ភ្នំពេញៈ ក្រសួង​បរិស្ថាន​ក្រោម​ការគាំទ្រ​ពី​រដ្ឋាភិបាល​ស៊ុយអែត និង​យូអិនឌីភី បាន​ផលិត​សៀវភៅ​អប់រំ​ស្តីពី​បរិស្ថាន​សម្រាប់​កុមារ ដើម្បី​ផ្តល់​ការអប់រំ​អំពី​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក ដែល​ប្រើ​បាន​តែ​ ១ ​ដង និង​ការថែរក្សា​បរិស្ថាន សម្រាប់​ចូលរួម​ចំណែក​ធានា​នូវ​និរន្តរភាព​នៃ​បរិស្ថាន​ទាំងមូល​។

លោក នេត្រ ភត្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា សៀវភៅ​នេះ​គឺជា​សៀវភៅ​ដែល​ផ្តោត​សំខាន់​លើ​ការងារ​អប់រំ​បរិស្ថាន សម្រាប់​កុមារ​តូច​ដោយ​ផ្តោត​ទៅ​លើ​កុមារ​នៅ​ថ្នាក់បឋមសិក្សា ដែល​មាន​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​រឿងនិទាន ដែល​មាន​បង្កប់​នូវ​ការអប់រំ​បរិស្ថាន​។ សៀវភៅ​នេះ​រៀបរៀង​ដោយ​នាយកដ្ឋាន​អប់រំ​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​។

លោក​បាន​បញ្ជាក់ថា​៖ «​សារៈសំខាន់​នៃ​សៀវភៅ​នេះ​គឺ​ផ្តល់នូវ​ចំណេះដឹង និង​ការផ្សារភ្ជាប់​នូវ​ចំណេះដឹង​បរិស្ថាន​ដល់​ប្អូនៗ​សិស្សានុសិស្ស​ជា​កុមារា និង​កុមារី ហើយ​ក៏​ជា​ការបណ្តុះ​ស្មារតី​ឱ្យ​ប្អូនៗ​កុមារ ស្រឡាញ់​បរិស្ថាន​តាំងតែ​ពី​តូច​ទៅ ដើម្បី​កែប្រែ​ឥរិយាបថ​របស់គាត់ និង​ធ្វើ​ម៉េច​តម្រង់​ទិស​ឱ្យ​គាត់ ស្រឡាញ់​បរិស្ថាន និង​ចូលរួម​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ដែល​មាន​»​។

ការបោះពុម្ព​សៀវភៅ​នេះ​ គឺ​មាន​ការសហការ​ជាមួយ​អង្គការ យូអិនឌីភី ដោយ​មាន​ការគាំទ្រ​ថវិកា​ពី​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា ហើយ​ក្រសួងបរិស្ថាន​បាន​ទទួល​សៀវភៅ​នេះ​ពី​យូអិនឌីភី ចំនួន ២ ​ពាន់​ក្បាល​រួចហើយ​ដែល​នឹងត្រូវ​ធ្វើការ​បែងចែក​ទៅតាម​សាលា​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក លោក Nick Beresford តំណាង យូអិនឌីភី ប្រចាំ​កម្ពុជា​មិន​បាន​ឆ្លើយតប​ទៅនឹង​សំណើសុំ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ថ្លែង​អំណរគុណ និង​ស្វាគមន៍​កិច្ចសហការ​វិជ្ជមាន​គ្រប់​រូបភាព​ដែល​ចូលរួម​លើកកម្ពស់​ការយល់ដឹង​របស់​សិស្សានុសិស្ស និង​បុគ្គលិក​អប់រំ​ក្នុង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក និង​ការថែរក្សា​បរិស្ថាន​នៅ​តាម​សាលារៀន ដែល​ចូលរួម​ចំណែក​ធានា​នូវ​និរន្តរភាព​នៃ​បរិស្ថាន​ប្រទេសជាតិ​។

លោក​យល់ឃើញ​ថា បរិស្ថាន​សាលារៀន​ល្អ ជះឥទ្ធិពល​វិជ្ជមាន​លើ​គុណភាព​រៀន និង​បង្រៀន ហើយ​ក្រោម​កិច្ចសហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​បរិស្ថាន ក្រសួង​អប់រំ ក៏បាន​បញ្ចូល​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ប្លាស្ទិក និង​ការងារ​បរិស្ថាន​ទូទៅ​ចូលក្នុង​កម្មវិធីសិក្សា តាមរយៈ​ខ្លឹមសារ​ពាក់ព័ន្ធ​ចាប់ពី​កម្រិត​មត្តយ្យ​សិក្សា​ផងដែរ​។

ក្រសួង​អប់រំ​បាន​និង​កំពុង​បន្ត​អនុវត្ត​កម្មវិធីសិក្សា​ស្តីពី​បរិស្ថាន និង​លើកទឹកចិត្ត​សិស្សានុសិស្ស​គ្រប់​កម្រិត​ឱ្យ​ស្រឡាញ់ និង​ចូលរួម​ថែរក្សា ការពារ​បរិស្ថាន​សាលារៀន និង​សហគមន៍​រស់នៅ​។

ក្រសួង​អប់រំ​ក៏​បាននិង​កំពុង​បន្ត​រៀបចំ​ចលនា​ប្រឡងប្រណាំង​សាលារៀន​ស្អាត ដើម្បី​លើក​កម្ពស់​បរិស្ថាន​សាលារៀន​រួមទាំង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​ផងដែរ​៕