ភ្នំពេញៈ ក្រសួងការបរទេស បានចាត់ទុកការងារឆ្នាំ ២០១៨ គឺជាឆ្នាំដែលកម្ពុជា បាន ធ្វើការតស៊ូយ៉ាងស្វិតស្វាញតបតទៅនឹងការគំរាមកំហែងលើឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួន តាមរយៈការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងការបន្តអនុវត្តបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នេះ បើតាមរបាយការណ៍របស់ក្រសួងការបរទេស ចេញផ្សាយកាលពីម្សិលមិញ។
ឆ្លើយតបនឹងសភាពការណ៍នេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តាមរយៈរបាយការណ៍ បានបញ្ជាក់ថា ខ្លួនបានពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ក្នុងតំបន់ និងអន្តរជាតិ ដើម្បីធានាឲ្យបាននូវការការពារ អធិបតេយ្យភាព ឯករាជភាព បូរណភាពដែនដីនិងការអភិវឌ្ឍប្រទេសជាតិ។
បង្កើនយុទ្ធនាការបកស្រាយបំភ្លឺ តាមរយៈការជួបសន្ទនារវាងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ជាមួយឥស្សរជនបរទេស សហគមន៍ខ្មែរនៅក្រៅប្រទេស និងការចេញផ្សាយជាបន្តបន្ទាប់នូវឯកសារប្រាប់ពីការពិត សេចក្តីថ្លែងការណ៍របស់ក្រសួង និងឯកសារផ្សេងៗទៀត។
ក្រសួងការបរទេស បញ្ជាក់ទៀតថា ខ្លួនធ្វើការចរចាជាមួយប្រទេសជិតខាង ដើម្បីដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការមិនកែប្រែខ្សែព្រំដែន ក្រោយទទួលឯករាជ្យពីអាណានិគម និងដើម្បីប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបតិ្តការ និងការអភិវឌ្ឍ។
ក្រសួងក៏បានជួយអន្តរាគមន៍សង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ប្រជាពលរដ្ឋខ្មែរ ជាពិសេសពលករ ពលការិនីខ្មែរ ដែលរងគ្រោះពីការរំលោភបំពាននៅបរទេសចំនួន ៨ ៤៨៩ នាក់។ ក្រសួងការបរទេស ក៏បានបង្ហាញពីឯកសារប្រាប់ពីការពិត ភាគ ២ ស្តីពី «កម្ពុជា៖ ស្ថិរភាព និងការអភិវឌ្ឍជាអាទិភាព» ក្នុងគោលដៅបញ្ជាក់ពីសោកនាដកម្ម ការបំផ្លិចបំផ្លាញ និងសង្គ្រាមអូសបន្លាយនៅកម្ពុជា ដែលបង្កឡើងដោយការជ្រៀតជ្រែកពីបរទេសក្នុងអតីតកាល និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកសាងជាតិ ក៏ដូចជាទប់ស្កាត់មិនឲ្យប្រវត្តិសាស្ត្រដ៏ឈឺចាប់ដដែលនេះកើតឡើងជាថ្មី។
ឯកសារនេះមានគោលដៅអំពាវនាវផងដែរឲ្យបស្ចិមលោកចៀសវាងការប្រព្រឹត្តកំហុសដូចកន្លងមក ដែលបានធ្វើឲ្យកម្ពុជាធ្លាក់នៅក្នុងភ្នក់ភ្លើងសង្គ្រាម និងរងទុក្ខវេទនាក្រោមសម្ពាធទណ្ឌកម្មដ៏អយុត្តិធម៌រហូតដល់ចុងទសវត្សរ៍ ១៩៨០។
តាមរយៈឯកសារនេះ ក្រសួងការបរទេសគូសបញ្ជាក់ថា ការយកទម្រង់នៃលទ្ធិប្រជាធិបតេយ្យជឿនលឿនមកអនុវត្តទាំងស្រុងក្នុងរដ្ឋអធិបតេយ្យមួយ ដោយមិនបានគិតពីបរិបទដោយឡែក និងភាពជាក់ស្តែងនៃរដ្ឋនោះ មិនត្រឹមតែមិនបានជោគជ័យទេ តែវាថែមទាំងបង្កគ្រោះថ្នាក់ដល់ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសន្តិភាព ដូចដែលកម្ពុជាធ្លាប់ឆ្លងកាត់មកហើយ។
