ភ្នំពេញៈ ក្រសួង​ទេសចរណ៍​បាន​ណែនាំ​មន្ទីរ​ទេសចរណ៍​រាជធានី និង​ខេត្ត​ឱ្យ​រៀបចំ​ប្រារព្ធ​កម្មវិធី​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​ក្រោម​ប្រធានបទ​ទេសចរណ៍ និង​ការអភិវឌ្ឍ​ជនបទ​ដោយ​ត្រូវ​រៀបចំ​បណ្ណ​ផ្សព្វផ្សាយ និង​បដា​ពាក្យស្លោក​ដាក់​តាំង​បង្ហាញ​នៅ​តាម​ស្ថាប័នរដ្ឋ អាជីវកម្ម​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​ទីសាធារណៈ និង​នៅតាម​ដងផ្លូវ​ធំៗ​។

លិខិត​របស់​ក្រសួង​ទេសចរណ៍​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២៨ ​កញ្ញា​ បញ្ជាក់​ថា ការរៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​នៅ​តាម​បណ្ដា​រាជធានី និង​ខេត្ត​នោះ​ត្រូវ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ពលរដ្ឋ គ្រូបង្រៀន សិស្ស អាជីវករ អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ និង​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ​ដោយ​ត្រូវគោរព​តាម​វិធានការ​សុវត្ថិភាព និង​សុខភាព​ប្រឆាំង​នឹង​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។

កម្មវិធី​ប្រារព្ធ​គឺ​ត្រូវផ្ដោត​ខ្លឹមសារ​នៃ​កម្មវិធី​លើកកម្ពស់​ការយល់ដឹង​អំពី​តួនាទី​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម ជាពិសេស​ការចូលរួម​អភិវឌ្ឍ​តំបន់​ជនបទ​ដូចជា​អាន​សារលិខិត​អបអរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​ ២០២០ ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើម​។

ក្រសួង​ទេសចរណ៍​ក៏បាន​ណែនាំ​ឱ្យ​រាជធានី និង​ខេត្ត​ ត្រូវ​ចូលរួម​ការប្រារព្ធ​កម្មវិធី​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​ ២០២០ ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​នៅ​ខេត្តសៀមរាប​នាពេល​ខាងមុខ​ដ៏ខ្លី​នេះ​ដើម្បី​ទទួល​បាន​ខ្លឹមសារ​នានា​ទៅ​ផ្សព្វផ្សាយ​បន្ត​នៅក្នុង​រាជធានី និង​ខេត្ត​របស់​ខ្លួន​។

អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) ​បាន​ប៉ាន់ប្រមាណ​នៅ​ថ្ងៃទី​ ២៤ ​កញ្ញា​ ថា វិបត្តិ​កូវីដ​ ១៩​ ជា​​សកល​បាន​ធ្វើឱ្យ​មនុស្ស​ចំនួន​ ៤៩៥ ​លាន​នាក់​ បាត់បង់​ការងារ​ធ្វើ ខណៈ​វិស័យ​ទេសចរណ៍​គឺ​ស្ថិត​ក្នុង​ចំណោម​វិស័យ​ដែល​ត្រូវ​រង​ការវាយប្រហារ​ខ្លាំង​បំផុត​ដែល​ធ្វើឱ្យ​មនុស្ស​ប្រហែល​ ៣០០ ​លាន​នាក់​ បំពេញ​ការងារ​នៅក្នុង​វិស័យ​នេះ​ស្ថិត​ក្នុង​ហានិភ័យ​បាត់បង់​ការងារ​ធ្វើ​។

គិត​ត្រឹម​ឆ្នាំ​ ២០១៩ វិស័យ​ទេសចរណ៍​កម្ពុជា​បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ជាង​ ៦៣ ​ម៉ឺន​នាក់ និង​ការងារ​មិនផ្ទាល់​រាប់សិបម៉ឺន​នាក់​ផ្សេងទៀត​។ ប៉ុន្តែ​តាម​ក្រសួង​ទេសចរណ៍​លើកឡើង​កាលពី​ខែ​មិថុនា​ថា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែង​ម៉ាស្សា ខារ៉ាអូខេ ក្លិប​កម្សាន្ត និង​ក្រុមហ៊ុន​ធ្វើដំណើរ​ និង​ទេសចរណ៍​ប្រហែល​ជិត​ ៣ ​ពាន់​ ត្រូវ​បាន​ព្យួរការងារ និង​បិទ ហើយ​បាន​ធ្វើឱ្យ​ប៉ះពាល់​បុគ្គលិក​ប្រហែល ៤៥ ៤០៥ ​នាក់​។

