ភ្នំពេញ: មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នៃ​ក្រសួង​សុខាភិបាល​គ្រោង​រៀបចំ​យុទ្ធនាការ បរិច្ចាគ​ឈាម​ក្រោម​ប្រធានបទ​ «​ផ្ដល់​ឈាម​ផ្ដល់​ក្ដី​ស្រឡាញ់​» ​នៅ​ថ្ងៃទី​ ១៤ ខែ​កុម្ភៈ ឆ្នាំនេះ​ចំ​ថ្ងៃ​ដែល​យុវជន​តែង​ចាត់ទុក​ជា​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ដើម្បី​ទាក់ទាញ​ក្រុមយុវជន​ឲ្យ​បរិច្ចាគ​ឈាម​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ដែល​ស្ថិតនៅ​ខាងត្បូង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​។

លោកស្រី មើក សាមាន អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នៃ​ក្រសួងសុខាភិបាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​តែងតែ​ជ្រើសរើស​យក​ថ្ងៃ​សំខាន់ៗ​ធ្វើ​ជា​យុទ្ធនាការ​។ ក្នុងនោះ​មាន​ថ្ងៃ​ ១៤ កុម្ភៈ ថ្ងៃ​ ១៤ ​មិថុនា​ថ្ងៃ​ទិវា​ផ្ដល់​ឈាម​ពិភពលោក និង​ថ្ងៃ​សំខាន់​មួយចំនួនទៀត ដើម្បី​ផ្សព្វផ្សាយ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការចូលរួម​បរិច្ចាគ​ឈាម​ទាំងអស់គ្នា​។

លោកស្រី​បន្ត​ថា កម្រិត​ការយល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការបរិច្ចាគ​ឈាម​នេះ​សព្វថ្ងៃ​នៅ​ទាប​នៅ​ឡើយ ដោយ​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​បរិច្ចាគ​ឈាមមាន​ចំនួន​ប្រមាណ​ជាង ២២ ​ភាគរយ​ប៉ុណ្ណោះ​ នៃ​ប្រជាជន​កម្ពុជា​ដែល​ក្នុង​ ១ ​ថ្ងៃ​មាន​ចន្លោះ​ពី​ ៤០ ទៅ​ ៦០ ​នាក់​។ រីឯ​តម្រូវការ​ឈាម​ជួយសង្គ្រោះ​ជនរងគ្រោះ​គឺ​ក្នុង​ ១ ​ថ្ងៃ​ចន្លោះ​ពី​ ២០០ ទៅ ២៥០ ​ប្លោក​។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​ ២០១៩ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​បាន​ផ្គត់ផ្គង់​ឈាម​ប្រមាណ​ ៦៩ ៧៩៦ ​ប្លោក ប៉ុន្ដែ​សព្វថ្ងៃនេះ​ឈាម​បាន​ពី​អ្នក​ស្ម័គ្រចិត្ត​បរិច្ចាគ​គឺមាន​ត្រឹមតែ ២៧ ​ភាគរយ​ប៉ុណ្ណោះ​។

លោកស្រី​បញ្ជាក់ថា​៖ «​ការផ្ដល់​ឈាម​វា​លើសពី​ការផ្ដល់​ក្ដីស្រឡាញ់​នៅក្នុង​ថ្ងៃ​ ១៤ កុម្ភៈ ប៉ុន្ដែ​ការផ្ដល់​ក្ដី​ស្រឡាញ់​មួយ​ចំនួន​គឺ​យើង​ផ្ដល់​ត្រឹមតែ​ថា​នឹង​មាត់ទទេ គ្មាន​ការអនុវត្ត​ពិតប្រាកដ តែ​បើ​យើង​បានផ្ដល់​ឈាម គឺ​យើង​បាន​អនុវត្ត​គឺ​ផ្ដល់​ក្ដីស្រឡាញ់​ពិតប្រាកដ​។ ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​មាន​ការចូលរួម​យ៉ាង​សស្រោកសស្រាំ​ថែមទៀត​...»​។

លោកស្រី សាមាន បន្ថែម​ថា​កន្លង​មក​មាន​ពលរដ្ឋ​ខ្លះ​យល់ច្រឡំ​ថា ការបរិច្ចាគ​ឈាម​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព ប៉ុន្ដែ​វា​មិនមែន​ដូច​ការគិត​បែបនេះ​ទេ ព្រោះ​មុនពេល​បរិច្ចាគ​ឈាម​គឺ​គ្រូពេទ្យ​តែង​ពិនិត្យ​សុខភាព​អ្នកស្ម័គ្រចិត្ត​នោះ​យ៉ាង​យកចិត្ត​ទុកដាក់ ហើយ​ប្រសិន​បើ​រកឃើញ​ថា ពួកគាត់​មិនអាច​ផ្ដល់​ឈាម​បាន គ្រូពេទ្យ​នឹងមិន​ទទួល​យក​ឈាម​ពី​គាត់​ទេ ហើយ​ពិគ្រោះ​យោបល់​ជុំវិញ​ស្ថានភាព​ជំងឺ​គាត់​ទៀត​។ រីឯ​អ្នកស្ម័គ្រចិត្ត​ដែល​គ្រូពេទ្យ​រកឃើញថា អាច​បរិច្ចាគ​ឈាម​បាន គ្រូពេទ្យ​នឹង​ទទួល​យក ហើយ​ក៏​ណែនាំ​ពី​ការថែទាំ​សុខភាព​ផងដែរ​។

