ភ្នំពេញៈ មន្ត្រីក្រសួងបរិស្ថានបានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងលក់វត្ថុអនុស្សាវរីយ៍ធ្វើពីកុយរមាស និងភ្លុកដំរីដោយចាត់ទុកសកម្មភាពនេះថា ខុសច្បាប់ ស្របពេលដែលក្រសួងកំពុងបន្តចេញសេចក្ដីជូនដំណឹងឱ្យបញ្ឈប់ការលក់ដូរនៅតាមរាជធានី និងខេត្តនានា ខណៈមានខេត្តចំនួន ២ ត្រូវបានជូនដំណឹងរួចហើយ។
រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានលើកឡើងថា ការជូនដំណឹងដល់ម្ចាស់ទីតាំងលក់វត្ថុអនុស្សាវរីយ៍ទាំងនេះនឹងធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា ខណៈក្រសួងទើបតែជូនដំណឹងជាជំហានដំបូងទៅដល់ទីតាំងលក់វត្ថុអនុស្សាវរីយ៍បានចំនួន ៣២ កន្លែង នៅខេត្តសៀមរាប និងខេត្តព្រះសីហនុ។
លោក ភក្ដ្រា បានអះអាងថាអាជីវកម្មលក់ចម្លាក់ធ្វើពីកុយរមាស និងភ្លុកដំរី និងពាណិជ្ជកម្មផ្សេងៗទៀតពាក់ព័ន្ធនឹងសត្វព្រៃ គឺជាទង្វើខុសច្បាប់ព្រៃឈើ និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ ការលើកឡើងរបស់លោក នេត្រ ភក្ត្រា នេះ បានចុះផ្សាយដោយទំព័រហ្វេសប៊ុកក្រសួងបរិស្ថាននៅថ្ងៃទី ៣០ ខែ សីហា។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា៖ «ប្រសិនបើម្ចាស់អាជីវកម្មដ្ឋានមានលាក់ទុក ឬលក់វត្ថុអនុស្សាវរីយ៍ធ្វើពីភ្លុកដំរី និងកុយរមាសនេះ សូមប្រគល់ជូនដល់សមត្ថកិច្ចហើយបើប្រសិនសមត្ថកិច្ចរកឃើញ និងចាប់បាននឹងចាត់វិធានការចំពោះជនល្មើសតាមច្បាប់ជាចាំបាច់»។
លោកបានបន្ថែមថា៖ «ការធ្វើពាណិជ្ជកម្មដូចជា ការលក់ នាំចូល និងនាំចេញនូវទំនិញដូចបានបញ្ជាក់ជូនខាងលើ គឺជាបទល្មើសព្រហ្មទណ្ឌ ដោយអ្នកប្រព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្មដូចមានចែងនៅក្នុងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម»។
បើតាមលោក នេត្រ ភក្ត្រា ការចេញវិធានការនេះគឺបន្ទាប់ពីមានការចុះស្រាវជ្រាវកាលពីពេលថ្មីៗរបស់សមត្ថកិច្ចបានរកឃើញថា មានហាងលក់វត្ថុអនុស្សាវរីយ៍មួយចំនួនលក់គ្រឿងចម្លាក់ដែលធ្វើឡើងពីភ្លុកដំរី និងកុយរមាសដែលច្បាប់បានហាមឃាត់។
បុរសលក់វត្ថុអនុស្សាវរីយ៍ម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា វត្ថុធ្វើពីកុយរមាស និងភ្លុកដំរីដែលមានលក់នៅតាមកន្លែងលក់វត្ថុអនុស្សាវរីយ៍មួយចំនួនគឺជាវត្ថុដែលបន្សល់ទុកតាំងពីសម័យបុរាណ មិនមែនជាវត្ថុដែលបង្ក្រាបដោយមន្ត្រីគយកន្លងមកឡើយ។
