ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន កាលពី​ថ្ងៃ​ ៣ មិថុនា បានចេញ​លិខិត​ជម្រាបជូន​អភិបាល​រាជធានី-ខេត្ដ​ទាំងអស់​ឲ្យ​បន្ត​អនុវត្ដ​វិធានការ​ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ KTV ក្លិប​កម្សាន្ត និង​បៀរ​ហ្គាដិន​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បន្ដ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​ ១៩​ តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ខណៈ​ក្រសួង​នេះ​ក៏ត្រូវ​ប្រកាស​ពី​លក្ខខណ្ឌ​មួយចំនួន​​នៅ​ថ្ងៃនេះ​ផង​ដែរ​។

ការចេញ​លិខិត​នេះ​គឺ​បន្ទាប់ពី​ក្រសួង​ទេសចរណ៍​ទទួល​បាន​របាយការណ៍​ថា អាជីវកម្ម​ប្រភេទ​ខាងលើ​នេះ​នៅ​តាម​រាជធានី ខេត្ដ​មួយ​ចំនួន​នៅតែ​បន្តសកម្មភាព​ល្មើស ខណៈ​ដែល​វិធានការ​របស់​រដ្ឋាភិបាល​បាននិង​កំពុង​បន្ដ​អនុវត្ត​នៅ​ឡើយ ។

នៅក្នុង​លិខិត​នោះ​លោក ថោង ខុន បាន​ប្រាប់​ទៅ​អភិបាល​រាជធានី​ខេត្ដ​ថា វិធានការ​​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ទប់ទល់​ការរីក​រាលដាល​នៃ​​ជំងឺ​កូវីដ​ ១៩ ពិសេស​ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ដូច​បាន​រៀបរាប់​ខាងលើ​នៅ​តែ​ត្រូវ​បន្ត​អនុវត្ដ​ឲ្យ​បាន​ម៉ឺងម៉ាត់​ខ្ជាប់ខ្ជួន​ជាប្រចាំ​រហូត​ដល់​មាន​ការជូន​ដំណឹង​ថ្មី​ស្ដីពី​ការបន្ធូរបន្ថយ ឬ​កែសម្រួល​វិធានការ​នៅពេល​ខាងមុខ​។

លោក​រដ្ឋមន្ដ្រី​បាន​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ​មាន​របាយការណ៍​ថា នៅមាន​មូលដ្ឋាន​អាជីវកម្ម​ KTV ក្លិប​កម្សាន្ត​ (​ខារ៉ាអូខេ​​រង្គសាល ឌីស្កូតែក​) និង​បៀរហ្គាឌិន​ខ្លះ​នៅ​តាម​រាជធានី ខេត្ដ​មួយ​ចំនួន​នៅតែ​បន្ត​សកម្មភាព​អាជីវកម្ម​ដោយ​ល្មើស​នឹង​វិធានការ​របស់​រាជរដ្ឋាភិបាល​។

អាស្រ័យ​ហេតុ​នេះ​ខ្ញុំ​សូម​រំឭក​ដល់​ឯកឧត្ដម លោកជំទាវ អភិបាល​នៃ​គណៈអភិបាល​រាជធានី ខេត្ដ​​ត្រូវ​ត្រួតពិនិត្យ និង​អនុវត្ដ​វិធានការ​ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ទាំងនេះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល​»​។

ដោយឡែក​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​ដឹកនាំ​ដោយ​លោក​ ថោង ខុន នៅ​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃទី​ ៣ ខែ​មិថុនា​ដដែល ក្រសួង​នេះ​ក៏បាន​សម្រេច​ចេញ​នូវ​វិធាន​សុវត្ថិភាព និង​ក្រម​ប្រតិបត្តិ​ក្នុង​ដំណាក់កាល​ និង​ក្រោយ​ដំណាក់កាល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩​ ផងដែរ ជាពិសេស​សម្រាប់​អាជីវកម្ម​ទេសចរណ៍​ធំៗ​ ៤​។ ក្នុងនោះ​រួមមាន អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​,​ អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ទេសចរណ៍​,​ អាជីវកម្ម​សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវទឹក-ផ្លូវគោក និង​​អាជីវកម្ម​រមណីយដ្ឋាន​ទេសចរណ៍​សហគមន៍​ទេសចរណ៍​។

