
អាជ្ញាធរ និងពលរដ្ឋខេត្តព្រះសីហនុធ្វើការសម្អាតឆ្នេរពីខែមុន។ រូបថត ដកពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
ភ្នំពេញៈ ក្រុមការងារចំនួន ៥ ក្រុមដែលទើបត្រូវបានបង្កើតឡើងដោយក្រសួងទេសចរណ៍នឹងត្រូវបញ្ជូនទៅកាន់ខេត្តព្រះសីហនុក្នុងពេលឆាប់ៗនេះជាអ្វីដែលត្រូវបានមន្ត្រីពន្យល់ថា ដើម្បីទៅជួយអាជ្ញាធរខេត្តក្នុងការដោះស្រាយបញ្ហាប្រឈមមួយចំនួន ខណៈដែលមានកំណើនភ្ញៀវទេសចរចិន និងអ្នកវិនិយោគិនជនជាតិចិន នៅខេត្តទេសចរណ៍ដ៏ល្បីល្បាញជាប់មាត់សមុទ្រមួយនេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានថ្លែងកាលពីពេលថ្មីៗនេះថា នៅក្នុងឆ្នាំ ២០១៨ នេះមានជនជាតិចិនប្រមាណ ២១ ម៉ឺននាក់បានមកស្នាក់នៅក្នុងប្រទេសកម្ពុជាក្នុងនោះជាង ៧ ម៉ឺននាក់នៅខេត្តព្រះសីហនុ។
លោក តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងកាលពីម្សិលមិញថា ការបង្កើតក្រុមការងារជំនាញ ដើម្បីជួយពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍នៅខេត្ដព្រះសីហនុ ព្រោះកន្លងមកមានបញ្ហាប្រឈមមួយចំនួនបានកើតមានឡើងជុំវិញបញ្ហាបរិស្ថានអនាម័យ និងសេវាកម្មផ្សេងៗ។
លោកថ្លែងថា៖ «ការបង្កើតក្រុមការងារនេះសំខាន់យើងចង់ទៅពង្រឹងការងារគ្រប់គ្រងនៅក្រុងព្រះសីហនុព្រោះកន្លងមកមានបញ្ហាមួយចំនួនត្រូវដោះស្រាយ ប៉ុន្ដែមិនមែនជាបញ្ហាធ្ងន់ធ្ងរទេ តែជាបញ្ហាដែលយើងត្រូវដោះស្រាយទាំងអស់គ្នា។ អ៊ីចឹងហើយបានខាងក្រសួងទេសចរណ៍ យើងមានក្រុមការងារខាងទេសចរណ៍ ចំណែកក្រសួងផ្សេងៗមានក្រុមការងារផ្សេងដែលចុះទៅអនុវត្ដការងារទៅតាមជំនាញ»។
លោក សុភ័ក បានឲ្យដឹងថាបញ្ហាចម្បង និងសំខាន់ដែលតែងតែកើតមានឡើងនៅខេត្ដព្រះសីហនុគឺតែងតែមានទាក់ទងទៅនឹងរឿងបរិស្ថានអនាម័យ និងការបម្រើសេវាកម្មផ្សេងៗនៅខេត្ដនេះ។
លោកបន្ថែមថា៖ «ក្រុមការងារយើងនេះគឺចុះទៅដើម្បីសហការគ្នាជាមួយអាជ្ញាធរនៅទីនោះក្នុងការជួយដោះស្រាយបញ្ហាគ្នា ហើយការបង្កើតក្រុមការងារនេះក៏ដោយសារតែកំណើននៃទេសចរណ៍ និងវិនិយោគិនចិន។ អ៊ីចឹងទើបយើងត្រូវមានក្រុមការងារនេះដើម្បីសហការជាមួយអាជ្ញាធរដែនដីដើម្បីអញ្ជើញពួកគាត់ (វិនិយោគិន) មកណែនាំ»។
បើតាមលោក សុភ័ក បន្ទាប់ពីក្រសួងបានចេញសេចក្ដីសម្រេចរួចហើយនេះ ក្រុមការងារទាំង ៥ ក្រុមដែលក្រសួងបានចាត់តាំងនោះកំពុងរៀបចំដើម្បីចុះទៅអនុវត្ដផែនការងារនៅខេត្ដព្រះសីហនុក្នុងពេលឆាប់ៗនេះ។
