ភ្នំពេញៈ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​សម្រេច​ពិន័យ​សិប្បកម្ម​ឡឥដ្ឋ​ឈ្មោះ លាង ស្រ៊ុន និង​បាន​សម្រេច​ប្ដឹង​ម្ចាស់​សិប្បកម្ម​ឡ​ឥដ្ឋ​នេះ​ពី​បទ​ព្រហ្មទណ្ឌ​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​ប្រាស់​ពលកម្ម​កុមារី​ម្នាក់​រហូត​រង​គ្រោះ​ដាច់​ដៃ​ខាង​ស្ដាំ​ដោយ​សារ​ម៉ាស៊ីន​ផលិត​ឥដ្ឋ។ នេះបើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី ១១ មីនា។

ក្រសួង​ការងារ​លើកឡើងថា ក្រុមអធិការកិច្ច​ការ​ងារ​របស់​ក្រសួង មន្ត្រី​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម (ប​សស) និង​មន្ត្រី​មន្ទីរ​ការងារ​ខេត្ត​កណ្ដាល​បាន​ចុះ​អង្កេត​សិប្បកម្ម​ឡឥដ្ឋ​ដែល​មាន​ម្ចាស់​ឈ្មោះ លាង ស្រ៊ុន ស្ថិត​នៅ​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ក្រោយ​មាន​កុមារី​ឈ្មោះ ឆេង ស្រីភ័ក្រ អាយុ ១០ ឆ្នាំ ជា​កូន​របស់​កម្មករ​ឡឥដ្ឋ​បាន​ជួប​គ្រោះ​ថ្នាក់​ដាច់​ដៃ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នេះ​កាល​ពី​ថ្ងៃទី ៩ ខែ ​មីនា។

ក្រោយ​ចុះ​អង្កេត​ផ្ទាល់​ក្រសួងបានសម្រេច​ចាត់​វិធាន​ចំពោះ​សិប្បកម្ម​ផលិត​ឥដ្ឋ​នេះ​តាម​មាត្រា ៣៦៨ នៃ​ច្បាប់​ស្ដីពី​ការងារ​ដែល​ផ្ដន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី ៣០ ទៅ ៦០ ថ្ងៃ​នៃ​ប្រាក់​ឈ្នួល​យោង​ប្រចាំ​ថ្ងៃ​ចំពោះ​និយោជក​ប្រើប្រាស់​ក្មេង​អាយុ​តិច​ជាង ១៨ ឆ្នាំ និង​បាន​កសាង​សំណុំ​រឿង​បណ្ដឹង​ព្រហ្មទណ្ឌ​លើ​ម្ចាស់​សិប្បកម្ម​នេះ​ពី​ករណី​ប្រើប្រាស់​ពលកម្ម​កុមារ និង​ខ្វះ​វិធានការ​ការពារ​សុវត្ថិភាព​កុមារ​មិន​ឱ្យ​ចូល​ជិត​ទៅ​កន្លែង​ខ្សែ​ចង្វាក់​ផលិតកម្ម។

ចំណែក​កុមារី​រងគ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​របប​សន្ដិសុខ​សង្គម​ដូចជា ការ​ព្យាបាល​រហូត​ជាសះ​ស្បើយ​មិន​បង់​ប្រាក់ ទទួល​សេវា​ស្ដារ​នីតិ​សម្បទា​ឡើង​វិញ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការ​បាត់បង់​សមត្ថភាព​អចិន្រៃ្តយ៍ ១ ជីវិត និង​ប្រាក់​ឧបត្ថម្ភ​ក្នុង​អំឡុង​ពេល​ព្យាបាល​របួស។

លោក ធុល នាង ប្រធានមន្ទីរ​ការងារ​ខេត្តកណ្ដាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​បន្ថែម​ថា កន្លង​មក ការ​ចុះ​ទៅ​អប់រំ និង​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្ដីពី​ការ​ហាម​ឃាត់​មិន​ឱ្យ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​នៅ​តាម​គ្រប់​ឡឥដ្ឋ​ទាំង​អស់​ចំនួន ៦៨ ក្នុង​ខេត្ត​កណ្ដាល​គឺ​ពុំ​ធ្លាប់​ឃើញ​មាន​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​ទេ។

ប៉ុន្តែ​លោក​ថា ដោយសារ​សិប្បកម្ម​ឡឥដ្ឋ​មួយ​នេះ ផ្ដល់​កន្លែង​រស់នៅ​ជា​លក្ខណៈ​គ្រួសារ​សម្រាប់​កម្មករ ទើប​ធ្វើឱ្យ​កុមារី ឆេង សុភ័ក្រ អាច​ចេញ​ទៅ​ជួយ​ការងារ​ឪពុក​ម្ដាយ​និង​បាន​ជួប​គ្រោះ​ថ្នាក់​បែប​នេះ។