ក្រសួងការបរទេសបញ្ជាក់ក្នុងឯកសារថា៖ «កម្ពុជាបានមើលឃើញពីការបន្តប៉ុនប៉ងជំរុញឥតឈប់ឈរនូវចលនាបដិវត្តន៍ទាមទារការផ្លាស់ប្តូរក្រោមលេស លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស តាមរយៈការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាពីសំណាក់បរទេស ដែលគោលដៅពិត គឺដើម្បីតែសម្រេចបាននូវមហិច្ឆតាពង្រីកភូមិសាស្ត្រនយោបាយរបស់គេ ដោយមិនគិតពីផលប៉ះពាល់ និងការរងគ្រោះរបស់ប្រជាជនកម្ពុជាឡើយ»។
ក្រសួងបរទេសសង្កត់ធ្ងន់ថា៖ «ខណៈដែលប្រជាជនកម្ពុជាកំពុងរីករាយនឹងជីវភាពរស់នៅ ក្នុងសន្តិភាពពេញលេញ និងសម្រេចបានសមិទ្ធផលនិងការរីកចម្រើនយ៉ាងធំធេង រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាដាច់ខាតការពារឯករាជ្យ និងអធិបតេយ្យភាព រក្សាឲ្យបានដាច់ខាតទោះជាក្នុងតម្លៃណាក៏ដោយនូវសន្តិភាព ស្ថិរភាពនិងនិរន្តរភាពនៃការអភិវឌ្ឍដើម្បីឲ្យកម្ពុជាកាន់តែមានវិបុលភាពរឹងមាំខ្លាំងឡើង»។
ចំណុចទាំងអស់ខាងលើនេះ គឺជាការងារធំទី១ ក្នុងចំណោមការងារធំៗទាំង ៥ របស់ក្រសួងការបរទេស ដែលសម្រេចបានក្នុងឆ្នាំ ២០១៨។ ការងារធំៗ ៤ ទៀត ដែលជាផ្លែផ្ការបស់ក្រសួងនោះ រួមមាន ការងារទី២ គឺការអនុវត្តនូវគោលនយោបាយការបរទេសប្រកបដោយភាពបត់បែន វាងវៃ តបទៅនឹងសម្ពាធភូមិសាស្រ្តនយោបាយ។
ការងារទី៣ គឺការអនុវត្តការងារការទូត សេដ្ឋកិច្ច និងវប្បធម៌ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ។ ការងារទី៤ គឺការចូលរួមកាន់តែសកម្មថែមទៀត ដល់បុព្វហេតុសន្តិភាព ស្ថិរភាព និងការប្រយុទ្ធនឹងការប្រឈមនានានៃពិភពលោក និងការងារទី៥ គឺការបន្តការដ្ឋានកំណែទម្រង់ស្ថាប័ននៅក្នុងក្រសួងដើម្បីរៀបចំអង្គអ្នកការទូតប្រកបដោយវិជ្ជាជីវៈ ស្នេហាជាតិ សកម្មនិងមានសមត្ថភាព។
របាយការណ៍បញ្ជាក់ថា ការងារគន្លឹះធំៗទាំង ៥ ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបតិ្តការ អន្តរជាតិ លោក ប្រាក់ សុខុន គឺបានត្រួសត្រាយរៀបចំជាផែនទីបង្ហាញផ្លូវក្នុងការអនុវត្តនៅលើសមរភូមិការទូត ត្រូវបានយកមកអនុវត្តប្រកបដោយស្មារតីច្នៃប្រឌិត ទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលជាទីមោទនៈ។
របាយការណ៍នេះ ក៏បានរំលេចពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសំខាន់ៗ ដែលសម្រេចបាននៅឆ្នាំ ២០១៨ ក្នុងការអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាពបត់បែន វាងវៃ តបទៅនឹងសម្ពាធភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងដ៏តានតឹងរបស់មហាអំណាចនានា ដោយប្រកាន់ខ្ជាប់នូវនយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ សន្តិសហវិជ្ជមាន និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ។
