
ទិដ្ឋភាពស្ពានស្ទឹងត្រង់-ក្រូចឆ្មារ។ ស្ពាននេះត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនដាក់ឱ្យដំណើរការជាបណ្ដោះអាសន្នកាលពីម្សិលមិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ។ រូប ក្រសួងសាធារណការ
កំពង់ចាម-ត្បួងឃ្មុំៈ ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញបានដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននូវស្ពានស្ទឹងត្រង់-ក្រូចឆ្មារដែលឆ្លងកាត់ទន្លេមេគង្គ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ជាពិសេសក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរ។
ក្នុងដំណើរចុះត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ កាលពីម្សិលមិញរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងថា៖ «ពេលយើងចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះនឹងមានការកកស្ទះ (ឆ្លងស្រឡាង) យើងមិនចង់ឱ្យគាត់ប្រើស្រឡាងទៀតទេគឺពលរដ្ឋអាចប្រើស្ពាននេះបានអ៊ីចឹងសម្តេចតេជោ លោកបានឯកភាពថាឱ្យបើកស្ពាននេះធ្វើដំណើរបណ្តោះអាសន្នចាប់ពីថ្ងៃនេះតទៅ»។
លោកឱ្យដឹងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពាននេះនៅពេលវេលាសមស្របណាមួយ។
បើតាមលោក ស៊ុន ចាន់ថុល គម្រោងស្ពាននេះត្រូវបញ្ចប់នៅខែឧសភា ឆ្នាំ ២០២១ ប៉ុន្តែដោយសារក្រុមហ៊ុនពន្លឿនការសាងសង់ក៏បានបញ្ចប់មុនកាលកំណត់ ដែលជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋឆ្លងកាត់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរដែលខិតជិតចូលមកដល់។ ចំពោះស្រឡាងដែលធ្លាប់ចម្លងនៅស្ទឹងត្រង់-ក្រូចឆ្មារនឹងបង្វែរទៅចម្លងនៅខេត្តកំពង់ឆ្នាំង ដែលពុំទាន់មានស្ពានឆ្លងកាត់វិញ។
អភិបាលខេត្តកំពង់ចាមលោក លោក អ៊ុន ចាន់ដា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញថា ស្ពានចម្លងស្ទឹងត្រង់-ក្រូចឆ្មារនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលនឹងជួយជំរុញសេដ្ឋកិច្ចនៅតំបន់ទាំង ២ ជាពិសេសរួមចំណែកកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋ។
លោកថា៖ «ស្ពាននេះគឺជាសមិទ្ធផលថ្មីមួយទៀត គឺជាប្រវត្តិសាស្ត្រសម្រាប់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលជាការផ្សារភ្ជាប់នូវសេដ្ឋកិច្ចក៏ដូចជាគមនាគមន៍ដែលនឹងបង្កនូវលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ»។

ស្ពានឆ្លងទន្លេស្ទឹងត្រង់-ក្រូចឆ្មារដែលទើបបើកឱ្យឆ្លងកាលពីម្សិលមិញ។ រូបថត ក្រសួងសាធារណការ
លោកឱ្យដឹងដែរថា ចំពោះស្រឡាង (២ គ្រឿង) ដែលធ្លាប់ចម្លងប្រចាំថ្ងៃត្រូវបានបញ្ឈប់សកម្មភាពដឹកជញ្ជូនពីពេលនេះផងដែរ នៅពេលដាក់ឱ្យដំណើរការស្ពានបណ្តោះអាសន្ន ខណៈពលរដ្ឋបានងាកមកប្រើប្រាស់ស្ពាននេះ ដោយសារចំណេញពេលវេលា ថវិកា ការដឹកជញ្ជូនកសិផលបានច្រើន និងទាន់ចិត្ត។
ជាមួយគ្នានេះលោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ដើម្បីចូលរួមថែរក្សាស្ពានថ្មីនេះឱ្យមានប្រសិទ្ធភាពប្រើប្រាស់បានយូរ អធិការស្រុកស្ទឹងត្រង់នឹងដាក់កម្លាំងសន្តិសុខនៅទីនោះដើម្បីឃ្លាំមើលរថយន្តដឹកលើសទម្ងន់ ដែលនាំឱ្យប៉ះពាល់ដល់គុណភាពស្ពាន។
លោកបានថែ្លងថា៖ «កម្លាំងសន្តិសុខរបស់ស្រុកនៅទីនោះនឹងពិនិត្យមើលរាល់ការធ្វើដំណើរគ្រប់ប្រភេទយានយន្តទាំងអស់ ហើយបើពិនិត្យឃើញថា មានយានយន្តធុនធ្ងន់ដឹកលើសទម្ងន់ដែលធ្វើឱ្យប៉ះពាល់ដល់ស្ពាននេះ យើងមិនអនុញ្ញាតឱ្យធ្វើការឆ្លងកាត់ស្ពានទេ»។
ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតក្នុងភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ស្ពាននេះមានប្រវែងសរុប ១ ១៣១ ម៉ែត្រ និងទទឹង ១៣,៥០ ម៉ែត្រ ជាប្រភេទស្ពានបេតុងអាមេរិចដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៧ ជាគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនជូនចំពោះភាគីកម្ពុជា ដែលតាមគម្រោងត្រូវចំណាយថវិកាប្រមាណ ៥៦,៩៩៨ លានដុល្លារ៕
វីដេអូ៖