ភ្នំពេញៈ ក្រសួង​បរិស្ថាន​បាន​បំពាក់​ម៉ាស៊ីន​តាមដាន​គុណភាព​ខ្យល់​ចំនួន​ ៤៩ កន្លែង​នៅ​ទូទាំង​ ២៥ រាជធានី-ខេត្ដ ដើម្បី​តាមដាន​ និង​ពិនិត្យ​គុណភាព​ខ្យល់ ខណៈ​កាលពី​ខែមករា​ដើម​ឆ្នាំ​នេះ​កំហាប់​ភាគល្អិត​និចល PM2.5 មាន​ការកើនឡើង​ហួស​កម្រិត​។ ប៉ុន្ដែ​ស្ថានភាព​ខ្យល់​បាន​ត្រលប់​មករក​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ បន្ទាប់ពី​ក្រសួង​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែងប្រាប់​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​ ២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២១ នៅ​ទីស្តីការ​ក្រសួង​កាលពី​ថ្ងៃទី​ ៣ វិច្ឆិកា​ ថា ពាក់ព័ន្ធ​ជាមួយ​កិច្ច​គាំពារ​បរិស្ថាន ក្រសួងបរិស្ថាន បាន​ធ្វើការ​តាមដាន​ទៅ​លើ​គុណភាព​ខ្យល់​គ្រប់​បណ្ដា​រាជធានី​-​ខេត្ដ​ទូទាំង​ប្រទេស​។ នៅក្នុង​នោះ​សម្រាប់​នៅ​រាជធានីភ្នំពេញ​ក្រសួង​បានដាក់​ម៉ាស៊ីន​តាមដាន​គុណភាព​ខ្យល់​ចំនួន​ ១១ កន្លែង​ ហើយ​នៅ​ខេត្ដ​ ២៤ ​ទៀត​បាន​ដាក់​ម៉ាស៊ីន​តាមដាន​គុណភាព​ខ្យល់​ចំនួន​ ៣៨ ​កន្លែង​។

លោក​ថ្លែងថា​៖ «​យើង​ឃើញថា ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ដ ស្ថានភាព​គុណភាព​ខ្យល់ គឺ​ស្ថិត​នៅ​ក្រោម​ស្ដង់ដា​។ ស្ដង់ដា​ដែល​ក្រសួង​បរិស្ថាន​បានកំណត់​គឺ​នៅ​កម្រិត​ ៥០​។ ដូច្នេះ​ស្ថានភាព​ខ្យល់​គឺ​នៅ​ប្រែប្រួល​នៅក្នុង​ចន្លោះ​ពី​ ១៥ ​ទៅ​ ៣០ ​ទៅ​ ៤០ ​គឺ​មិន​បាន​ឡើង​ដល់​ ៥០ ​ទេ​»​។

លោក​បញ្ជាក់ថា គុណភាព​ខ្យល់​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​គុណភាព​ល្អប្រសើរ​។ ប៉ុន្ដែ​ជាមួយ​គ្នា​នេះ​ក្រសួង​ក៏មាន​វិធានការ​មួយចំនួន​ដើម្បី​ទប់ស្កាត់​ការបំពុល​ខ្យល់​ដែរ​។ វិធានការ​ទាំងនោះ​មាន​ដូចជា​ការដាក់​ចុះ​ឱ្យ​អនុវត្ដ​អនុក្រឹត្យ​នៃ​ការគ្រប់គ្រង​ការបំពុល​ខ្យល់​មាន​ដូចជា ការគ្រប់គ្រង​ការដ្ឋាន​សាងសង់ ការតម្រូវ​ឱ្យ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​នានា​គឺ​លក់​ប្រេងឥន្ធនៈ​មាន​គុណភាព​ខ្ពស់ ដើម្បី​កុំ​ឱ្យ​ចំហេះ​ប្រេងឥន្ធនៈ​ដែល​ចេញ​ទៅ​មាន​ការបំពុល​បរិយាកាស​ច្រើន​។

ក្រសួង​បរិស្ថាន​បញ្ជាក់​ថា កំហាប់​ភាគល្អិត​និចល​នៅក្នុង​ខ្យល់ PM2.5 មាន​កម្រិត​នៅក្នុង​រង្វង់​ស្តង់ដា​កម្រិត​ ៥០ ​ដែល​កម្រិត​ស្ដង់ដា​នេះ ស្ថានភាព​ខ្យល់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​មាន​គុណភាព​ល្អ​ប្រសើរ​។

ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃទី​ ១៧ ​ខែ​មករា​ ឆ្នាំនេះ​បាន​ជូនដំណឹង​ដល់​មន្ទីរ​បរិស្ថាន រាជធានី-ខេត្ត​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អនុវត្ត​វិធានការ​មួយ​ចំនួន​ដោយ​ត្រូវ​ថែរក្សា​គុណភាព​ខ្យល់​នៅ​កម្ពុជា​។ វិធានការ​ទាំងនោះ​មាន​ត្រូវ​ចាត់​វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ និង​ការដុត​សំរាម​សំណល់​រឹង​នៅតាម​ទី​ចំហ ការឆេះ​នៅតាម​ទីលាន​ចាក់សំរាម​។

ត្រូវ​ចាត់​វិធានការ​ទប់ស្កាត់​ការបង្ហុយធូលី​ពី​ការដ្ឋាន​សំណង់ និង​ការដ្ឋាន​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ធូលី​ហុយ​នៅ​តាម​ដងផ្លូវ​។ សម្អាត​អនាម័យ​នៅ​តាម​ដងផ្លូវ និង​ទីសាធារណៈ​ស្រោច​ទឹក​លើ​ដងផ្លូវ​កុំឱ្យ​ធូលី​ហុយ​។ ចុះ​អប់រំ​ប្រជាពលរដ្ឋ​កុំឱ្យ​ដុត​សំរាម សំណល់​រឹង ការដុត​ស្មៅ​គល់​ជញ្ជ្រាំង និង​សំណល់​កសិកម្ម​ផ្សេងៗ​ទៀត​។

លោក​ ភក្ត្រា បញ្ជាក់ថា ការកើនឡើង​កំហាប់​ភាគល្អិត​និចល PM2.5 ក្នុង​ខ្យល់​នេះ​មិនមែន​មាន​នៅតែ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​។ ប៉ុន្តែ​និន្នាការ​នៃ​កំណើន​នេះ​មាន​នៅក្នុង​បណ្តា​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​ដោយសារ​តែ​អាកាសធាតុ​នៃ​អនុតំបន់​ទន្លេមេគង្គ​មាន​ភាព​ស្ងួត​ហួតហែង​។

បើ​យោងតាម​ក្រសួង​បរិស្ថាន​កំហាប់​ប៉ារ៉ាម៉ែត្រ​ភាគល្អិត​និចល PM2.5 ​គឺជា​ភាគល្អិត​និចល​តូចៗ​នៅក្នុង​ខ្យល់​ដែល​មាន​អង្គត់​ផ្ចិត​តូច​ជាង ២,៥ មីក្រុង​។ ភាគល្អិត​និចល​មាន​ប្រភព​មកពី​ការដុត​ឥន្ធនៈ​ហ្វូស៊ីល និង​កម្ទេចធូលី​ផ្សេងៗ​។ ភាគល្អិត​និចល​នេះ​អាច​ស្រូប​ចូល​ទៅ​ដល់​សួត និង​ពេលខ្លះ​ដល់​សរសៃ​ឈាម​ដែល​អាច​បង្ក​ការប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស​ប្រសិន​បើ​ស្រូប​ចូល​លើស​កម្រិត​កំណត់​៕