ភ្នំពេញ/រតនៈគិរីៈ ទន្តបណ្ឌិតម្នាក់និងគិលានុបដ្ឋាយិកាម្នាក់ ត្រូវបានសាមីអង្គភាព និងក្រសួងសុខាភិបាល ដាក់ទណ្ឌកម្មផ្នែកវិន័យដោយម្នាក់ត្រូវបានបញ្ឈប់ពីការងារ ជាទន្តបណ្ឌិត រយៈពេល ៦ ខែ ដោយពុំមានប្រាក់ឧបត្ថម្ភសេវា និងម្នាក់ទៀតត្រូវបានដាក់ឲ្យនៅក្នុងភាពទំនេរពីការងាររយៈពេល ១ ឆ្នាំ ដោយគ្មានប្រាក់បៀវត្សរ៍ពាក់ព័ន្ធនឹងការយកលុយក្រៅសេវាពីអ្នកជំងឺ និងប្រើហិង្សាទះកំផ្លៀងអ្នកជំងឺ។
លោកទន្តបណ្ឌិត គ្រុយ ភិរក្ស បម្រើការងារផ្នែកទន្តវទនសាស្ត្រនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ត្រូវបានលោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត សម្រេចដាក់ទណ្ឌកម្មផ្នែកវិន័យ ដោយបញ្ឈប់ពីការងារជាទន្តបណ្ឌិត រយៈពេល ៦ ខែ ដោយពុំមានប្រាក់ឧបត្ថម្ភសេវា បន្ទាប់ពីក្រុមប្រឹក្សាវិន័យ នៃមន្ទីរពេទ្យនេះ បានរកឃើញកំហុសឆ្គងដ៏ធំមួយរបស់គាត់ ពាក់ព័ន្ធទៅនឹងការយកលុយក្រៅសេវាពីអ្នកជំងឺ។ នេះបើយោងលិខិតបង្គាប់ការ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៩ ដែលភ្នំពេញប៉ុស្តិ៍ ទទួលបានកាលពីម្សិលមិញ។
ក្នុងលិខិតបង្គាប់ការនោះ លោក ងី ម៉េង បានចាត់ទុកទង្វើរបស់ទន្តបណ្ឌិត គ្រុយ ភិរក្ស ដែលបានយកលុយក្រៅសេវាពីអ្នកជំងឺ ថា «ជាការអនុវត្តផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរពេទ្យ និងក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផ្តល់សេវាជូនអ្នកជំងឺ»។
ទន្ទឹមនឹងនេះ លោក ម៉េង ក៏បានបង្គាប់ឲ្យទន្តបណ្ឌិត គ្រុយ ភិរក្ស មកបម្រើការងារនៅការិយាល័យរដ្ឋបាលរៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំសេចក្តីសម្រេចជាថ្មី។
ដោយឡែក អ្នកស្រី ណុប យ៉ុម គិលានុបដ្ឋាយិកា [មធ្យម] ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ប្រកាសដាក់ទណ្ឌកម្មផ្នែកវិន័យ ឲ្យស្ថិតនៅភាពទំនេរ គ្មានប្រាក់បៀវត្សរ៍រយៈពេល ១ ឆ្នាំ ដោយចាប់ផ្ដើមអនុវត្តពីថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២០ ដោយសារតែគាត់បានប្រើអំពើហិង្សាទះកំផ្លៀងស្ត្រីអ្នកជំងឺ វ័យចំណាស់ម្នាក់ ដែលជាជនជាតិភាគតិចគ្រឹង។
