
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងពីការអនុញ្ញាតឲ្យសេវាសុខាភិបាលឯកជនចំនួន ៣ ទីតាំង មានសិទ្ធិទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ១៩។
យោងតាមសេចក្តីជូនដំណឹងនៅយប់ថ្ងៃអង្គារ ទី ០៤ ខែឧសភានេះ បានឱ្យដឹងថា សេវាសុខាភិបាលឯកជនចំនួន ៣ ទីតាំង ដែលក្រសួងអនុញ្ញាតសិទ្ធិក្នុងការពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ១៩ មានមន្ទីរពេទ្យ សង់ត្រាល់ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ និងមន្ទីរពហុព្យាបាលវិសាលសុខ។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា៖ «សេវាសុខាភិបាលឯកជនចំនួន ៣ កន្លែងនេះ ក៏បានទទួលសិទ្ធិធ្វើតេស្ករកអង់ទីហ្សែនកូវីដ ១៩ ផងដែរ»។
មន្ទីរពេទ្យ សង់ត្រាល់ មានអាសយដ្ឋាននៅផ្ទះលេខ ៨២A ផ្លូវលេខ ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ, មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ មានអាសយដ្ឋាន ផ្ទះលេខ ៨៨៨ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមន្ទីរពហុព្យាបាលវិសាលសុខ មានអាសយដ្ឋានផ្ទះលេខ ៨០ ផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ២២ ខែមេសា របស់ក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជនស្របច្បាប់ក្នុងនោះមានមន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព ប្រើប្រាស់ Rapid Antigen Test Covid-19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ បន្ទាប់មកក្រសួងក៏បានប្រកាសកាលពីថ្ងៃទី ២៥ ខែមេសា អនុញ្ញាតឱ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់ អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ១៩ ដោយត្រូវដាក់ពាក្យស្នើសុំមកក្រសួងសុខាភិបាលសិន៕