ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​របស់​ក្រសួង​ទេសចរណ៍ បាន​សម្រេច​ដាក់បញ្ចូល​ «​វិធាន​សុវត្ថិភាព​ទេសចរណ៍​» ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អនុវត្ត ដើម្បី​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង​ «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» ដែល​នឹងត្រូវ​ប្រកាស​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​ ២០២១​។

តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ទេសចរណ៍​ដែល ​ភ្នំពេញ ប៉ុស្តិ៍​ ទទួលបាន​ពី​ម្សិលមិញ​គឺ​ការដាក់បញ្ចូល​ «​វិធាន​សុវត្ថិភាព​ទេសចរណ៍​» ​សម្រាប់​ការប្រឡង​ប្រណាំង​នេះ ដើម្បី​លើកទឹកចិត្ត​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ (​ថ្នាក់​រាជធានី-ខេត្ត និង​ថ្នាក់ក្រុង-ខណ្ឌ​) ដែល​បាន​ចូលរួម​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​។ សេចក្តី​ជូនដំណឹង​នេះ​ឲ្យ​ដឹងថា គណៈកម្មាធិការ​ជាតិ វាយតម្លៃ​ទីក្រុង​ស្អាត​នៃ​ក្រសួង​ទេសចរណ៍​គ្រោង​នឹង​ប្រកាស​ជយលាភី​នាឱកាស​ទិវា​ជាតិ​ទីក្រុង​ស្អាត​ឆ្នាំ​ ២០២១ ​នេះ​។

លោក​ តុប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​ថ្លែង​ថា ក្នុងដំណាក់កាល​នៃ​ជំងឺ​កូវីដ​១៩ ក្រសួង​ទេសចរណ៍​បាន​ដាក់​ចេញ​នូវ​វិធាន​សុវត្ថិភាព​ទេសចរណ៍ យោង​ទៅ​តាម​សេចក្តី​ណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​ការប្រឡង​ប្រណាំង​ «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​»​។ សម្រាប់​ទីក្រុង ឬ​ខណ្ឌ​ណាមួយ​នៅ​ប្រទេស​កម្ពុជា អនុវត្ត ឬ​ក៏​ធ្វើ​បានល្អ​ចំពោះ​ «​វិធាន​សុវត្ថិភាព​ទេសចរណ៍​» ​នេះ​នឹងត្រូវ​ផ្តល់​ពិន្ទុ​បន្ថែម​ពីលើ​អ្វីដែល​ធ្លាប់មាន​ពីមុនមក​ក្នុង​ការវាយតម្លៃ​ទីក្រុង​ស្អាត​ដើម្បី​ផ្តល់​ពានរង្វាន់​។ ក្រសួង​មាន​ក្រុមការងារ ដើម្បី​ចុះ​ពិនិត្យ​តាមដាន​រាល់​ការអនុវត្ត​របស់​រាជធានី-ក្រុង​ទាំងអស់​ចំពោះ​ «​វិធាន​សុវត្ថិភាព​ទេសចរណ៍​» ​នេះ​។

លោក​ថ្លែងថា​៖ «​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​បាន​សម្រេចយក​សូចនាករ «​វិធាន​សុវត្ថិភាព​ទេសចរណ៍​» ​នេះ​ទៅ​ចូល​នៅក្នុង​ទីក្រុង​សា្អត​ហ្នឹង​។ នៅក្នុង​ទីក្រុង​ស្អាត គេ​មាន​សូចនាករ​របស់គេ​ដូចជា​មាន​ការគ្រប់គ្រង​កាកសំណល់ អនាម័យ បរិស្ថាន​ស្អាត និង​មាន​សន្តិសុខ សណ្តាប់ធ្នាប់ ហើយ​«​វិធាន​សុវត្ថិភាព​ទេសចរណ៍​» ជា​សូចនាករ​មួយផ្នែក​ដែល​គេ​ត្រូវ​ដាក់ពិន្ទុ​នៅក្នុង​ការវាយតម្លៃ​ផងដែរ​»​។

បើតាម​លោក​ តុប សុភ័ក ការប្រឡង​ប្រណាំង​ «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» ត្រូវបាន​គេ​រៀបចំ​ធ្វើ​រៀងរាល់​ ២ ​ឆ្នាំ​ម្តង​។ នៅ​ឆ្នាំ​ ២០២១ ​នេះ​នឹង​ត្រូវ​ប្រកាស​ជយលាភី​នៅ​ថ្ងៃទី​ ២៧-២៨ ខែកុម្ភៈ​។ ប៉ុន្តែ សម្រាប់​ឆ្នាំនេះ​ក្រសួង​មិនទាន់​ដឹងថា ធ្វើ​បាន​កម្រិតណា​នោះទេ ព្រោះ​វា​ស្ថិតក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​១៩ ដោយ​រង់ចាំ​មើល​ស្ថានភាព​ជាក់ស្តែង​។

