ភ្នំពេញៈ ​ក្រសួងបរិស្ថាន​បាន​បញ្ចូន​មន្ត្រី​ ១ ​ក្រុម​ឱ្យ​ចុះ​អង្កេត​ និង​ស្រាវជ្រាវ​លើ​ចំណុច​និយាមកា​ចំនួន​ ២ ​កន្លែង​មាន​ផ្ទៃដី​ជាង​ ១០០ ​ហិកតា​នៅ​ខេត្តកំពង់ស្ពឺ​ពាក់ព័ន្ធ​នឹង​ករណី​លោក ឈុន ឈៀហេង អតីត​នាយករង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់​ចោទប្រកាន់​លោក ជា ហ៊ាន ថា ចាប់​ទន្ទ្រាន​ដីព្រៃ​លក់​កាលពី​ឆ្នាំ​ ២០០៨​។

តាម​លិខិត​បញ្ជា​បេសកកម្ម​ចុះហត្ថលេខា​ដោយ​លោក ព្រំ សុភី អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ពីថ្ងៃ​ទី​ ២ មេសា បាន​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ ៤ ​រូប​ដឹកនាំ​ដោយ​លោក អ៊ា សុខា ប្រធាន​នាយកដ្ឋាន​អធិការកិច្ច និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ចុះ​អង្កេត និង​ស្រាវជ្រាវ​រយៈពេល​ ៥ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ៥ ដល់​ថ្ងៃទី​ ៩ មេសា នៅ​ចំណុច​កើតហេតុ​។

លិខិត​នោះបាន​បញ្ជាក់ថា​ «​សូម​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​អង្គភាព​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ដែនដី សហការ និង​ជួយ​សម្របសម្រួល​បេសកកម្ម​នេះ ឱ្យសម្រេចបាន​ជោគជ័យ​»​។

លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​កាលពី​ម្សិលមិញ​មិន​បាន​បកស្រាយ​អ្វី​ទេ ជុំវិញ​ការចុះ​អង្កេត និង​ស្រាវជ្រាវ​នេះ​ដោយ​គ្រាន់តែ​អះអាងថា ទុក​ភារកិច្ច​នេះ​ឱ្យ​មន្ត្រី​ជំនាញ​ស្រាវជ្រាវ​ជាមុនសិន មុន​នឹង​ឆ្លើយតប​។

លោក​បញ្ជាក់ថា​៖ «​យើងខ្ញុំ​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ និង​ទុក​ជូន​មន្ត្រី​ជំនាញ​បំពេញ​តួនាទី​របស់ខ្លួន​»​។

កាលពី​ឆ្នាំ​ ២០០៨ លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ (ACNCIPO) ​ធ្លាប់​​បាន​ជាប់​ពន្ធនាគារ​ ៣៤ ​ខែ និង​ ១៧ ​ថ្ងៃ បន្ទាប់ពី​លោក ឈុន ឈៀហេង និង​មន្ត្រី​មួយចំនួន​​ទៀត​ប្តឹង​ទៅ​តុលាការ​ថា បាន​ចាប់​ទន្ទ្រាន​ដីព្រៃ​លក់​។ ប៉ុន្តែ​ករណីនេះ​ត្រូវបាន​លោក ជា ហ៊ាន បដិសេធ និង​ស្វែងរក​កិច្ច​អន្តរាគមន៍​ជា​បន្តបន្ទាប់​។

លោក​ ឈុន ឈៀហេង អតីត​នាយករង​ដែនជម្រក​សត្វព្រៃ​​ភ្នំ​ឱរ៉ាល់ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ការិយាល័យ​ផ្សព្វផ្សាយ​នៅ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ មិនអាច​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​ដោយ​លោក​បាន​បដិសេធ​ផ្តល់​បទសម្ភាស​។

លោក ជា ហ៊ាន បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា លោក​បានទទួល​ព័ត៌មាន​ថា ក្រុម​អធិការ​នៃ​ក្រសួងបរិស្ថាន​​បាន​ចុះ​មកដល់​ខេត្ត​កំពង់ស្ពឺ​ហើយ និង​បាន​សួរ​លោក ឈុន ឈៀហេង និង​អ្នកពាក់ព័ន្ធ​ពីថ្ងៃ​ចន្ទ​។ ចំណែក​ការសួរ​រូបលោក មន្ត្រី​បានឱ្យ​ដឹងថា គឺ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​ ៨ ​ខែ​មេសា​មុន​ក្រុមអធិការកិច្ច​ចុះទៅ​ទីតាំង​ដី​ទាំង​ ២ ​កន្លែង​នៅ​ថ្ងៃ​ ៩ មេសា​។