លោក​ថា៖ «ឥឡូវ​ក្រសួង បានចេញ​សេចក្ដីជូនដំណឹង​ហើយ ហើយ​យើង​នឹង​ចាត់​ចែង​តាម​នីតិវិធី។​ការ​ប្ដឹង​ដោយសារ​យើង​ផ្អែក​ទៅ​តាម​ច្បាប់​ពី​ការងារ ដែល​យើង​រក​ឃើញ​ថា ឡឥដ្ឋ​ហ្នឹង មាន​ក្មេង​កំពុង​ធ្វើ​ការងារ​នៅ​អាយុ​ចន្លោះ​ហាម​ឃាត់»។

ចំណែក​លោក ប៉េង លាង អ្នកគ្រប់គ្រង​សិប្បកម្ម​ឡឥដ្ឋ លាង ស្រ៊ុន បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ដែរ​ថា លោក​មិន​ដែល​អនុញ្ញាត​ឱ្យ​កុមារ​អាយុ​ក្រោម ១៥ ឆ្នាំ​ចូល​ធ្វើការ​ក្នុង​ឡឥដ្ឋ​ឬ​មក​ជិត​ម៉ាស៊ីន​កិន​ដី​ផលិត​ឥដ្ឋ​ជាមួយ​ឪពុក​ម្ដាយ​ពួកគេ​ឡើយ។ ផ្ទុយ​ទៅ​វិញ មាន​តែ​ឪពុក​ម្ដាយ​ទេ​ដែល​តែង​លួច​ប្រើប្រាស់​ពលកម្ម​កូនៗ​របស់​ខ្លួន​ក្នុង​ការ​ឱ្យជួយ​លើក​ឥដ្ឋ​ដាក់​រទេះ ឬ​ជួយ​អូស​រទេះ​ដឹក​ឥដ្ឋ​ទៅ​ហាល​ថ្ងៃ។

លោក​ថា៖ «ជាទូទៅ​នៅពេលខ្ញុំ​មិន​នៅ​ពួកគេ​តែងតែ​លួច​ប្រើកូនៗ​ពួកគេ​ឱ្យ​ជួយ​ការងារ​ដោយ​មិន​គិត​ពី​គ្រោះ​ថ្នាក់​ដល់​កូនៗ​ឡើយ ដោយ​ពួកគេ​ឆ្លើយ​ដោះសា​ថា ត្រូវ​ការ​រក​លុយ​ឱ្យបាន​ច្រើន​ដើម្បី​ដោះ​បំណុល​ឱ្យ​បាន​ឆាប់។ ខ្ញុំ​មាន​ការ​សោក​ស្ដាយ​និង​អាណិត​អាសូរ​ក្មេង​ស្រី​រង​គ្រោះ​ជា​ខ្លាំង ហើយ​សិប្បកម្ម​ផលិត​ឥដ្ឋ​យើង​នឹង​ជួយ​ផ្គត់ផ្គង់​ថ្លៃ​ព្យាបាល​នាង​រហូត​ដល់​ជា​សះ​ស្បើយ ព្រោះ​វា​ក៏​ជា​ការ​ទទួល​ខុស​ត្រូវ​មួយ​ផ្នែក​របស់​យើង​ដែរ ដែល​បណ្ដោយ​ឱ្យមាន​ករ​ណី​នេះ​កើត​ឡើង»។

លោក ប៉េង លាង បន្ថែមថា សិប្បកម្ម​ឡឥដ្ឋ​របស់លោក​មាន ៨ គ្រួសារ​កំពុង​រស់​នៅ ក្នុង​នោះ ១៨ នាក់​មាន​អាយុ​លើស ១៨ ឆ្នាំ​ជា​កម្លាំង​ពលកម្ម ចំណែក ១៦ នាក់​ទៀត​មាន​អាយុ​ក្រោម ១៥ ឆ្នាំ​ជា​កុមារ​មិន​ធ្វើការ​ទេ។

ក្រៅពី​ការចាត់វិធានការ​ច្បាប់​ចំពោះ​ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ លាង ស្រ៊ុន ក្រសួង​ការងារ​ក៏​បាន​រំឭក​ដល់​សិប្បកម្ម​ផលិត​ឥដ្ឋ សហ​គ្រាស និង​គ្រឹះស្ថាន​ទាំង​អស់ មិន​ត្រូវ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ឡើយ ហើយ​ចំពោះ​ការ​ប្រើ​ប្រាស់​ពលកម្ម​កុមារ​អាយុ​ក្រោម ១៨ ឆ្នាំ​នៅ​តាម​មណ្ឌល​ហប់ [ខ្វះ​ខ្យល់] ទៅ​ទីទួល និង​កន្លែង​មាន​ប្រើប្រាស់​សារ​ធាតុ​គីមី​ត្រូវ​បាន​ហាម​ឃាត់ រីឯ​ចំពោះ​ទីតាំង​ដែល​ល្មើស​នឹង​ត្រូវ​ក្រសួង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​យ៉ាង​តឹងរ៉ឹង៕

រាយការណ៍​បន្ថែម​ដោយ ឃុ​ត សុភ​ចរិយា