ្នាំ ៨០ ទេតើ? ២-ក្រមព្រហ្មទណ្ឌអនុញ្ញាតឲ្យឃុំខ្លួន ១៨ ខែមានទាន់ហួសឯណា អីក៏ភ័យម្ល៉េះ? ៣- ចង់ឲ្យទម្លាក់ចោលការចោទប្រកាន់ម៉េចកើតបើមានភ័ស្តុតាងច្បាស់លាស់ហើយ។ បើមិនជឿសួរសាមីជនទៅ។ ៤-ចង់ឲ្យដោះលែងអ្នកប្រព្រឹត្តល្មើសច្បាប់មានតែបោះបង់ចោលនីតិរដ្ឋហើយយកវប្បធម៌នីទណ្ឌភាពមកប្រើ។ ៥- ធ្វើដល់ទូតអត់យល់ច្បាប់ការទូត?»។
ប៉ុន្តែ លោកស្រី Emily Zeeberg អ្នកនាំពាក្យសា្ថនទូតអាមេរិកប្រចាំនៅកម្ពុជា បានឆ្លើយតបតាមរយៈសារអេឡិចត្រូនិកមកកាន់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាសហរដ្ឋអាមេរិកក្នុងនាមជាសមាជិកហត្ថលេខី នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសដែលមាន ១៨ ប្រទេស សហរដ្ឋអាមេរិកមានការទទួលខុសត្រូវ ត្រួតពិនិត្យថា លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សត្រូវបានគោរព នៅក្នុងប្រទេស កម្ពុជា។
លោកស្រីបន្ថែមថា ប្រទេស កម្ពុជា នឹងមិនអាចមានទំនាក់ទំនងល្អប្រសើរ ជាមួយសហរដ្ឋអាមេរិកបានទេ ដរាបណាបញ្ហាការភ្ជាប់លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិថា បានឃុបឃិតជាមួយអាមេរិក មិនត្រូវបានដោះស្រាយដោយត្រឹមត្រូវនិងដោយគោរពគ្នា។
លោកស្រី Emily Zeeberg បញ្ជាក់ថា៖ «ជួនជាសំណាងមិនល្អ រដ្ឋាភិបាលកម្ពុជាមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការការពារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យស្របតាមសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនោះទេ។ លោក កឹម សុខា ត្រូវបានចោទប្រកាន់ថា បានឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដែលការចោទប្រកាន់នេះ វាមិនសមហេតុសមផល និងមិនត្រឹមត្រូវតែម្ដង។ ដូច្នេះរដ្ឋាភិបាលកម្ពុជា បានទាញពួកយើង ឲ្យទៅជាប់ទាក់ទងដោយផ្ទាល់នៅក្នុងករណី (លោកសុខា) នេះ»។
ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ទោះបីជាអាមេរិក ជាសមាជិកហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសក៏ដោយ តែអាមេរិក គ្រាន់តែជាសាក្សីតែប៉ុណ្ណោះ ហើយ ប្រទេសសមាជិកហត្ថលេខី មានកាតព្វកិច្ចមួយចំនួនដែលជួយកម្ពុជាក្នុងការអភិវឌ្ឍប៉ុន្តែប្រទេសទាំងនោះត្រូវតែគោរពអធិបតេយ្យភាពប្រទេសកម្ពុជា។
លោកថា អាមេរិក គួរតែពិចារណាកែខ្លួនឡើងវិញដោយសារតែប្រទេសមហាអំណាចមួយនេះ បានប្រព្រឹត្តកំហុសដ៏ធំចំពោះប្រទេស កម្ពុជា កាលពីសម័យ លន់ នល់ ហើយមិនគួរព្យាយាមបង្កើតកំហុសទៀតទេ។
លោកបញ្ជាក់ថា៖ «សារៈសំខាន់ស្ថានទូត ត្រូវពិនិត្យមើលឡើងវិញ នូវអ្វីទៅដែលបានសរសេរនៅក្នុងកិច្ចព្រមព្រៀងនោះ ដែលអ្នកទាំងអស់នោះ ត្រូវគោរពអធិបតេយ្យភាពរបស់ខ្មែរ។ ប្រទេសសមាជិកទាំងនោះគ្រាន់តែជាដៃគូទេ ហើយពួកគេ មិនមែនជាតុលាការ គ្មានដែនសមត្ថកិច្ចណា ដែលមកប្រាប់ថា ខ្មែរត្រូវធ្វើអ៊ីចេះ ឬអ៊ីចុះទេ ហើយស្ថានទូតគ្រាន់តែជាការិយាល័យតំណាងសហរដ្ឋអាមេរិក ដើម្បីធ្វើកិច្ចការទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការណ៍»។
