ភ្នំពេញៈ ​ក្រសួង​ធនធានទឹក និង​​ឧតុនិយម​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ក្នុង​តំបន់​ទំនាប​កណ្ដាល​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត​អំពី​ជំនន់​​ទឹកភ្លៀង​ដែល​អាច​នឹង​កើតមានឡើង​នៅ​ចុង​សប្ដាហ៍​នេះ​។

ផ្អែក​តាម​លទ្ធផល​នៃ​ការព្យាករ​កាលពី​ព្រឹក​ម្សិលមិញ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់ថា​៖ «​ភ្លៀង​នឹង​បន្ត​ធ្លាក់​គ្របដណ្ដប់​លើ​តំបន់​វាលទំនាប​កណ្ដាល ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ឦសាន​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​ចាប់ពី​ថ្ងៃទី​ ១២-១៨ ខែ​សីហា ឆ្នាំ​ ២០២០»​។

បើ​តាម​ការព្យាករ​នេះ ព្យុះ​ JANGMI ដែល​កើត​នៅ​ឧបទ្វីប​កូរ៉េ និង​ព្យុះ​ MEKKHALA នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាប់​នឹង​កោះ​តៃវ៉ាន់​បាន​ជំរុញ​ឲ្យ​មាន​ជ្រលង​សម្ពាធ​ទាប និង​ខ្យល់​មូសុងនិរតី បង្កើន​ឥទ្ធិពល​កាន់តែខ្លាំង​មកលើ​ប្រទេស​កម្ពុជា​។ ស្ថានភាព​បែបនេះ​នឹង​ធ្វើឲ្យ​មាន​ភ្លៀង​ពី​មធ្យម​ទៅ​ច្រើន​ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង ពិសេស​នៅ​តំបន់​ខាងលើ និង​នៅ​មាត់សមុទ្រ​។

ទន្ទឹមនឹងនេះ​បាតុភូត​ខ្យល់​កន្ត្រាក់​ និង​រន្ទះ​ក៏​នឹង​កើត​ច្រើន​ដែរ ពេល​មេឃ​ជិត​ភ្លៀង និង​កំពុង​ភ្លៀង​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក ជា ពិសិដ្ឋ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ឧត្តរមានជ័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពេលនេះ​ [​ម្សិលមិញ​] ​កម្ពស់​ទឹក​នៅ​បឹងតាម៉ុក ​​ខេត្ត​ឧត្តរមានជ័យ​បាន​ស្រក​ចុះ​ប្រមាណ​ ១០ ​សង់ទីម៉ែត្រ បើ​ធៀប​នឹង​ថ្ងៃទី​ ១០ ខែ​សីហា​។ ប៉ុន្តែ​ផ្ទៃមេឃ​នៅ​អួអាប់ និង​មាន​ភ្លៀង​ធ្លាក់​ក្នុង​តំបន់​ផ្ទៃរង​ទឹកភ្លៀង​ជាប់​ជួរ​ភ្នំ​ដងរែក​។

លោក​ថា​៖ «​បច្ចុប្បន្ន​ផ្ទះ​អ្នកភូមិ​មួយ​ចំនួន​ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​ជាប់​តំបន់​អាងទឹក​តាម៉ុក​កំពុង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ហើយ​ផ្ទះ​អ្នកភូមិ​ទាំងនោះ​នឹង​រង​ការជន់លិច ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា​ដូច​ការព្យាករ​»​។

លោក​ ពិសិដ្ឋ បាន​បន្តថា ពេល​នេះ​អាជ្ញាធរ​កំពុង​ចុះ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ក្នុង​តំបន់​ងាយ​រងគ្រោះ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ពី​ជំនន់​ទឹកភ្លៀង​នេះ និង​បាន​ត្រៀម​ទីទួល​សុវត្ថិភាព​សម្រាប់​ផ្ដល់​ជូន​ដល់​ពួកគេ ដើម្បី​តាំង​លំនៅ​បណ្ដោះអាសន្ន​រួចហើយ​។

