ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ស្រ្តី​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត ដែល​ត្រូវ​ជា​ម្តាយ​បង្កើត​របស់​តារា​ចម្រៀង​ម្នាក់​នៅ​ផលិតកម្ម​រស្មី​ហង្សមាស បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ នៅ​មន្ទីរ​ពេទ្យ​រុស្ស៉ី បន្ទាប់ពី​ស្ថានភាព​ជំងឺ​របស់​គាត់​ត្រូវ​បាន​ជំងឺ​កូវីដ ១៩ វាយ​លុក​សួត​ទាំង​សង​ខាង​ធ្ងន់ធ្ងរ ស្រប​ពេល​អ្នក​ជំងឺ​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់។

អ្នក​ជំងឺ​ដែល​បាន​ស្លាប់ គឺ​មាន​ឈ្មោះ ងឿន សុថានី មាន​អាយុ ៦២​ឆ្នាំ ត្រូវ​ជា​ភរិយា​របស់​តារា​ចម្រៀង ហួរ ឡាវី និង​ត្រូវ​ជា​ម្តាយ​របស់​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្សមាស កញ្ញា វី ឌីណែត បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃទី ១៩ ខែ​ មីនា ឆ្នាំ ២០២១ នេះ បន្ទាប់​ពី​ធ្លាក់​ខ្លួន​ឈឺ​ប៉ុន្មាន​ថ្ងៃ។

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា លោក​ស្រី ងឿន សុថានី ត្រូវ​បាន​រក​ឃើញ​ថា មាន​វិជ្ជមាន​កូវីដ១៩ នៅ​ថ្ងៃទី១០ ខែ មីនា ឆ្នាំ​ ២០២១ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ដោយឡែក​សម្រាប់​លោក ហួរ ឡាវី វិញ សម្រាប់​លទ្ធផល​ធ្វើ​តេស្ត​លើក​ទី​១ បាន​បង្ហាញ​ថា មិន​មាន​ជំងឺ​កូវីដ ១៩ នោះ​ទេ។

ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា៖ «ដោយសារ​តែ​ស្ត្រី​ខាង​លើ​មាន​សភាព​ហត់​ខ្លាំង គួបផ្សំ​ទៅ​នឹង​គាត់​មាន​ទឹក​នោម​ផ្អែម លើស​ឈាម និង​ជំងឺ​ធាត់​ផង​នោះ ក៏​បាន​បណ្តាល​ឲ្យ​គាត់ មិន​អាច​ទ្រទ្រង់​​នឹង​ការ​វ៉ៃ​លុក​សួត​ដែល​បណ្តាល​មក​ពីជំងឺកូវីដ ១៩ ដែល​ធ្វើ​ឲ្យ​សួត​ទាំង​សង​ខាង​របស់​គាត់ រលាកខ្លាំង និង​ស្ទះ​សសៃ​ឈាម​បេះដូង បណ្តាល​ឲ្យ​បាត់បង់​ជីវិត​តែ​ម្តង»។

នេះ គឺ​ជា​ករណី​លើក​ទី​២ ហើយ​នៅ​កម្ពុជា ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ដោយសារ​ជំងឺ​កូវីដ ១៩ ខណៈ​ករណីទី​១ បាន​កើត​លើ​បុរស​អាយុ ៥០ ឆ្នាំ​ម្នាក់ និង​បាន​ទទួល​មរណភាព កាល​ពី​ថ្ងៃ​ទី ១១ ខែ​ មីនា ឆ្នាំ ២០២១។

គិត​ត្រឹម​ថ្ងៃ​ទី​ ១៩ ខែ​ មីនា ឆ្នាំ ២០២១ នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ សរុប​ចំនួន ១ ៥៧៨ នាក់ ក្នុង​នោះ​ព្យាបាល​ជា​សះ​ស្បើយ​ចំនួន ៩១៧ ​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ៦៥៨ នាក់៕