លោក​ថា​៖ «​ខ្ញុំ​សង្ឃឹមថា ក្រុមអធិការកិច្ច​នេះ​នឹង​ស៊ើបអង្កេត​ឱ្យបាន​ច្បាស់លាស់​ដើម្បី​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ឱ្យ​​បាន​ច្បាស់ និង​បកស្រាយ​ឱ្យបាន​ចំ ព្រោះ​និយាមកា មាន​ហើយ​។ អ៊ីចឹង​យើង​អត់​មានអី​ត្រូវ​ពិបាក​កំណត់​អត្តសញ្ញាណ​ជន​ប្រព្រឹត្ត​បទល្មើស​ទេ​...»​។

លោក​ថា​៖ «​ខ្ញុំ​សង្ឃឹមថា រដ្ឋមន្ត្រី​នឹង​ដកហូត​ដី​ទាំង​ ២ ​ទីតាំង​​នេះ ដែល​គេ​ចោទ​ខ្ញុំ​ថា បាន​ចាប់​ទន្ទ្រាន​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ហើយ​ត្រូវ​ដាក់ពិន័យ​មន្ត្រី​រូប​ណា​ដែល​ប្រឌិត​អង្គហេតុ ចោទប្រកាន់​ខ្ញុំ​យក​ទៅ​ដាក់ទោស​តាមផ្លូវ​ច្បាប់​...»​។

ក្រៅពីនេះ លោក ជា ហ៊ាន បាន​អះអាង​ទៀតថា ពេល​ក្រុមអធិការកិច្ច​នៃ​ក្រសួងបរិស្ថាន​បិទ​បញ្ចប់​ការចុះ​អង្កេត លោក​​នឹង​បន្ត​ដាក់សំណើ​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួងយុត្តិធម៌ រួមទាំង​ក្រសួង​មហាផ្ទៃ ដើម្បី​ឱ្យ​ចុះអង្កេត​ទីតាំង​ដី​ជាក់ស្តែង និង​ធ្វើ​អធិការកិច្ច​លើ​ក្រុម​អធិការកិច្ច​នៃ​ក្រសួងបរិស្ថាន​នេះ​។

លោក​បាន​បន្ថែមថា​៖ «​ខ្ញុំ​នៅ​​តែ​បដិសេធ​មកលើ​ការចោទ​ប្រកាន់​មកលើ​ខ្ញុំ ហើយ​បើ​ក្រុមអធិការកិច្ច​រកឃើញ​ថា ទីតាំង​ដី​ដែល​ប្រឌិត​អង្គហេតុ​ដើម្បី​​ចោទ​ខ្ញុំ​នេះ​គឺជា​ដី​របស់ខ្ញុំ​នោះ​ខ្ញុំ​នឹងធ្វើ​លិខិត​​ ១ ​ច្បាប់​ទៅ​ប្រធាន​រដ្ឋសភា​ដើម្បី​អនុម័ត​ច្បាប់​កាត់ទោស​ខ្ញុំ​ប្រហារជីវិត​ជា​សាធារណៈ ហើយ​ទ្រព្យសម្បត្តិ​ខ្ញុំ​ទាំងអស់​ត្រូវ​រឹបអូស​ចូល​រដ្ឋ​»​។

តាម​លោក​ ជា ហ៊ាន ទីតាំង​ដី​​ ២ ​កន្លែង​ដែល​គេ​ចោទ​លោក​ថា លក់​នោះ​គឺ​ ១ ​កន្លែង​មាន​ទំហំ​ប្រមាណ​ ១០០ ​ហិកតា​នៅ​ខាងលិច​ស្ទឹងអូរអញ្ចា ភូមិ​ជាំ ឃុំ​តាសាល​១ និង​ ១ ​កន្លែង​ទៀត​នៅ​ខាងត្បូង​កោះ​ភ្ញៀវ ភូមិ​ច្រក​ទៀក ឃុំ​ត្រពាំង​ជោរ មាន​ទំហំ​ក្បាល​ ៥០ ​ម៉ែត្រ​គុណនឹង​បណ្តោយ​ ១៣០ ​ម៉ែត្រ​៕