លិខិតបង្កើតក្រុមការងារដែលចុះកាលបរិច្ឆេតកាលពីថ្ងៃទី ២ ខែវិច្ឆិកាបានបង្ហាញថា ក្រសួងបានបង្កើតក្រុមការងារជំនាញទាំង ៥ រួមមាន៖ ១- ក្រុមការងារទាក់ទងទីក្រុងស្អាត, ២- ក្រុមការងារទាក់ទងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍, ៣- ក្រុមការងារទាក់ទង ការគ្រប់គ្រងឆ្នេរស្អាត, ៤- ក្រុមការងារទាក់ទងការបណ្តុះបណ្តាល ធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍និង ៥- ក្រុមការងារទាក់ទងការពិនិត្យកែសម្រួល រចនាសម្ព័ន្ធចាត់តាំងរបស់មន្ទីរទេសចរណ៍ខេត្ត ការិយាល័យទេសចរណ៍ កោះរ៉ុង កោះរ៉ុងសន្លឹមជាដើម។
លោក ស៊ុន សុផាត តំណាងសហគមន៍ដីធ្លីនៅខេត្តព្រះសីហនុ និងជាអ្នកស៊ើបអង្កេតលើករណីទន្ទ្រានដីក្នុងតំបន់អភិរក្សបានស្វាគមន៍ចំពោះការបង្កើតក្រុមការងារដើម្បីចុះមកជួយពង្រឹង និងអភិវឌ្ឍនៅក្នុងខេត្ដព្រះសីហនុនេះ ប៉ុន្ដែលោកបញ្ជាក់ថាក្រសួងគួរឲ្យក្រុមការងារទាំងនោះមានការសហការជាមួយអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋផ្ទាល់នៅក្នុងខេត្ដ។
លោកបានលើកឡើងថា៖ «ការបញ្ជូនក្រុមការងារចុះមកអនុវត្តខ្ញុំមិនសូវសង្ឃឹមថា ទទួលបានជោគជ័យទេ ព្រោះអ្នកមានលុយមានអំណាចគេមានអ្នកការពារចំពោះការអភិវឌ្ឍរបស់គេ អ៊ីចឹងយើងមិនងាយធ្វើអ្វីកើតទេ។ ប៉ុន្ដែបើសិនជាមានការចូលរួមពីសហគមន៍ និងប្រជាពលរដ្ឋនៅក្នុងខេត្ដរួមជាមួយនឹងការប្រឹងប្រែងអនុវត្ដកិច្ចការងាររបស់ពួកគាត់ យើងអាចទទួលបានលទ្ធផលជាង តែបើចុះតែពួកគាត់ (មន្ត្រីក្រសួង) ប្រហែលមិនអាចធ្វើការងារនោះគ្រប់ជ្រុងជ្រោយទេ»។
លោក សុផាត បានបន្ដលើកឡើងថាសង្គមស៊ីវិល និងប្រជាសហគមន៍នៅក្នុងខេត្ដព្រះសីហនុដែលជាម្ចាស់ទឹកដីទើបដឹងរឿងច្បាស់ ហើយប្រសិនជាមានការសហការជាមួយប្រជាពលរដ្ឋ និងសហគមន៍រួមទាំងអង្គការសង្គមស៊ីវិលថែមទៀតទើបអាចអនុវត្ដការងារទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
លោកបានបញ្ជាក់៖ «ដូចជាសំរាមនៅខេត្ដព្រះសីហនុនេះអ៊ីចឹងមិនមានការអន់ថយទេ មានតែការកើនឡើងព្រោះចំនួនភ្ញៀវទេសចរមានការកើនឡើង ហើយការប្រមូលសំរាមមិនបានទៀងទាត់ ហើយផ្លូវនៅខេត្ដព្រះសីហនុនេះខូចអស់សឹងតែគ្រប់កន្លែងទៅហើយ»។
គួរបញ្ជាក់ថា ក្នុងពេលថ្មីៗនេះក្រៅពីក្រសួងទេសចរណ៍មានក្រសួងមហាផ្ទៃ ក៏បានចាត់តាំងក្រុមការងារពិសេសជាបន្ដបន្ទាប់ ដើម្បីចុះទៅជួយពង្រឹងប្រសិទ្ធភាពការងារ និងសុខសុវត្ថិភាពនៅក្នុងខេត្ដព្រះសីហនុនេះផងដែរ៕