លោក​ តាំង សុចិត្តគ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រះសីហនុ​ឱ្យដឹងពី​ម្សិលមិញ​ថា មន្ទីរ​បាន​អនុវត្ត​ចំពោះ​លិខិត​បទដ្ឋាន​របស់​ក្រសួង​បាន​យ៉ាង​ខ្ជាប់ខ្ជួន​។ ប៉ុន្តែ​បើទោះបី​គ្មាន​ការប្រឡង​ប្រណាំង​ «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» ​ក៏ដោយ ក៏​ខេត្ត​នៅតែ​បន្ត​អនុវត្តតាម​ការណែនាំ​កាលពីមុន​មករ​បស់​ក្រសួង​ក៏​ដូច​រដ្ឋបាលខេត្ត​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ទីក្រុង​វា​ស្អាត សណ្តាប់ធ្លាប់​ល្អ និង​មិនមាន​ជំងឺ​កូវីដ​ ១៩ ឆ្លង​ចូល​ទៅក្នុង​សហគមន៍​។

លោក​បន្តថា​៖ «​នៅពេល​មានការ​ប្រកាស​ដាក់​ «​វិធាន​សុវត្ថិភាព​ទេសចរណ៍​» ​ចូលទៅក្នុង​ការប្រឡង​ប្រណាំង​ទីក្រុង​ស្អាត​នេះ ខេត្ត​នឹង​ខិតខំ​ប្រឹងប្រែង​កាន់តែខ្លាំង ដើម្បី​ត្រួតពិនិត្យ បង្ការ ការពារ និង​ផ្តល់​ភាពកក់ក្តៅ​ជូន​ភ្ញៀវទេសចរ​»​។

លោក​ សុចិត្តគ្រឹស្នា បន្ថែមថា​៖ «​មិនមែន​គ្រាន់តែ​យើង​អនុវត្ត ដើម្បី​ចូលរួម​ប្រណាំង​នោះ​ទេ គឺ​ដើម្បី​សុវត្ថិភាព សណ្តាប់​ធ្លាប់ អនាម័យ និង​បង្កើន​សេដ្ឋកិច្ចសង្គម​ដល់​ប្រជាពលរដ្ឋ ហើយ​បើ​មាន​ការឆ្លង​ [​ជំងឺ​កូវីដ​ ១៩] ចូលទៅក្នុង​សហគមន៍ វា​នឹង​បង្ក​ហានិភ័យ​កាន់តែខ្លាំង​ថែមទៀត​»​។

លោក​ ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ផែនការ​របស់​ក្រសួងទេសចរណ៍​ដាក់ចូល​ «​វិធាន​សុវត្ថិភាព​ទេសចរណ៍​» ទៅក្នុង​ចលនា​ប្រឡងប្រណាំង​ «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» ​នេះ ដើរស្រប​ទិស​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​រួមជាមួយ​នឹង​ការណែនាំ​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល និង​ការយកចិត្ត​ទុកដាក់​របស់​ក្រសួងសុខាភិបាល​ផងដែរ​។

លោក​ វណ្ឌី បាន​បញ្ជាក់ថា​៖ «​មូលហេតុ​ដែល​ក្រសួង​ទេសចរណ៍​លោក​ដាក់​ «​វិធាន​សុវត្ថិភាព​ទេសចរណ៍​» ​ចូល​គឺ​ដើម្បី​កុំឱ្យ​អាជ្ញាធរ និង​ពលរដ្ឋ​មាន​ការភ្លេចខ្លួន ព្រោះ​វិស័យ​ទេសចរណ៍​នៅក្នុង​ប្រទេស​មិនទាន់​ងើបឡើង​វិញ និង​ជំងឺ​កូវីដ​ ១៩ នេះ ក៏​មិនទាន់​បាត់បង់​ទៅវិញ​ដែរ​»​។

បើតាម​ក្រសួង​ទេសចរណ៍ «​វិធាន​សុវត្ថិភាព​ទេសចរណ៍​» ត្រូវបាន​ដាក់ឱ្យអនុវត្ត​កាលពី​ថ្ងៃទី​ ៥ ខែ មិថុនា ឆ្នាំ​ ២០២០ ដើម្បី​ក្រើនរំឭក​ជាប្រចាំ​ដល់​អាជីវកម្ម​ទេសចរណ៍​ដែល​កំពុងដំណើរការ​ឱ្យ​ចូលរួម​បង្ការ ការពារ រក្សាបាន​ទំនុក​ចិត្ត និង​ផ្តល់​ភាពកក់ក្តៅ​ជូន​ភ្ញៀវទេសចរ ដែល​ធ្វើដំណើរ​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា ប្រកប​ដោយ​បរិយាប័ន្ន និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​។ វិធានការ​នេះ​ទទួល​បាន​ការគាំទ្រ និង​ចូលរួម​អនុវត្ត​បាន​ផុសផុល ដោយ​រដ្ឋបាល​រាជធានី-ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ​គ្រប់​លំដាក់​ថ្នាក់​៕