ភ្នំពេញៈ ក្រសួងមហាផ្ទៃ កាលពី​ម្សិលមិញ បាន​ទទួល​លិខិត​ស្នើសុំ​ឲ្យ​ដក​បម្រាម​នយោបាយ​ពី​លោក គង់ គាំ អតីត​ប្រធាន​គណបក្ស សម រង្ស៊ី និង​កូន​ប្រុស​របស់​លោក​គឺ លោក គង់ បូរ៉ា អតីត​តំណាង​រាស្ត្រ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ បន្ទាប់​ពី​ធ្វើការ​ពិនិត្យក្រសួងមហាផ្ទៃ និង​បញ្ជូន​លិខិត​នេះ​បន្តទៅ​លោកនា​យក​រដ្ឋមន្ត្រី ហ៊ុន សែន។

ការដាក់​លិខិត​ស្នើសុំ​នេះ ធ្វើឡើង​បន្ទាប់ពី វិសោធនកម្ម​មាត្រា ៤៥ ថ្មី (ស្ទួន) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ បាន​ចូល​ជា​ធរមាន នៅ​ថ្ងៃទី ២ ខែ​មករា​បន្ទាប់​ពី​ព្រះមហា​ក្សត្រ ព្រះបាទ នរោត្តម សីហមុនី បាន​ឡាយ​ព្រះហស្ត​លេខា លើ​ច្បាប់​នេះ ដែល​ច្បាប់​នេះ ផ្តល់​អំណាច​ដល់​នាយក​រដ្ឋមន្ត្រី ស្នើ​សុំ​ស្តារ​នីតិ​សម្បទា​ឡើង​វិញ សម្រាប់​អ្នក​នយោបាយ ដែល​ត្រូវ​បាន​ហាម​ឃាត់​ពី​សកម្មភាព​នយោបាយ។

នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ក្រសួង មហាផ្ទៃ​បាន​ទទួល​លិខិត​របស់ លោក គង់ គាំ និង​កូន​ប្រុស​របស់​លោក គឺ​លោក គង់ បូរ៉ា រួច​ហើយ កាល​ពី​ម្សិលមិញ ដែល​ស្នើ​សុំ​ឲ្យ​ដក​បម្រាម​នយោបាយ ហើយ​ក្រសួង​មហាផ្ទៃ នឹង​ធ្វើ​ការ​ពិនិត្យ លិខិត​ស្នើ​សុំ​នេះ មុន​នឹង​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី។ លោក បញ្ជាក់​ថា៖ «យើង​ត្រូវការ​ពេលវេលា​ដើម្បី​ពិនិត្យ​មើល»។

លោក គង់ គាំ គឺជា​អ្នកនយោបាយ​ម្នាក់​ដែល​ស្ថិត​ក្នុងចំណោម​អ្នក​នយោបាយ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១៨ រូប​ដែល​ជាប់​បម្រាម​នយោបាយ​តាម​អំណាច​សាល​ដីកា​របស់​តុលាការ​កំពូល​កាល​ពី​ចុង​ឆ្នាំ ២០១៧។

លោក​គង់ គាំ​បាន​ឲ្យ​ដឹងថា កាលពី​ម្សិលមិញ ជំនួយការ​របស់លោក​បាន​យក​លិខិត​ទៅ​ដាក់​នៅ​ក្រសួង​មហាផ្ទៃ។ លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​សរសេរ​ដាក់​គោរព​ជូន​ទៅ សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​សូម​ឲ្យ​គាត់​ធ្វើ​សេចក្តី​ស្នើ​ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី ដើម្បី​ឲ្យ​សម្តេច​នាយក​រដ្ឋមន្ត្រី ទូល​ថ្វាយ​ព្រះមហា​ក្សត្រ ដើម្បី​ឲ្យ​ព្រះអង្គ​ព្រះរាជ​ទាន​ផ្តល់​នីតិសម្បទា​នយោបាយ ដល់​ខ្ញុំ​ឡើង​វិញ»។