តាមរបាយការណ៍បង្ហាញថា ក្រសួងការបរទេស មានផែនការ និងទិសដៅ អនុវត្តការទូតសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងកម្ពុជា ជាមួយសហគមន៍អន្តរជាតិ សំដៅជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងបង្កើនការចូលរួមរបស់កម្ពុជានៅក្នុងបុព្វហេតុសន្តិភាព និងវិបុលភាពពិភពលោក។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ប្រទេសមហាអំណាចកំពុងមានការប្រកួតប្រជែងគ្នាដែលធ្វើឲ្យមានផលប៉ះពាល់ដល់ប្រទេសតូចៗរួមមានទាំងកម្ពុជាផង។
លោកលើកឡើងជាឧទាហរណ៍ថា អាមេរិកបានព្យាយាមធ្វើឲ្យមានឥទ្ធិពលដល់នយោបាយកម្ពុជាតាមរយៈការចេញសេចក្តីថ្លែងការណ៍រឿងដោះលែងអ្នកនយោបាយ ឬឲ្យកម្ពុជាធ្វើអ្វីមួយ ដោយមានលក្ខខណ្ឌមួយចំនួន។ លោកបន្ថែមថា ការជ្រៀតជ្រែកផ្ទៃក្នុង ១ ទៀតគឺពីសំណាក់សហភាពអឺរ៉ុបតាមរយៈការដាក់លក្ខខណ្ឌដើម្បីជាថ្នូរនឹងការទទួលបានការអនុគ្រោះពន្ធ EBA។
លោកថា៖ «នៅក្នុងនីតិវិធីសិក្សាឈានទៅដល់ការផ្អាក EBA ពីកម្ពុជាមានលក្ខខណ្ឌជាច្រើនដែលលក្ខខណ្ឌទាំងនោះមានលក្ខណៈជ្រៀតជ្រែកឬបំពានលើអធិបតេយ្យនៃរដ្ឋឯករាជ្យមួយដែលមានលក្ខណៈជាការបង្គាប់បញ្ជា ហាក់បីដូចជាគាត់ជាម្ចាស់អាណានិគម ហើយបង្គាប់ឲ្យប្រទេសក្រោមអាណានិគមរបស់ខ្លួនធ្វើនេះធ្វើនោះទៅតាមរបៀបវារៈ ឬគោលដៅនយោបាយរបស់ខ្លួន»។
ប៉ុន្តែលោកមាស នី អ្នកវិភាគពីបញ្ហាសង្គម និងនយោបាយ មិនចាត់ទុកការលើកឡើងរបស់បរទេសពាក់ព័ន្ធនឹងសភាពការណ៍បច្ចុប្បន្នជាការជ្រៀតជ្រែកនោះទេ ដោយសារថា កិច្ចព្រមព្រៀងនោះហើយ ដែលធ្វើឲ្យប្រទេសហត្ថលេខីមានសិទ្ធិនិយាយ ដូច្នេះមិនមែនជាការលូកដៃចូលកិច្ចការផ្ទៃក្នុងទេ។
លោកថ្លែងថា ភាពស្មុគស្មាញសម្រាប់នយោបាយខ្មែរបច្ចុប្បន្នមិនមែនជារឿងពិបាកយល់ទេ។ បើរដ្ឋាភិបាលបានសម្រេចដើរលើផ្លូវប្រជាធិបតេយ្យ ប្រៀបដូចជាកម្ពុជាអូសរទេះចុះភ្នំប៉ុន្តែការសម្រេចចិត្តរបស់រដ្ឋាភិបាលកន្លងទៅរួមមានការរំលាយគណបក្សសង្គ្រោះជាតិនោះធ្វើឲ្យរដ្ឋាភិបាលធ្វើដំណើរលើផ្លូវលំបាកដូចអូសរទេះឡើងភ្នំ។
លោកថ្លែងថា៖ «យើងដឹងហើយថា កម្ពុជាស្ថិតនៅក្នុងលក្ខខណ្ឌមួយដែលបន្តពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ អ៊ីចឹងដំណើរការនៅកម្ពុជាខុសពីប្រទេសដទៃដូចរដ្ឋាភិបាលបានប្រៀបធៀបជាមួយសិង្ហបុរី វៀតណាម ឡាវ។ កម្ពុជាមិនដូចប្រទេសទាំង ៣ ទេដោយសារតែយើងបានចុះហត្ថលេខាហើយទទួលបានសន្តិភាពតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស»៕