ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្កើតលេខាធិការដ្ឋានសម្របសម្រួល និងពង្រឹងកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីជួយដល់ដំណើរការនានារបស់ក្រសួងទាក់ទងនឹងវិស័យកសិកម្មជាដើម។
សេចក្ដីសម្រេចនេះត្រូវបានចុះហត្ថលេខាដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី ២២ ខែមេសា ដោយមានលោក គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសួងនេះជាប្រធានរួមនឹងអនុប្រធាន និងសមាជិកសរុប ១៨ រូបផ្សេងទៀត។
បើតាមសេចក្តីសម្រេចលេខាធិការដ្ឋាននេះមានភារកិច្ចសម្របសម្រួល សហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលផ្នែកឯកជន និងអ្នកពាក់ព័ន្ធនានាដើម្បីផ្ដល់ការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំការគ្រប់គ្រង ការចាត់ចែង និងការអនុវត្ដការងារ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬកិច្ចការអាទិភាពរបស់ក្រសួងកសិកម្ម។
សេចក្ដីសម្រេចនេះបញ្ជាក់ថា៖ «លេខាធិការដ្ឋាននេះមានភារកិច្ចសម្របសម្រួល និងរៀបចំលើកផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំសម្រាប់គាំទ្រការងារកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ វិស័យកសិកម្ម ដោយដាក់បញ្ចូលទៅក្នុងគម្រោងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំជូនថ្នាក់ដឹកនាំក្រសួងដើម្បីពិនិត្យសម្រេច។ រៀបចំរបាយការណ៍ស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការគ្រប់គ្រងការចាត់ចែង និងការអនុវត្ដការងារ កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួងជូនថ្នាក់ដឹកនាំក្រសួងជាដើម»។
លោកស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងកាលពីម្សិលមិញថា កន្លងមកក្រសួងមិនដែលមានលេខាធិការដ្ឋានបែបនេះទេ ហើយការបង្កើតនេះគឺដើម្បីជួយសម្រួលដល់ការងារវិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួង។
តាមសេចក្ដីសម្រេចដដែលការបង្កើតលេខាធិការដ្ឋាននេះក៏ស្របទៅតាមសេចក្ដីសម្រេចរួមរវាងក្រសួងកសិកម្មជាមួយនឹងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្រោមជាតិ (គ.ជ.អ.ប) ស្ដីពីការអនុវត្ដផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ គ.ជ.អ.ប ផងដែរ។
លោក គុយ ម៉ារិនឌី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋាននេះមិនអាចសុំការអត្ថាធិប្បាយបន្ថែមបានទេ កាលពីម្សិលមិញដោយលោកបញ្ជាក់តាមទូរស័ព្ទថា កំពុងរវល់ប្រជុំ៕