លោក រ៉ា ណារិទ្ធ យុវជន​ម្នាក់​ដែល​ធ្លាប់​បរិច្ចាគ​ឈាម​ចំនួន​ ២ ​លើក​រួចមកហើយ បាន​ថ្លែង​ថា​ការបរិច្ចាគ​ឈាម​មិន​ប៉ះពាល់​សុខភាព​ទេ ផ្ទុយទៅវិញ​វា​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​។ មុនពេល​បរិច្ចាគ​ឈាម គ្រូពេទ្យ​បាន​ពិនិត្យ​សុខភាព​ថា តើ​ឈាម​អ្នកស្ម័គ្រចិត្ត​នោះ​អាច​ទទួល​យក​បាន​ឬ​អត់​? ប៉ុន្ដែ​បើ​សុខភាព​មិន​ល្អ ក៏​គ្រូពេទ្យ​មិន​តម្រូវ​ឲ្យ​បរិចា្ចគ​ដែរ​។

លោក​បន្តថា ការបរិច្ចាគ​ឈាម​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ជួយ​ជន​រងគ្រោះ​ដែល​ត្រូវការ​ឈាម​បន្ទាន់ ឬ​ជួយ​អ្នក​ដែល​គ្មាន​សាច់ញាតិ​។ ការផ្ដល់​ឈាម​ជា​ការបង្ហាញ​ពី​ក្ដី​ស្រឡាញ់​ក្នុង​សង្គមជាតិ និង​ការចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា​ទៅវិញ​ទៅមក​ក្នុង​គ្រា​មាន​អាសន្ន​។

លោក ណារិទ្ធ បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​ជំរុញ និង​អំពាវនាវ​ទៅ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​មេត្ដា​ចូលរួម​បរិច្ចាគ​ឈាម​ទាំងអស់​គ្នា ដើម្បី​ចែករំលែក​ក្ដី​ស្រឡាញ់​សម្រាប់​មនុស្ស​ជាតិ​។ ឈាម​របស់​អ្នក​ពិតជា​បាន​ដឹកនាំ​ក្ដី​ស្រឡាញ់ និង​សារធាតុ​សំខាន់ៗ​ដូចជា អុកស៊ីហ្ស៊ែន​ជាដើម​ទៅ​ជួយ​ជីវិត​អ្នកជំងឺ​ទាំងឡាយ​ដែល​កំពុង​រង់ចាំ​អ្នក​ជួយសង្គ្រោះ​»​។

រីឯ​យុវជន​ម្នាក់ទៀត​ឈ្មោះ ចាន់ រស្មី អាយុ ២៥ ​ឆ្នាំ​បាន​ឲ្យ​ដឹងថា លោក​ក៏​ធ្លាប់​បរិច្ចាគ​ឈាម​ម្ដង​ដែរ ដើម្បី​ចូលរួមចំណែក​តូច​មួយ​ជួយ​ដល់​សង្គមជាតិ​។ ការបរិច្ចាគ​ឈាម គឺ​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​ជួយ​ដល់​ជនរងគ្រោះ​ដែល​កំពុង​ត្រូវការ​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​គាត់​។

លោក​បញ្ជាក់ថា​៖ «​ដំបូង​ឡើយ ខ្ញុំ​បារម្ភ​ថា​ពេល​បរិច្ចាគ​ឈាម​ហើយ​គឺ​ធ្វើឲ្យ​ប៉ះពាល់​សុខភាព ហើយ​ខ្ញុំ​ក៏​មិនទាន់​ហ៊ាន​ដែរ​ទេ តែ​ដល់ពេល​សម្រេច​ចិត្តច្រើន​លើក​ទើប​ហ៊ាន ហើយ​ក៏​ឃើញ​មិត្តភក្ដិ​គាត់​បរិច្ចាគ​ច្រើន​នាក់​ដែរ​។ ពេល​បរិច្ចាគ​រួច អត់​មាន​បញ្ហា​អ្វី​ទេ​គឺ​យើង​ស្ដាប់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ពី​ការថែទាំ​សុខភាព​»៕