លោក​បញ្ជាក់ថា៖ «យើង​ស្នើសុំ​ឲ្យ​រួច​ផុតពី​បម្រាម​ធ្វើ​នយោបាយ​មុន​កំណត់ របស់​សាល​ដីកា​តុលាការ។ ខ្ញុំ​មាន ជំនឿ​ថា​នឹង​បាន​ទទួល​ការ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ដោយសារ​ខ្ញុំ​មិន​បាន​រំលោភ​បំពាន​សាល​ដីកា​តុលាការ​កំពូល​នោះ​ទេ។ ខ្ញុំ​មិន​បាន​ទៅ​ធ្វើ​នយោបាយ ដូច្នេះ​ខ្ញុំ​ប្រាកដ​ជា​នឹង​បាន​ទទួល​នីតិ​សម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ»។

លោក​ក៏បាន​ឲ្យ​ដឹង​ទៀតថា លោក គង់ បូរ៉ា ដែលជា​កូន​ប្រុស​របស់​លោក ក៏បាន​យក​ពាក្យ​ទៅ​ដាក់​នៅ​ក្រសួង​មហាផ្ទៃ​ស្នើសុំ​ឲ្យ​មាន​ការ​ដក​បម្រាម​នយោបាយ​ផង​ដែរ។

លោក​គង់ គាំ រំពឹង​ថា អាច​នឹង​មាន អតីត​តំណាង​រាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត​ដែល​មិន​សប្បាយចិត្ត​ជាមួយ​នឹង​លោក​សម រង្ស៊ី ក៏​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​ដក​បម្រាម​នយោបាយ​ដូច​លោក​ផង​ដែរ។

លោក គង់ បូរ៉ា មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​បានទេ កាល​ពី​ម្សិលមិញ។ លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាង​រាស្ត្រ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក៏​ជា​អ្នក​ជាប់​បម្រាម​នយោបាយ​ម្នាក់​ដែរ​នោះ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ការ​ដាក់​លិខិត​ស្នើសុំ​របស់​លោក គង់ គាំ និង លោក គង់ បូរ៉ា នៅ​មិន​ទាន់​បង្ហាញ​សញ្ញា​វិជ្ជមាន​ធំ​ដំ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​ឡើយ​ទេ ដោយសារ​តែលោក កឹម សុខា មិនទាន់​មាន​សេរីភាព ហើយ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១៨ នាក់​នៅ​ជាប់​បម្រាម​នយោបាយ​នៅ​ឡើយ។

លោក​បញ្ជាក់ថា៖ «ការដាក់​លិខិត​ស្នើសុំ​ជា​បុគ្គល​ឯកជនម្នាក់ៗ​បែប​នេះ គឺជា​ការ​ដាក់​សម្ពាធ ហើយ​ប្រហែល​ជា​មិន​មាន​នរណា​ដាក់​ទេ»។

មាត្រា ៤៥ ថ្មី (ស្ទួន) ចែងថា៖ «បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាម​ឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញ​លេញ ដោយ​ពេញ​ច្បាប់​បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការ​ហាម​ឃាត់ ដែល​កំណត់​ដោយ​សាល​ដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ ត្រូវ​បាន​ផ្តល់ នីតិសម្បទា​ឡើង​វិញ ដោយ​ព្រះមហា​ក្សត្រ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ»។

វិសោធនកម្ម​មាត្រា​នេះ នឹង​អនុញ្ញាតឱ្យ​អ្នកនយោបាយ​អតីត​គណបក្ស​ប្រឆាំង​មួយ​ចំនួន​នៅ​ក្នុង​ចំណោម ១១៨ នាក់​ដែល​ជាប់​បម្រាម​ធ្វើ​សកម្មភាព​នយោបាយ អាច​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ បន្ទាប់​ពី​ជាប់​បម្រាម​ជាង ១ ឆ្នាំ​នៅ​ពេល​គណបក្ស របស់​ពួកគេ​ត្រូវបាន​តុលាការ​រំលាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ហើយ​អតីត​ប្រធាន​អតីត​គណបក្ស​ប្រឆាំង​គឺ​លោក កឹម សុខា ក៏ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ «ក្បត់​ជាតិ»។