ក្រសួង​ទេសចរណ៍​លើកឡើង​ថា ដើម្បី​ចូលរួម​បង្កើន​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល និង​បន្ទាប់ពី​បាន​ពិគ្រោះ​ជាមួយ​ក្រសួង​សុខាភិបាល និង​ផ្នែក​ឯកជន​​រួចមក ក្រសួង​ទេសចរណ៍​បាន​សម្រេច​ដាក់​ចេញ​នូវ​ប្រកាស​ស្ដីពី​ «​វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ និង​ក្រម​ប្រតិបត្តិ​សម្រាប់​អនុវត្ត​ក្នុង​អាជីវកម្ម​ធំៗ​​ទាំង​ ៤ ​នេះ​»​។

បើ​តាម​ក្រសួង​វិធាន​នេះ​មាន​កំណត់​នូវ​លក្ខខណ្ឌ​មួយចំនួន​ដែល​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ត្រូវ​រៀបចំ​បំពេញ​ជា​ចាំបាច់​ដោយ​ខាន​ពុំបាន តែ​ក្រសួង​​ពុំទាន់​បាន​លម្អិត​ថា លក្ខខណ្ឌ​នោះ​មាន​អ្វីខ្លះ​ទេ​។ ក៏ប៉ុន្តែ​ក្រសួង​ទេសចរណ៍ បាន​បញ្ជាក់​ថា​ក្នុងករណី​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ខាងលើ​មិន​បំពេញ​នូវ​លក្ខខណ្ឌ​តម្រូវ​ទេ​នោះ​អាច​នឹង​ប្រឈម​នឹង​ការព្យួរ​អាជ្ញាប័ណ្ណ​មួយរយៈ​។

ទន្ទឹម​នឹងនេះ​ក្នុង​ករណី​ដែល​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​បាន​បំពេញ​នូវ​លក្ខខណ្ឌ​តម្រូវ​បាន​ល្អ​ដោយ​បន្ថែម​លក្ខខណ្ឌ​ជម្រើស​មួយ​ចំនួន​ទៀត​អាច​នឹង​បាន​ទទួល​នូវ​បណ្ណ​បញ្ជាក់ និង​លិខិត​សរសើរ​ (Label) ​ទទួល​ស្គាល់​គុណភាព​សេវាកម្ម​ក្នុង​ដំណាក់កាល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩​ពី​ក្រសួង​ទេសចរណ៍ ហើយ​អាច​បិទ​បង្ហាញ​ជា​សាធារណៈ​ ឬ​ចុះផ្សាយ​ក្នុង​បណ្តាញ​សង្គម និង​គេហទំព័រ​របស់​ក្រសួង​ទេសចរណ៍​។

ជាមួយ​គ្នា​នេះ​ក្រសួង​ទេសចរណ៍​ក៏​ចេញ​សេចក្តី​ណែនាំ​ពី​ «​អ្វីដែល​គួរ​ធ្វើ និង​អ្វី​មិន​គួរ​ធ្វើ​» ​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ដំណាក់កាល​កូវីដ​១៩​នេះ ជា​ភាសា​ខ្មែរ និង​បរទេស​ផងដែរ​។ ​ក៏ប៉ុន្តែ​បើ​តាម​លោក ថោង ខុន វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ក្រម​ប្រតិបត្តិ​សម្រាប់​អនុវត្ត​នេះ​នឹង​ត្រូវ​ប្រកាស​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​ ៥ ខែមិថុនា​នេះ​៕