ក្នុងសេចក្ដីប្រកាសចុះថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៩ និងដែលភ្នំពេញប៉ុស្តិ៍ទើបតែទទួលបាន កាលពីម្សិលមិញ លោក ម៉ម ប៊ុនហេង បានតម្រូវឲ្យអ្នកស្រី ណុប យ៉ុម ត្រូវដាក់ពាក្យសុំចូលបម្រើការងាររបស់ខ្លួនឡើងវិញ ឲ្យបាន ២ ខែមុនពេលផុតកំណត់ នៃរយៈពេលទំនេរគ្មានបៀវត្សរ៍។
លោកគូសបញ្ជាក់ទៀតថា៖ «ក្នុងករណីហួសកាលបរិច្ឆេទនេះ ត្រូវចាត់ទុកជាការបោះបង់ការងារចោល»។
គួរបញ្ជាក់ថា ក្រោយពីបានប្រព្រឹត្តទង្វើអសីលធម៌ដោយទះកំផ្លៀង និងជេរប្រមាថទៅលើស្ត្រីអ្នកជំងឺឈ្មោះ ប៉ះ ពាល អាយុ ៥៦ ឆ្នាំ ជាជនជាតិគ្រឹង កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៩ រួចមក អ្នកគ្រូពេទ្យ ណុប យ៉ុម បានរងការរិះគន់ខ្លាំងៗពីមហាជនទូទៅថាជាគ្រូពេទ្យ «គ្មានសីលធម៌»។
ម្ចាស់ទំព័រហ្វេសប៊ុក «ដើម្បីប្រជាជនកម្ពុជា» បានសរសេររៀបរាប់អំពីព្រឹត្តិហេតុដែលបានកើតឡើង នៅថ្ងៃនោះថា អ្នកស្រី ប៉ះ ពាល គឺជាជនពិការ គថ្លង់ និងមានបញ្ហាងងឹតភ្នែក ដែលចាំបាច់ត្រូវព្យាបាលដោយវះកាត់ភ្នែក។ ប៉ុន្តែ នៅពេលកូនៗរបស់គាត់ នាំគាត់ទៅដល់អគារផ្នែកភ្នែក បានជួបនឹងអ្នកគ្រូពេទ្យ[ណុប យ៉ុម] ដែលមានសម្តីសំដៅគ្មានសីលធម៌ វិជ្ជាជីវៈជាពេទ្យទាល់តែសោះ។
ម្ចាស់ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានពណ៌នាអំពើលក្ខណសម្បត្តិរបស់អ្នកគ្រូពេទ្យ ណុប យ៉ុម ថា៖ «អ្នកគ្រូព្រទ្យគ្មានសីលធម៌ម្នាក់នេះ មាឌល្អិត ស្គម តែថ្លើមធំណាស់ ហ៊ានតិះដៀលប្រមាថមាក់ងាយ [អ្នកជំងឺ] ជាជនជាតិភាគតិចថា ល្ងីល្ងើ ភ្លីភ្លើ និងហ៊ានលើកដៃទះកំផ្លៀងឆ្វេងស្តាំ និងវាយដៃ ចាប់ទាញជើង [អ្នកជំងឺ] ដូចទាញអុស ខណ:កំពុងពិនិត្យអ្នកជំងឺ»។
ប៉ុន្តែក្រោយមកអ្នកគ្រូពេទ្យ ណុប យ៉ុម ក៏បានចេញមុខបកស្រាយថា ខណៈដែលកំពុងពន្យល់ពីនីតិវិធីពិនិត្យជំងឺ អ្នកស្រីបានប្រើកាយវិការដោយយកដៃទៅគោះដៃអ្នកជំងឺឲ្យដាក់ចុះ និងឲ្យអង្គុយដាក់ជើងត្រង់ចុះក្រោម ហើយការយកដៃទៅគោះថ្ពាល់ស្ត្រីជាអ្នកជំងឺនោះ គឺចង់ប្រាប់គាត់កុំឲ្យយកដៃច្រត់ថ្ពាល់ចង្កា និងប្រាប់ឲ្យគាត់មើលទៅផ្ទាំងអក្សរគំរូ។
អ្នកគ្រូពេទ្យ ណុប យ៉ុម ត្រូវបានគេហទំព័រខ្មែរណូត ដកសម្រង់សម្ដីមកបញ្ជាក់ថា៖ «ខ្ញុំដឹងថាកាយវិការរបស់ខ្ញុំបានធ្វើឲ្យអ្នកជំងឺ និងកូនៗរបស់គាត់មិនយល់ ហើយមានការភាន់ច្រឡំ និងភាសាកាយវិការផងនោះ ទើបពួកគេគិតថា ខ្ញុំបានទះកំផ្លៀងស្ត្រីជាអ្នកជំងឺ តែតាមការពិតគឺមិនដូច្នោះទេ»៕