ភ្នំពេញៈ ក្រសួង​អប់រំ​បាន​បង្កើត​គណៈកម្មការពិនិត្យ និង​ដោះស្រាយ​ការតវ៉ា​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់ឌុប​) ​ដើម្បី​ធ្វើឱ្យ​បេក្ខជន​មាន​ទំនុកចិត្ត និង​ទទួល​យក​លទ្ធផល បន្ទាប់ពី​មាន​បេក្ខជន​ប្រមាណ​ជាង​ ១៥០​ នាក់​ បាន​តវ៉ា​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​កាលពី​ម្សិលមិញ​។

នៅក្នុង​ការតវ៉ា​នេះ បេក្ខជន​បាន​ដាក់ញត្តិ​រៀងៗ​ខ្លួន​ឱ្យ​ក្រសួង​ពិនិត្យ​លទ្ធផល​ប្រឡង​ឡើងវិញ ដោយសារ​ពួកគេ​ចាត់ទុក​លទ្ធផល​ថ្មីៗ​នេះ មិន​ស័ក្តិសម​នឹង​ការរំពឹងទុក​។ បេក្ខជន​ខ្លះ​ថា ពេល​ប្រឡង​ធ្វើ​បាន​ច្រើន តែ​លទ្ធផល​ចេញ​​មក​ធ្លាក់​ ឬ​បាន​និទ្ទេស​ទាប ថ្វីបើ​ពួកគេ​ផ្ទៀងផ្ទាត់​អ្វី​ដែល​ធ្វើបាន​ជាមួយ​នឹង​អត្រាកំណែ​ឃើញ​ចម្លើយ​ត្រូវ​គ្នា​ក្ដី​។ ​ការមក​តវ៉ា​របស់​បេក្ខជន​គឺ​ដើម្បី​ទាមទារ​​ឱ្យបាន​លទ្ធផល​ជាប់ និង​បាន​និទ្ទេស​កើនឡើង​។

ប៉ុន្តែ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ បេក្ខជន​មួយ​ចំនួន​តវ៉ា​ព្រោះតែ​មិន​សុខ​ចិត្តនឹង​ការប្រឡង​ធ្លាក់ រីឯ​បេក្ខជន​ខ្លះ​ពុំ​សុខចិត្ត​នឹង​ការ​បាន​និទ្ទេស B ឬ C ហើយ​តវ៉ា​ទាមទារ​យក​និទ្ទេស A​។

ក្រសួង​អប់រំ​បាន​អះអាង​ថា​រាល់​ការប្រឡង​នីមួយៗ ក្រសួង​មាន​យន្តការ​ត្រួតពិនិត្យ​ផ្នែក​បច្ចេកទេស​យ៉ាង​ហ្មត់ចត់​ជាទីបំផុត ដោយ​បាន​បង្កើត​គណៈកម្មការ​ជាច្រើន​ក្នុងនោះ​មាន គណៈកម្មការ​រៀបចំ​អត្រាកំណែ​ដែល​មាន​សមាសភាព​សាស្ត្រាចារ្យ​មាន​បទពិសោធ​ខ្ពស់​បំផុត​ក្នុង​ការបង្រៀន និង​រៀបចំ​អត្រាកំណែ​ជាច្រើន​ឆ្នាំ ព្រម​ទាំង​ឆ្លងកាត់​គណៈកម្មការ​ត្រួត​ពិនិត្យ​បច្ចេកទេស​កំណែ​បន្ថែម​ទៀត​។

ក្រសួង​បាន​បញ្ជាក់​ថា «​ការកែ​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ត្រូវ​បាន​ធ្វើឡើង​ដោយ​លក្ខណៈ​សម្ងាត់ និង​យុត្តិធម៌​តាមរយៈ​ការផ្តល់​ពិន្ទុ​ដោយ​សាស្ត្រាចារ្យ​ ២ ​រូប​ លើ​សន្លឹក​កិច្ចការ​តែមួយ ដើម្បី​ធានា​សង្គតិភាព​លើ​ការកែ​»​។

