ភ្នំពេញៈ ក្រសួងមួយចំនួនក្រើនរំឭកឱ្យមន្ត្រី និងស្ថាប័នដែលនៅក្រោមបង្គាប់ អនុវត្តវិធានការបង្ការ និងទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់ពីជំងឺកូវីដ ១៩ ហើយបុគ្គលម្នាក់ៗត្រូវរាយការណ៍ និងតាមដានសុខភាពប្រចាំថ្ងៃ បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃ ៣ វិច្ឆិកា ដែលធ្វើឱ្យមន្ត្រីជាន់ខ្ពស់ចំនួន ៤ នាក់ បានឆ្លងជំងឺនេះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី ១០ វិច្ឆិកាថា ការរំឭកជាថ្មីនេះ គឺដើម្បីបន្តបង្កើនការយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ជាពិសេសនៅតាមរោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប។
ក្រសួងការងារបានណែនាំឱ្យតាមបណ្តារោងចក្រទាំងអស់ត្រូវចាត់តាំងឱ្យមានអ្នករដ្ឋបាល ឬអ្នកគ្រប់គ្រងចំនួន ២ នាក់ ឬប្រគល់សិទ្ធិដល់គណៈកម្មការសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការឱ្យធ្វើការផ្សព្វផ្សាយ និងណែនាំជាប្រចាំដល់កម្មករនិយោជិតអំពីវិធានការអនាម័យ សុវត្ថិភាព និងសុខភាព ជាពិសេសវិធានការបង្ការជំងឺកូវីដ ១៩ ហើយការផ្សាព្វផ្សាយនេះត្រូវធ្វើឡើងជារៀងរាល់ថ្ងៃសៅរ៍ ឬច្រើនជាងនេះរហូតដល់ករណីជំងឺកូវីដ ១៩ ត្រូវបានបញ្ចប់។
ក្រសួងក៏បានណែនាំឱ្យគ្រប់រោងចក្រទាំងអស់ត្រូវតាមដាន កត់ត្រា និងត្រៀមអាល់កុល ឬជែល សាប៊ូលាងដៃ នៅតាមច្រកចេញចូលរោងចក្រ និងប្រើម៉ាស៊ីនវាស់កម្តៅទៅលើកម្មករគ្រប់ៗគ្នា បើក្នុងករណីមានការសង្ស័យត្រូវរាយការណ៍ទៅក្រសួងសុខាភិបាលជាបន្ទាន់។
ក្រសួងបញ្ជាក់ថា៖ «ទូរស័ព្ទទៅ ១១៥ ប្រសិនជាមានកម្មករនិយោជិតណាម្នាក់មានកម្តៅលើសពី ៣៧, ៥ អង្សា និងមានរោគសញ្ញាមួយយ៉ាងតិចដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរទៅតំបន់ដែលមានកើតជំងឺកូវីដ ១៩ ឬបានប៉ះពាល់ជាមួយសត្វឈឺក្នុងអំឡុងពេល ១៤ ថ្ងៃមុនចេញរោគសញ្ញា»។
ក្រសួងរំពឹងថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស កម្មករនិយោជិត អង្គការវិជ្ជាជីវៈនានា និងសាធារណជនទាំងអស់ចូលរួមសហការអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានោះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានណែនាំឱ្យមន្ត្រីរបស់ខ្លួនដែលបន្តបំពេញការងារជាធម្មតាឱ្យអនុវត្តវិធានការតាមដានស្ថានភាពសុខភាពផ្ទាល់ខ្លួនប្រចាំថ្ងៃ និងការទប់ស្កាត់ការរីករាលដាលជំងឺនេះ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍វិវត្តថ្មី។
សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការកាលពីថ្ងៃទី ១០ វិច្ឆិកា បានបញ្ជាក់ថា មន្ត្រីបន្តធ្វើការបំពេញទម្រង់ឌីជីថលរាយការណ៍ពីស្ថានភាពផ្ទាល់ខ្លួនឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃតាមរយៈប្រព័ន្ធគេហទំព័រដែលមានអាសយដ្ឋាន http://trace.covid19.gov.kh ឬស្កែន QR code ។ ជាមួយគ្នានោះ ស្នើឱ្យបន្តអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត»។
ខណៈក្រសួងអប់រំ យុវជន និងកីឡាក៏បានណែនាំដល់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិឱ្យបំពេញការងារនៅតាមផ្ទះរៀងៗខ្លួនតាមប្រព័ន្ធអនឡាញ និងផ្អាកការត្រួតពិនិត្យវត្តមាន។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំក៏បានឱ្យដឹងតាមរយៈលិខិតផងដែរថា ក្រសួងអនុញ្ញាតឱ្យមន្ត្រីអប់រំទាំងនោះ បន្តដាក់ឆ្លងឯកសារ និងបែងចែងឯកសារតាមប្រព័ន្ធអនឡាញ និងរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ ខណៈអង្គភាពថ្នាក់ជាតិទាំងអស់ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពីស្ថានភាពសុខភាពឱ្យបានគ្រប់ពេលវេលា នៅពេលចេញ ឬចូលកន្លែងការងារ។
លោករដ្ឋមន្ត្រីបានបញ្ចាក់ផងដែរថា៖ «ត្រូវរក្សាអនាម័យ ដោយលាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាល់កុលជាប្រចាំ។ គ្រប់ច្រកចេញចូលត្រូវកំណត់ឱ្យមានការវាស់កម្តៅ និងពាក់ម៉ាស់ជាប្រចាំ ហើយក្នុងករណីមិនអនុវត្តតាមការណែនាំ មិនត្រូវអនុញ្ញាតឱ្យចូលក្នុងបរិវេណកន្លែងការងារ»។
លោក ហែន ភារៈ វេជ្ជបណ្ឌិតផ្នែកផ្លូវដង្ហើមដែលមានបទពិសោធជាង ២០ ឆ្នាំបានថ្លែងឱ្យដឹងកាលពីម្សិលមិញថា វិធានការដែលរដ្ឋាភិបាល និងក្រសួង បានដាក់ចេញក្នុងពេលនេះ គឺពិតជាវិធានការដែលត្រឹមត្រូវ បន្ទាប់ពីព្រឹត្តិការណ៍ ៣ វិច្ឆិកា បានកើតឡើង។ ប៉ុន្តែលោកមានការសោកស្តាយដែលមុនហ្នឹង មន្ត្រីរដ្ឋាភិបាលហាក់មានការធ្វេសប្រហែសដែលនាំឱ្យជំងឺនេះ ផ្ទុះឡើងជាថ្មីទៀតក្នុងពេលនេះ។
លោកបញ្ចាក់ថា៖ «វិធានការនេះគឺត្រឹមត្រូវហើយ នៅពេលដែលយើងប្រឈម។ ប៉ុន្តែមុនហ្នឹង យើងប្រឈមគឺយើងឆកល្វែងដែរ ព្រោះតែកូវីដ ១៩ រៀងស្ងាត់នៅក្នុងប្រទេសមួយរយៈ។ ចំពោះបញ្ហាកូវីដ១៩នេះយើងមិនអាចភ្លេចខ្លួនបានទេ ទោះបីជាយើងមិនទាន់ឆ្លងចូលសហគមន៍ក៏ដោយ ព្រោះវាគំរាមយើងរហូតគ្រប់វិនាទី។ ទាល់តែវ៉ាក់សាំងចេញមកទើបការព្រួយបារម្ភផ្នែកផ្លូវចិត្តបាត់»។
លោក ហែន ភារៈ មិនបារម្ភចំពោះការចម្លងចូលក្នុងសហគមន៍នោះទេ ឱ្យតែរាជរដ្ឋាភិបាលរួមទាំងប្រជាពលរដ្ឋគ្រប់រូបចូលរួមគោរពឱ្យបានម៉ឺងម៉ាត់នូវវិធានការដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ប៉ុន្តែបារម្ភចំពោះភាពភ័យខ្លាចរបស់ពលរដ្ឋនេះអាចនឹងធ្វើឱ្យទំនិញលើទីផ្សារមានការឡើងថ្លៃ ដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចពលរដ្ឋ៕