ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មទុកឱសានវាទរយៈពេល ២ សប្ដាហ៍គិតចាប់ពីថ្ងៃទី ១ ខែកញ្ញា តទៅ ដល់ក្រុមហ៊ុននាំចូលផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ដើម្បីដោះស្រាយតាមសំណើរបស់មាតាបិតាទារករងគ្រោះដែលបានប្រើប្រាស់ទឹកដោះគោនេះ ខណៈអង្គការអន្តរជាតិចំនួន ៣ បានគាំទ្រចំណាត់ការរបស់ក្រសួង។
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម ថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ក្រសួងនឹងដោះស្រាយករណី ផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ដែលបង្កផលប៉ះពាល់ដល់សុខភាពទារកនេះទៅតាមស្មារតីនៃកិច្ចប្រជុំនាពេលកន្លងមក។
លោកថ្លែងថា៖ «ឥឡូវក្រសួងកំពុងរង់ចាំទទួលឯកសារផ្សេងៗដែលមាតាបិតាទារកកំពុងរៀបចំដាក់មកលើសំណើក្នុងការដោះស្រាយករណីនេះ។ ចំពោះការទាមទារយ៉ាងម៉េចៗរបស់មាតាបិតាទារកនោះយើងមិនទាន់បានទទួលពីមាតាបិតាទារករងគ្រោះនៅឡើយទេ គឺយើងទុករយៈពេល ២ សប្ដាហ៍»។
ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ៣ ខែកញ្ញា បានដាក់ចេញនូវវិធានការចំពោះផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ដោយតម្រូវឲ្យក្រុមហ៊ុន NUTRILATT MASTER LM Co,LTD បញ្ឈប់ជាបន្ទាន់នូវការនាំចូល និងចែកចាយផលិតផលម្សៅទឹកដោះគោនេះ និងប្រមូលត្រឡប់វិញនូវផលិតផលនេះពីទីផ្សារក្នុងប្រទេសកម្ពុជា។
អគ្គនាយកដ្ឋាន ក.ប.ប. កាលពីថ្ងៃទី ២៧ ខែសីហា ក្រោយពីទទួលលទ្ធផលនៃការវិភាគដោយមន្ទីរពិសោធន៍ឯករាជ្យ និងមានការទទួលស្គាល់ជាអន្តរជាតិនៅប្រទេសសិង្ហបុរីបានបង្ហាញថា ជាតិដែក (Iron) ដែលមាននៅក្នុងម្សៅទឹកដោះគោ ម៉ាក Nutrilatt លើលេខ Batch ចំនួន ៦ (B/N: 487, 488, 536, 537, 538, 539) ទាំងនេះមានកម្រិតទាបជាងការប្រកាសរបស់ក្រុមហ៊ុន និងស្តង់ដាកូដិចអន្តរជាតិ។
មូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) អង្គការសុខភាពពិភពលោក (WHO) និង អង្គការ Helen Keller អន្តរជាតិ (HKI) កាលពីថ្ងៃទី ៧ ខែកញ្ញា បានចេញសេចក្ដីថ្លែងការណ៍រួម «គាំទ្រដល់ការពង្រឹងការគ្រប់គ្រងផលិតផលអាហារសម្រាប់ទារក ដើម្បីការពារសុខភាព និងអាហារូបត្ថម្ភរបស់កុមារនៅកម្ពុជា»។