ទោះយ៉ាងណា លោក មាស នី អ្នកវិភាគនយោបាយថ្លែងថា ការលើកឡើងរបស់ស្ថានទូត អាមេរិក មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជានោះទេ ដោយសារតែនេះ គឺជាសិទ្ធិរបស់ស្ថានទូតអាមេរិក ដើម្បីបង្ហាញពីមតិរបស់ខ្លួន។
លោកបន្ថែមថា ប្រសិនបើការលើកឡើងរបស់ស្ថានទូតអាមេរិក ពិតជាបានធ្វើការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាមែននោះស្ថានទូតប្រទេស ចិន ក៏បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេស កម្ពុជា ផងដែរ ដោយសារតែកន្លងមកប្រទេសចិន ក៏បានចេញសេចក្តីថ្លែងការណ៍គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានចាប់ខ្លួន លោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិផងដែរ។
លោកបន្តថា៖ «យើងមើលឃើញមានការជ្រៀតជ្រែកទាំងអាមេរិក និងប្រទេសចិន ដោយប្រទេសទាំង ២ មើលឃើញថា ប្រទេស កម្ពុជា មានកត្តាភូមិសាស្ត្រនយោបាយដែលអាចធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភថា ប្រទេសកម្ពុជាអាចនឹងវិលត្រឡប់ទៅរកស្ថានភាពទសវត្សរ៍ឆ្នាំ ១៩៦០»។
យ៉ាងណាក្តី លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានគាំទ្រចំណាត់ការឆ្លើយតបរបស់ក្រសួងការបរទេស កម្ពុជា ចំពោះស្ថានទូតអាមេរិក ដោយលោកលើកឡើងថាស្ថានទូតអាមេរិក បានប្រព្រឹត្តទង្វើខុសឆ្គង ដែលបានព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងនីតិវិធីច្បាប់ ប្រទេស កម្ពុជា ដោយបានរំលោភ អនុសញ្ញាទីក្រុងវីយែនឆ្នាំ ១៩៦១ ស្តីពីទំនាក់ទំនងការទូត ដែលមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ម្ចាស់ផ្ទះ។
លោកបញ្ជាក់ថា៖ «នេះគឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយ ដែលមិនអាចទទួលយកបានសម្រាប់ប្រទេសជាម្ចាស់ផ្ទះពីព្រោះបើតាមអនុសញ្ញាស្តីពីទំនាក់ទំនងការទូត យើងមិនអនុញ្ញាតឲ្យប្រទេសដែលដាក់ទូតចេះតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបានទេ។ សហរដ្ឋអាមេរិកគួរតែស្វែងយល់គោលការណ៍ច្បាប់អន្តរជាតិឡើងវិញ។ មិនគួរប្រើឥទ្ធិពលរបស់ខ្លួននិងកាយវិការដែលធ្វើឲ្យខូចទំនាក់ទំនងរវាងប្រទេសទាំង ២ នោះទេ»។
លោកបន្ថែមថា ការលើកឡើងរបស់ស្ថានទូតអាមេរិក វាហួសពីការបញ្ចេញមតិ ដោយសារតែការលើកឡើងរបស់ស្ថានទូតអាមេរិក បានរំលោភដល់នីតិវិធីច្បាប់របស់ប្រទេសកម្ពុជានិងអធិបតេយ្យភាពរបស់កម្ពុជា ដែលទង្វើនេះ មានចេតនានយោបាយ និងព្យាយាមបង្កភាពអមិត្តជាមួយប្រទេស កម្ពុជា៕