ទោះជា​យ៉ាងណា ប្រជាកសិករ និង​អាជ្ញាធរ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​សម្ដែង​ក្ដីរីករាយ បន្ទាប់ពី​ទទួល​ដំណឹង​ពី​ការព្យាករ​ដែលថា​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​ចាប់ពី​ថ្ងៃ​ទី​ ១២-១៨ ខែ​សីហា បន្ទាប់ពី​ជួប​គ្រោះរាំងស្ងួត និង​ខ្វះ​ទឹក​ប្រើប្រាស់​ចាប់ពី​ចុង​ខែ​ឧសភា ឆ្នាំ​ ២០២០ មក​នោះ​។

លោក រ័ត្ន ដាស៊ីណង់ អភិបាល​ស្រុក​មង្គលបុរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា នៅឆ្នាំ​នេះ​ភាពរាំងស្ងួត​បាន​អូសបន្លាយ​យូរ​ធ្វើឲ្យ​ស្ទឹងព្រែក និង​​ប្រព័ន្ធ​ប្រឡាយ​នានា​ក្នុង​ស្រុក​មង្គលបុរី ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​ផង និង​ខ្វះ​ទឹក​ស្រោចស្រព​ស្រូវវស្សា​ផង ជា​ហេតុ​ធ្វើឲ្យ​ស្រូវ​ជិត​ ៧០ ​ភាគរយ​នៃ​ផ្ទៃដី​សរុប​ជាង​ ៥០ ០០០ ​ហិកតា រង​ផលប៉ះពាល់ និង​ខូចខាត​។

លោក​ថា​៖ «​មកទល់​ពេល​នេះ​​យើង​ទើប​ទទួលបាន​ទឹកភ្លៀង​ ២ ​មេ​ធំៗ​ប៉ុណ្ណោះ ខណៈ​ដំណាំ​ស្រូវ​របស់​កសិករ​ប្រមាណ​ជិត​ ៧០ ​ភាគរយ​បាន​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។ កសិករ​យើង​នឹង​កាន់តែ​រីករាយ ប្រសិន​បើ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ចុង​សប្ដាហ៍​នេះ​ដូច​ការ​ព្យាករ​មែន​នោះ​»​។

ជាមួយ​គ្នា​នេះ​លោក ជា ទី តំណាង​ប្រជាកសិករ​ក្នុង​ឃុំសឿ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ ២ ​មេ​ធំៗ​ជាប់ៗ​គ្នា​មក ស្ទឹង​មង្គលបុរី​ដែល​គោករីង​ជាច្រើន​សប្ដាហ៍​កន្លងមក​នេះ​មាន​ទឹក​ដក់​ត្រឹម​ពាក់​កណ្ដាលស្ទឹង​វិញ ហើយ​ប្រឡាយ និង​ព្រែក​មួយ​ចំនួន​ទៀត​ក៏មាន​ទឹក​ដក់​ឡើងវិញ​ផងដែរ​។

លោក​ថ្លែងថា​៖ «​នៅពេល​នេះ​យើង​ត្រូវការ​ទឹកភ្លៀង ដើម្បី​សង្គ្រោះ​ស្រូវ​របស់​យើង​ដែល​​កំពុង​ខ្វះ​ទឹក ហើយ​យើង​ចង់​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ៣-៤ ​មេ​ធំៗ​​បន្ថែមទៀត​ដើម្បី​ឲ្យ​មានទឹក​ដក់​ពេញ​នៅក្នុង​ស្ទឹង និង​ប្រព័ន្ធ​ប្រឡាយ​ព្រែក​នានា ដើម្បី​ឲ្យ​មាន​​ភាពងាយស្រួល​ដល់​ពួកយើង​ក្នុង​ការបង្កបង្កើនផល​ស្រូវ​ជា​លើក​ទី​ ២ ដើម្បី​ស្ដារ​ការខូចខាត​ឡើងវិញ​»៕

វីដេអូ៖