អង្គការទាំង ៣ នេះបញ្ជាក់ថា៖ «យើងសូមកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះចំណាត់ការទាន់ពេលវេលារបស់រាជរដ្ឋាភិបាលក្នុងការបញ្ឈប់ការលក់ដូរផលិតផលជំនួសទឹកដោះម្តាយនៅលើទីផ្សាររបស់ក្រុមហ៊ុនទាំងទ្បាយណា ដែលត្រូវបានរកឃើញថា ពុំបានបំពេញទៅតាមស្តង់ដាអន្តរជាតិ»។ អង្គការទាំងនេះបន្តថា វិធានការនេះនឹងបង្ការមិនឱ្យមានទារក និងកុមាររងគ្រោះបន្តទៀត។ យើងក៏សូមស្នើឱ្យរាជរដ្ឋាភិបាលរៀបចំឲ្យមានការថែទាំ និងការគាំទ្រសមស្របសម្រាប់កុមារ និងគ្រួសារដែលរងគ្រោះផងដែរ»។
អង្គការទាំង ៣ នេះលើកឡើងថាលទ្ធផលនេះគឺជាការក្រើនរំឭកពីសារៈសំខាន់នៃការគ្រប់គ្រងដ៏តឹងរ៉ឹងលើការលក់ផលិតផលជំនួសទឹកដោះម្ដាយ។ ប្រសិនបើកុមារមិនទទួលបាននូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេនោះពួកគេនឹងមិនអាចលូតលាស់បានល្អលើផ្នែករាងកាយ និងស្មារតីទ្បើយ។ អង្គការទាំងនេះក៏ស្នើឲ្យរាជរដ្ឋាភិបាលរៀបចំឲ្យមានការថែទាំ និងការគាំទ្រសមស្របសម្រាប់កុមារ និងគ្រួសារដែលបានរងគ្រោះផងដែរ។
អ្នកស្រី លីវ សំណាង មាតាទារករងគ្រោះម្នាក់ដែលបានប្រើផលិតផលម្សៅទឹកដោះគោនេះថ្លែងថា បច្ចុប្បន្នក្រុមមាតាបិតាទារករងគ្រោះទាំង ១៦ គ្រួសារ កំពុងរៀបចំឯកសារ និងទាមទារសំណងជំងឺចិត្ដផ្សេងៗឲ្យបានរួចរាល់ត្រឹមថ្ងៃទី ១៥ ខែកញ្ញា ដើម្បីដាក់ទៅក្រសួងពិនិត្យ និងឲ្យក្រុមហ៊ុនចូលមកដោះស្រាយ។
អ្នកស្រីថ្លែងថា៖ «ពួកយើងកំពុងស្នើទៅមជ្ឈមណ្ឌលគាំពារមាតា បកស្រាយអំពីផលប៉ះពាល់ចំពោះទារក ក្រោយពីប្រើប្រាស់ផលិតផលម្សៅទឹកដោះគោនេះ ព្រោះវាបណ្ដាលឲ្យមានជំងឺខ្វះជាតិដែក និងជំងឺស្លេកស្លាំងរយៈពេលវែង និងរយៈពេលខ្លី និងបង្កផលប៉ះពាល់សុខភាពការលូតលាស់ និងការអភិវឌ្ឍរបស់ទារក និងកុមារ»។ អ្នកស្រីព្រមានថា ប្រសិនបើក្រុមហ៊ុនមិនយល់ព្រមតាមការទាមទារទេក្រុមមាតាបិតាទារកនឹងបន្តប្ដឹងទៅតាមនីតិវិធីតុលាការទៀត។
លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៃទីស្តីការគណៈរដ្ឋមន្ត្រីបានផ្ញើលិខិត ១ ច្បាប់ជូនលោក ប៉ាន សូរស័ក្តិ កាលពីថ្ងៃទី ៣១ ខែសីហា ដោយបានបង្ហាញការគាំទ្រចំពោះចំណាត់ការដ៏តឹងរ៉ឹងរបស់ក្រសួងពាណិជ្ជកម្មដើម្បីឲ្យក្រុមហ៊ុន NUTRILATT MASTER LM Co,LTD គោរពតាមច្បាប់កម្ពុជា និងស្តង់ដាអន្តរជាតិសំដៅធានាលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅក្នុងប្រទេសកម្ពុជា។
លោកក៏បានស្នើដល់ក្រសួងពាណិជ្ជកម្មត្រូវបន្តត្រួតពិនិត្យ និងវិភាគកម្រិតជាតិដែក និងជាតិស័ង្កសីនៅក្នុង Bacthes ផ្សេងទៀតនៃផលិតផលទឹកដោះគោម្សៅផ្សំតាមរូបមន្តរបស់ក្រុមហ៊ុនម្សៅទឹកដោះគោនានាដែលកំពុងចរាចរលក់ដូរនៅក្នុងប្រទេសកម្ពុជាផងដែរ៕
វីដេអូ៖