ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយមតាមរយៈគម្រោងខ្សែចង្វាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន ADB Climate Friendly Agri-Business Value Chain (CFAVC) នឹងចាប់ផ្ដើមជួសជុលស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ដ្រចំនួន ៣២ កន្លែង និងជីកស្រះចំនួន ៨០០ ក្នុងខេត្ដតាកែវ កំពង់ចាម កំពត និងត្បូងឃ្មុំ។
ក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃពុធបានផ្សព្វផ្សាយពីការអនុវត្ដគម្រោងស្ដារប្រព័ន្ធធារាសាស្ដ្រនេះថា ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម និងសមត្ថកិច្ចពាក់ព័ន្ធកំពុងចុះពិនិត្យទីតាំងភូមិសាស្ត្រអនុវត្តគម្រោង ADB CFAVC តាមបណ្ដាខេត្ដគោលដៅទាំង ៤ នោះដើម្បីពន្លឿនការជួសជុលស្ដារប្រព័ន្ធធារាសាស្ដ្រទាំង ៣២ កន្លែង និងជីកស្រះទាំង ៨០០ កន្លែង។
ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម និងសមត្ថកិច្ចពាក់ព័ន្ធកំពុងចុះពិនិត្យទីតាំងភូមិសាស្ត្រអនុវត្តគម្រោងគឺក្នុងបំណងជំរុញឲ្យបានឆាប់លើការអនុវត្តគម្រោង ADB CFAVC លើវិស័យទឹកដែលក្នុងនោះក្រសួងធនធានទឹក និងឧតុនិយមត្រូវធ្វើការអនុវត្តឲ្យសម្រេចបានជោគជ័យ។
គម្រោងដែលត្រូវធ្វើការអនុវត្ដនោះរួមមានការធ្វើការ ជួសជុលស្តារឡើងវិញលើប្រព័ន្ធធារាសាស្ត្រចំនួនពី ២៧ ដល់ ៣២ កន្លែង ក្នុងខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំដោយផ្អែកតាមស្ថានការណ៍ជាក់ស្តែង។ ពិនិត្យធ្វើការចាត់ថ្នាក់លើផលប៉ះពាល់ដីធ្លីបរិស្ថាន និងធ្វើការកំណត់ខ្នាតឲ្យបានត្រឹមត្រូវតាមការកំណត់របស់ ADB ក្នុងគម្រោងមួយនេះ។
ក្រសួងបញ្ជាក់ថា ក្រុមការងារកំពុងធ្វើការកំណត់ឱ្យបានច្បាស់លាស់លើការអនុវត្តគម្រោង ADB មួយនេះចៀសវាងការរាំងស្ទះណាមួយដែលកើតឡើងជាយថាហេតុ។ ក្រសួងធនធានទឹកនឹងធ្វើការអនុវត្តលើការជីកស្រះចំនួន ៨០០ កន្លែងរួចបំពាក់នូវការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្ត្រដោយប្រើទឹកតិចជូនខេត្តគោលដៅទាំង ៤ នោះ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ ប៉ុន្តែកាលពីថ្ងៃទី ២៣-២៤ ខែធ្នូ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងមន្ដ្រីជំនាញរបស់ ADB ប្រចាំក្រសួងធនធានទឹក និងឧតុនិយមចុះពិនិត្យទីតាំងភូមិសាស្ត្រអនុវត្តគម្រោង ADB-CFAVC ក្នុងខេត្តតាកែវដែលបានដាក់ស្នើមកចំនួន ១២ គម្រោង។
លោក ចាន់ ស៊ីណាត ថ្លែងថា៖ «ការចុះពិនិត្យជាក់ស្តែងនាពេលនេះគឺក្នុងបំណងជំរុញឱ្យបានឆាប់លើការអនុវត្តគម្រោង ADB CFAVC លើវិស័យទឹក ដែលក្នុងនោះក្រសួងធនធានទឹក និងឧតុនិយមត្រូវធ្វើការអនុវត្តឲ្យសម្រេចបានជោគជ័យ»។
លោក មាស អ៊ុយ នាយករដ្ឋបាលសាលាខេត្ដតាកែវថ្លែងថា ក្នុងខេត្តតាកែវ បានដាក់ស្នើទៅក្រសួងក្នុងការស្ដារប្រព័ន្ធធារាសាស្ដ្រចំនួន ១២ គម្រោង ក្នុងនោះក្រុមការងារជំនាញពីក្រសួង និងអ្នកពាក់ព័ន្ធបានចុះពិនិត្យទីតាំងមួយចំនួន ដូចជា ប្រព័ន្ធធារាសាស្ត្រទំនប់ព្រៃក្តួចក្នុងឃុំត្រពាំងគ្រញូង, ប្រព័ន្ធធារាសាស្ត្រទំនប់ក្រាំងអម្ពិល, ប្រព័ន្ធធារាសាស្ត្រស្តុកសាប, ប្រព័ន្ធធារាសាស្ត្រត្រពាំងខន និងស្រះទឹកចំនួន ៤ កន្លែង ស្ថិតក្នុងស្រុកត្រាំកក់ផងដែរ។
លោកថ្លែងថា៖ «តាមរយៈគម្រោងនេះបានអនុវត្ដតាមការស្នើរបស់ខេត្ដនោះគឺជាលទ្ធផលល្អ ព្រោះអាចមានប្រព័ន្ធធារាសាស្ដ្រគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ផលដំណាំរបស់ប្រជាកសិករ»៕