ក្រសួង​នេះ​ក៏​ព្រមាន​ថា កម្ពុជា​នឹង​អាច​បាត់បង់​ប្រាក់ចំណូល​ប្រហែល​ ៣ ​ពាន់​លាន​ដុល្លារ ​ពី​វិស័យ​ទេសចរណ៍​នៅក្នុង​ឆ្នាំ​ ២០២០ ​នេះ​ដោយសារ​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​ចំនួន​ទេសចរ​អន្តរជាតិ​។ ទោះជា​យ៉ាងណា​រដ្ឋាភិបាល​បាន​ចាប់ផ្ដើម​ជំរុញ​ឱ្យ​មាន​កំណើន​ទេសចរ​ក្នុង​ស្រុក​ចាប់ពី​ពាក់​កណ្ដាល​ខែសីហា តាមរយៈ​ការអនុញ្ញាត​ឱ្យ​មាន​ថ្ងៃ​ឈប់សម្រាក​ជា​បន្តបន្ទាប់​ដូចជា​ការផ្ដល់​ថ្ងៃ​ឈប់​សង​ចូលឆ្នាំ និង​ការសម្រាក​ពិធីបុណ្យ​កាន់បិណ្ឌ​ និង​បុណ្យ​ភ្ជុំ​។

រដ្ឋាភិបាល​បាន​អះអាង​ថា ការឈប់សម្រាក​ចូលឆ្នាំ​រយៈពេល​ជិត​ ១០ ​ថ្ងៃ​ បាន​ធ្វើឱ្យ​ពលរដ្ឋ​ប្រមាណ​ ១ ​លាន​ ៥ ​សែន​នាក់​ ដើរ​កម្សាន្ត​ទៅ​តំបន់​ទេសចរណ៍​នានា និង​បាន​ចូលរួម​បង្កើន​ប្រាក់ចំណូល​មូលដ្ឋាន​ប្រហែល​ ១០០ ​លាន​ដុល្លារ​។

នៅក្នុង​លិខិត​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២៨ ខែកញ្ញា ដើម្បី​អបអរ​ទិវា​ទេសចរណ៍​ពិភពលោក​នៅ​ថ្ងៃទី​ ២៨ ​កញ្ញា​លោក ហ៊ុន សែន ក៏បាន​អះអាង​ថា វិបត្តិ​កូវីដ​ ១៩​ បាន​ធ្វើឱ្យ​មាន​ការផ្លាស់ប្ដូរ​ចំណង់​ចំណូលចិត្ត​របស់​ទេសចរ​ឱ្យ​ងាក​ទៅ​រក​ការដើរ​កម្សាន្ត​តាម​តំបន់​ជនបទ សហគមន៍​ទេសចរណ៍ តំបន់​អេកូទេសចរណ៍ និង​តំបន់​ធម្មជាតិ​កាន់តែ​ខ្លាំង​ឡើង​។

លោក​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​កំណត់​យក​វិស័យ​ទេសចរណ៍​ជា​សសរស្ដម្ភ​យុទ្ធសាស្ដ្រ​មួយ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ជនបទ​ដោយ​ត្រូវ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​លើ​ការអភិវឌ្ឍ​ទេសចរណ៍​ជនបទ​តាមរយៈ​ការបង្ហាញ​គុណ​តម្លៃ​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​តាម​តំបន់ រួមទាំង​ការច្នៃប្រឌិត​លើសពី​ផលិតផល​ទេសចរណ៍​ដែល​តំបន់​តែង​ផ្ដល់ជូន​ទៅ​ដល់​ភ្ញៀវទេសចរ​។

លោក សាយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ខេត្ត​របស់​លោក​នឹង​រៀបចំ​ប្រារព្ធ​ពិធី​អបអរ​ទិវា​ទេសចរណ៍​ពិភពលោក​នៅក្នុង​សប្ដាហ៍​ទី​ ១ ​នៃ​ខែ​តុលា​ ដែល​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច​ស្ថិត​នៅ​ក្នុង​ស្រុក​កំពង់ត្រាច​ដែល​ជា​តំបន់​មាន​រូងភ្នំ​ដ៏ស្រស់ស្អាត និង​ធ្លាប់ជា​ទីតាំង​ត្រូវ​បាន​គេ​ជ្រើសរើស​សម្រាប់​ថត​ខ្សែភាពយន្ត​នៅក្នុង​រឿង​សម័យ​ដើម​។

លោក​ថា​៖ «​ប្រធានបទ​របស់​យើង គឺ​ទេសចរណ៍ និង​ការអភិវឌ្ឍ​ជនបទ​។ យើង​ចង់បង្ហាញ​ទិដ្ឋភាព​ទីជនបទ​នៅ​ជុំវិញ​នោះ និង​បង្ហាញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នៅ​តំបន់​នោះ​។ អ្នក​ត្រូវ​ទៅ​ចូលរួម​ទិវា​ដែល​បាន​ឃើញ​ទិដ្ឋភាព​នៅ​ទីនោះ នឹង​ជួយ​ថត​បង្ហោះ​នៅ​តាម​ហ្វេសប៊ុក​»​។

ចំណែក​លោក​ គង់ វិបុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះវិហារ​ក៏បាន​លើកឡើង​ផងដែរ​ថា មន្ទីរ​គ្រោង​រៀបចំ​ពិធី​ប្រារព្ធ​ទិវា​ទេសចរណ៍​ពិភពលោក​នៅ​ថ្ងៃទី​ ២ ខែ​តុលា ដែល​គ្រោង​ធ្វើ​ឡើង​នៅ​រមណីយដ្ឋាន​ទំនប់​ ៩៥ ស្ថិត​នៅ​ក្នុង​ក្រុង​ព្រះវិហារ​៕