ភ្នំពេញៈ ឥទ្ធិពលនៃបាតុភូត La Nina បានធ្វើឱ្យជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន រុញចុះមកក្រោមខ្លាំង និងគ្របដណ្ដប់មកលើប្រទេសកម្ពុជានាំឱ្យអាកាសធាតុត្រជាក់កើតមានជា ២ ដំណាក់កាលនៅចុង និងដើមឆ្នាំ អាកាសធាតុត្រជាក់នឹងកើតឡើងនៅតាមបណ្ដាខេត្តភាគខាងលើក្នុងភូមិសាស្ត្រជួរភ្នំដងរែក និងខ្ពង់រាបឦសាន ដែលសីតុណ្ហភាពនឹងធ្លាក់ចុះមកនៅក្នុងចន្លោះពី ២១ អង្សាសេដល់ ១៨ អង្សាសេ ខណៈរាជធានី-ខេត្តមួយចំនួនទៀត សីតុណ្ហភាពនឹងធ្លាក់ចុះមកនៅក្នុងចន្លោះពី ២២ អង្សាសេ ដល់ ១៩ អង្សាសេ។ នេះបើយោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃទី ២៥ ខែវិច្ឆិកានេះ។
ក្នុងស្ថានភាពនេះ ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថា៖ «ក្នុងរដូវលម្ហើយខាងមុខនេះអាកាសធាតុនឹងចុះត្រជាក់ជាងបណ្ដាឆ្នាំកន្លងទៅ។ ក្នុងដំណាក់កាលទី១ នេះការចុះត្រជាក់មានរយៈពេលខ្លីនឹងមិនត្រូវបានកើតឡើងជារៀងរាល់ថ្ងៃនោះទេ គឺមានថ្ងៃខ្លះចុះត្រជាក់ក្នុងកម្រិតមធ្យម ហើយថ្ងៃខ្លះទៀតចុះត្រជាក់ក្នុងកម្រិតបង្គួរ»។
ចំណែកដំណាក់កាលទី២ នឹងចាប់ផ្ដើមពីសប្ដាហ៍ទី៤ នៃខែ ធ្នូ ឆ្នាំ ២០២០ ដល់ ដំណាច់ខែមករា ឆ្នាំ ២០២១ ។ ក្នុងដំណាក់កាលទី២ អាកាសធាតុត្រជាក់នៅតាមបណ្ដាខេត្តភាគខាងលើក្នុងភូមិសាស្ត្រជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពនឹងធ្លាក់ចុះមកនៅក្នុងចន្លោះពី ១៩ អង្សាសេ ដល់ ១៦ អង្សាសេ ខណៈរាជធានីខេត្តមួយចំនួនទៀត សីតុណ្ហភាពនឹងធ្លាក់ចុះមកនៅក្នុងចន្លោះពី ២១ អង្សាសេ ដល់ ១៨ អង្សាសេ។
ក្រសួងបានគូសបញ្ជាក់ទៀតថា៖ «ក្នុងដំណាក់កាលទី២ នេះ អាកាសធាតុនឹងចុះត្រជាក់ខ្លាំង និងមានរយៈពេលវែងជាងដំណាក់កាលទី១»។
កាលពីថ្មីៗកន្លងទៅនេះក្រសួងសុខាភិបាលបានចេញសេចក្ដីណែនាំអំពីការថែទាំសុខភាពក្នុងគ្រាមានអាកាសធាតុត្រជាក់កើតឡើងនារដូវលម្ហើយនេះផងដែរ ដោយក្រសួងសុខាភិបាលបានជំរុញឱ្យពលរដ្ឋស្លៀកពាក់ខោអាវក្រាស់ៗ ផឹកទឹកក្ដៅឧណ្ហៗ ដើម្បីទប់ទល់ភាពត្រជាក់ និងរក្សាកម្ដៅនៅក្នុងខ្លួន។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ការអនុវត្តវិធានការអនាម័យស្អាត គឺជាមធ្យោបាយដ៏ល្អក្នុងការថែទាំសុខភាព»។
ទន្ទឹមជាមួយគ្នានេះលោក នេត វត្ថា ប្រធាននាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នក្នុងករណីមានការដុតបំពក់ភ្នក់ភ្លើង ដើម្បីកម្ដៅសាច់កុំឱ្យរងាក្នុងពេលមានអាកាសធាតុត្រជាក់ កើតឡើងប្រសិនបើខ្វះការប្រុងប្រយ័ត្ន ភ្នក់ភ្លើងដែលដែលបានដុតបំពក់ ដើម្បីកម្ដៅរាងកាយកុំឱ្យរងានេះនឹងបង្កជាអគ្គិភ័យបាន ព្រោះក្នុងអំឡុងពេលរដូវលម្ហើយនេះមានខ្យល់បក់ខ្លាំងផងដែរ៕
វីដេអូ៖