ក្រសួង​បាន​បញ្ជាក់ថា ចំពោះ​ការ​បូក​ស្រង់​ពិន្ទុ​គឺ​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​ដោយ​ក្រសួង​បាន​កែលម្អ​ប្រព័ន្ធ​ Hardware និង​ប្រើប្រាស់​ប្រព័ន្ធ Software ថ្មី និង​មាន​យន្តការ​ត្រួតពិនិត្យ​ស្របតាម Protocol បច្ចេកវិទ្យា គណៈកម្មការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់ និង​គណៈកម្មការ​កោសល្យ​វិច័យ​។ រីឯ​មន្ត្រី​បញ្ចូល​ពិន្ទុ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ត្រូវបាន​ជ្រើសរើស​ដោយ​ការប្រឡង​ធ្វើតេស្ត​សមត្ថភាព និង​វគ្គ​បំពាក់បំប៉ន​បច្ចេកទេស​បន្ថែម​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ក្រសួង​អប់រំ​ស្វាគមន៍​រាល់​មតិ​រិះគន់​ដើម្បី​ស្ថាបនា និង​ឆ្លើយតប​តាម​ការចាំបាច់​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ដែរ​ថា ប្រសិន​បើ​ក្រសួង​មាន​អំណះអំណាង​នៃ​ការបង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​ឯកសារ​​ដែល​សិស្ស​កំពុង​តវ៉ា​នោះ​គឺជា​ការ​សមស្រប​ពីព្រោះ​ដើម្បី​ឱ្យ​សិស្ស​អស់ចិត្ត​។

លោកស្រី​ថា​៖ «​ដូច្នេះ​យើង​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​ពួកគាត់​ព្រោះ​អី​កុំឱ្យ​ពួកគាត់​មាន​វិប្បដិសារៈ ដោយសារ​តែ​គាត់​ខិតខំ​ហើយ យើង​ធ្វេសប្រហែស​... »​។

ការប្រឡង​បាក់ឌុប​ឆ្នាំនេះ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ៧៩ ០៥២ ​នាក់​ស្មើនឹង​ ៦៨,៦២ ​ភាគរយ​ក្នុងចំណោម​បេក្ខជន​សរុប​ចំនួន ១១ ៧ ០៤៣ នាក់​ គឺ​កើនឡើង​ ១,៥៥ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន ខណៈ​និទ្ទេស A មាន​ ៤៤៣ ​នាក់​កើនឡើង ៣៥ នាក់ បើ​ធៀប​នឹង​ឆ្នាំ​មុន​ដែលមាន​ ៤០៨ នាក់​ មកពី ​២១ ​រាជធានី-ខេត្ត​។ រាជធានី​ភ្នំពេញ​នាំ​មុខគេ​ដ៏​ឆ្ងាយ​ទៅ​លើ​និទ្ទេស A នេះ​ដែល​មាន​ដល់​ទៅ​ ១៤១ នាក់ ខណៈ​ខេត្ត​ផ្សេងៗ​មាន​ចាប់ពី​ ១ ​នាក់​ ដល់​ ៣៨ នាក់​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹង​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ដែល​ទទួល​បាន​និទ្ទេស A ទាំង​ ៤៤៣ ​នាក់​ នៅ​ថ្ងៃទី​ ៧ ខែ​ តុលា​ ខាង​​មុខ​។ នេះ​បើ​យោងតាម Fresh News កាលពី​ថ្ងៃ​ពុធ​។ បើ​យោងតាម​ក្រសួង​អប់រំ លោក ហ៊ុន សែន នឹង​ផ្តល់ Ipad ដល់​សិស្ស​ជាប់​និទ្ទេស A ក្នុង​ម្នាក់ៗ​​ចំនួន​ ១ ​គ្រឿង​៕