លោក មាស នី អ្នកវិភាគ​នយោបាយ​ថ្លែងថា ការដាក់​លិខិត​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​របស់​លោក គង់ គាំ​និង គង់ បូរ៉ា គឺ​មិន​មែន​ជា​រឿង​អ្វី​ចម្លែក​នោះ​ទេ ដោយសារ​តែ​ពួកគេ ស្ថិត​នៅ​ក្រោម​សម្ពាធ​សេដ្ឋកិច្ច​របស់​អ្នក​នយោបាយ និង​ដើម្បី​ការពារ​ផល​ប្រយោជន៍ របស់​ពួកគេ។ លោក​អះអាង​ថា មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត​កំពុង​មាន​ការ​ប្រុង​ប្រយ័ត​ក្នុង​ការ​ដាក់​លិខិត​ស្នើសុំ​ធ្វើ​នយោបាយ​ឡើង​វិញ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ជា​ធម្មតា វា​អាច​មាន​ថែម​ទៀត ប៉ុន្តែ​ចំនួន​ច្រើន​ប៉ុនណា​នោះ ខ្ញុំ​មិន​អាច​ទាន់​ហ៊ាន​ថា​ទេ។ អាច​ជា​មនុស្ស​ដែល​ត្រូវបាន​គេ​ប្រើ​ឲ្យ​ធ្វើការ​ពី​មុន​មក។ យើង​រង់ចាំ​មើល​តទៅ​ទៀត​មើល​ថា តើ​មាន​ប៉ុន្មាន​នាក់​ទៀត»។

លោក​បន្ថែមថា បើ​មាន​មន្ត្រី​អតីត​សង្គ្រោះ​ជាតិ​មួយចំនួន​ដាក់​លិខិត​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ វា​អាច​នឹង​ធ្វើ​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឈម​មុខ​នឹង​ការ​បែក​បាក់។

អ្នកវិភាគ​នយោបាយ​ផ្សេងទៀត ដូចជា លោក អ៊ូ វីរៈ លោក ឡៅ ម៉ុងហៃ និង លោក ឱក សេរី សោ​ភក្តិ៍ បាន​បដិសេធ​ធ្វើ​អធិប្បាយ​ពី​បញ្ហា​នេះ។

ក៏ប៉ុន្តែ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​ដែល​ថា ការ​ដាក់​លិខិត ស្នើសុំ​ឲ្យ​ដក​បម្រាម​នយោបាយ​របស់​លោក គង់ គាំ និង​លោក គង់ បូរ៉ា ធ្វើ​ឡើង​ក្រោម​សម្ពាធ។

លោក​បញ្ជាក់ថា៖ «អ្នកវិភាគ​អគតិ​ខ្លះ បាន​យក​ទឡ្ហីករណ៍​ថា ដោយសារ​ផល​ប្រយោជន៍​រឿង​បុគ្គល​មក​សំអាង​ទើប​បាន​មក​ដាក់​ពាក្យ​សុំ សិទ្ធិ​ធ្វើ​នយោបាយ នៅ​ក្រសួង​មហាផ្ទៃ។ ការ​និយាយ​របស់​អ្នក​វិភាគ​រត់​ចោល​ស្រុក​នេះ គឺ​គ្រាន់​តែ​និយាយ ដើម្បី​បាន​និយាយ​តែ​ប៉ុណ្ណោះ គ្មាន​ខ្លឹមសារ​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ»។

ជាមួយគ្នានេះ លោក​ក៏​បញ្ជាក់ដែរថា អ្នក​ដែល​ត្រូវបាន​ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ មិន​អាច​ធ្វើការ​ស្នើ​សុំ​ជា​កញ្ចប់​បាន​ទេ​ដោយសារ​បុគ្គល​ម្នាក់ៗ​មាន​លក្ខណ​សម្បត្តិ​ដោយ​ឡែក​ពីគ្នា​មាន​អ្នក​ខ្លះ​បាន​គោរព​សាល​ដីកា​ស្ថាពរ និង​បិទ​ផ្លូវ​តវ៉ា​របស់​តុលាការ​កំពូល និង​មាន​អ្នក​ខ្លះ​បាន​ល្មើស​លើ​សាល​ដីកា​តុលាការ​កំពូល៕