លោកបន្តថាតាមអ្នកជឿ កុយរមាស និងភ្លុកដំរី ត្រូវបានគេឆ្លាក់ធ្វើជាព្រះ ឬបន្តោងផ្សេងៗពាក់ជាប់ខ្លួនដើម្បីការពារពីគ្រោះថ្នាក់នានា និងដើម្បីលើករាសី ហើយអ្នកខ្លះទៀត គេជឿជាក់ថា កុយរមាស អាចប្រើប្រាស់ជាថ្នាំបន្សាបជាតិពុលក្នុងខ្លួន និងជំងឺមហារីកបាន ខណៈភ្លុកដំរីក៏អាចប្រើប្រាស់ជាថ្នាំត្រជាក់ដែរ តាមរយៈការដុសលាយជាមួយទឹកផឹក។
លោកថា៖ «នៅក្នុងស្រុកព្រៃភ្នំអី គេប្រើភ្លុកដំរី ធ្វើថ្នាំត្រជាក់ និងថ្នាំកែរោគ ហើយគ្រូខ្មែរមួយចំនួនយកឆ្អឹងសត្វ ដូចជា ភ្លុក ខ្នាយ ចង្កូមខ្លា កុយរមាស អីហ្នឹង ដើម្បីយកមកព្យាបាលជំងឺមួយចំនួនដែលគ្រូពេទ្យវិទ្យាសាស្ដ្រព្យាបាលអត់ជា ប៉ុន្តែគ្រូខ្មែរយើងគាត់អាចព្យាបាលជាតាមរយៈអាឆ្អឹងសត្វទាំងអស់ហ្នឹង»។
កាលពីឆ្នាំ ២០១៧ បុរសម្នាក់ជាម្ចាស់ហាងលក់ឱសថបុរាណមួយកន្លែងនៅខេត្តកំពង់ស្ពឺត្រូវបានចាប់ខ្លួន បន្ទាប់ពីសមត្ថកិច្ចចុះបង្ក្រាប និងរកឃើញប្រភេទសត្វព្រៃមួយចំនួននៅទីតាំងលក់ឱសថបុរាណរបស់គាត់ ដូចជា ពង្រូល ទន្សោង អណ្ដើក សំពោច និងសំណាកសត្វមួយចំនួនទៀត រួមមាន ក្បាលប្រើសជាប់ស្នែង ឆ្អឹងក្បាលកេងកង សាច់ និងឆ្អឹងឈ្លូស ក្រចកខ្លាឃ្មុំ ខ្នាយជ្រូកព្រៃ និងចង្កូមឆ្កែព្រៃ ជាដើម។
លោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife) ប្រចាំកម្ពុជាបានគាំទ្រចំពោះការប្រកាសហាមលក់វត្ថុច្នៃពីសត្វព្រៃរបស់ក្រសួងបរិស្ថាននេះ ដោយលោកយល់ថា គឺជាការចូលរួមចំណែករបស់កម្ពុជាជាមួយពិភពលោកដើម្បីបង្ក្រាបការរត់ពន្ធផលិតផលពីសត្វព្រៃ។
លោកថា៖ «កន្លងមក យើងធ្លាប់បង្ក្រាបចាប់បានភ្លុកដំរីមួយចំនួនអីដែរ ហើយបើយើងគ្មានចំណាត់ការ យើងមិនបានរួមដៃក្នុងការកាត់បន្ថយការរត់ពន្ធផលិតផលពីសត្វព្រៃ»។
កាលពីខែ ធ្នូ ឆ្នាំ ២០១៨ កម្ពុជាបង្ក្រាបបានភ្លុកដំរីជាង ១ ពាន់ដុំ ទម្ងន់ជិត ៣ ៥០០ គីឡូក្រាម ពីក្នុងទូកុងតឺន័រនៅកំពង់ផែស្វយ័តភ្នំពេញ។ បើតាមក្រសួងបរិស្ថាន សំណាកភ្លុកដំរី កុយរមាស រាប់ពាន់ដុំ មានទម្ងន់ជាង ៥ តោន ត្រូវបានបង្ក្រាបពីឆ្នាំ ២០១៦ ដល់ ឆ្នាំ ២០១៨ ហើយកុយរមាស ភ្លុកដំរី និងសំណាក់សត្វកម្រៗជាច្រើនទៀត ដែលបង្ក្រាបបាននេះ គឺកំពុងរក្សាទុកនៅកន្លែងមានសុវត្ថិភាពបំផុត ហើយលោក ហ៊ុន សែន ធ្លាប់បានបញ្ជាក់កាលពីឆ្នាំ ២០១៧ ថា សំណាកសត្វដែលបង្ក្រាបទាំងនោះនឹងមិនដុតចោលឡើយ ប៉ុន្តែនឹងទុកសម្រាប់តាំងពិព័រណ៍ និងសម្រាប់ការសិក្សាស្រាវជ្រាវ ជាដើម៕