
សត្វស្លាបដែលប្រទះឃើញនៅខេត្តតាកែវកាលពីចុងឆ្លាំមុន ។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញ ក្រសួងបរិស្ថានផលិតវីដេអូអប់រំខ្លីដែលមានចំណងជើងថា «ជីវចម្រុះនិងជីវភាពរស់នៅក្នុងបរិបទជំងឺកូវីដ ១៩» ជាវីដេអូគំនូរជីវចលមានរយៈពេល៣នាទី ដើម្បីធ្វើការផ្សព្វផ្សាយក្នុងការអបអរសាទរទិវាជីវចម្រុះអន្តរជាតិនៅថ្ងៃទី ២២ ឧសភា ឆ្នាំ ២០២១។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ឧសភានេះថា ទិវាជីវចម្រុះអន្តរជាតិ ២២ ឧសភា ២០២១ ឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «យើងជាចំណែកមួយនៃដំណោះស្រាយ»។ ដើម្បីអបអរទិវានេះក្រសួងបរិស្ថានរៀបចំជាទម្រង់អប់រំជាវីដេអូខ្លី ដែលផ្តោតទៅលើជីវចម្រុះសម្រាប់ផ្សព្វផ្សាយផ្ទាល់តាមបណ្តាញសង្គម និងទូរទស្សន៍។
លោកថ្លែងថា៖ «ខ្លឹមសារនៃវីដេអូផ្តោតសំខាន់ទី១ គឺការផលិតបន្លែសរីរាង្គនិងការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីបង្កើនប្រាក់ចំណូល កាត់បន្ថយសម្ពាធលើការប្រើប្រាស់ធនធានធម្មជាតិ លើកកម្ពស់សុខុមាលភាពអ្នកទទួលទាននិងកាត់បន្ថយហានិភ័យការនាំចូលផលិតផលក្រៅស្រុកក្នុងបរិបទកូវីដ ១៩។ ទី២ គឺការប្រើប្រាស់ចំណេះដឹងប្រពៃណីនិងឱសថបុរាណ ដើម្បីលើកកម្ពស់សុខភាព ការរស់នៅ និងកាត់បន្ថយការបំពុលលើប្រព័ន្ធអេកូឡូស៊ី» ។
ក្រៅពីវីដេអូអប់រំមួយនេះ ក្រសួងបរិស្ថានក៏បានផលិតវីដេអូចំនួន ៣ ផ្សេងទៀត ក្នុងនោះមានទី១ វីដេអូនិយាយអំពី ការដាក់ដេញថ្លៃប្រព័ន្ធអេកូឡូស៊ីទី២ និយាយអំពីការដាំបន្លែនិងទី៣និយាយអំពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរគោលសុខអានភ្នំគូលែន។ ជាមួយគ្នានោះក៏មានឯកសារជាច្រើនទៀត នឹងផុសជាបន្តបន្ទាប់នៅលើគេហទំព័ររបស់ក្រសួងបរិស្ថាន។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា។
បើតាមលោក នេត្រ ភក្ត្រា កម្ពុជាជាប្រទេសសម្បូរទៅដោយជីវចម្រុះដែលបានបង្ហាញវត្តមានប្រភេទថនិកសត្វ ១២៣ ប្រភេទ សត្វស្លាប ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨ ប្រភេទរុក្ខជាតិតូចៗ ២ ៣០៨ ប្រភេទត្រី ៨៧៤ ប្រភេទ ផ្កាថ្មរឹង ២៤ ប្រភេទ ផ្កាថ្មទន់ ១៤ ប្រភេទ ស្មៅសមុទ្រ ១០ ប្រភេទ និងថលជលិក ៦៣ ប្រភេទ។
លោកថ្លែងថា៖ «កម្ពុជារបស់យើងត្រូវបានអន្តរជាតិទទួលស្គាល់ថា ជាប្រទេសដែលសម្បូរដោយជីវចម្រុះ ហើយប្រភេទជីវចម្រុះហ្នឹងមានសត្វមានរុក្ខជាតិ ដែលយើងរកឃើញប៉ុណ្ណឹង ប៉ុន្តែចំនួននេះនៅអត់ទាន់អស់នៅឡើយទេ នៅមានប្រភេទសត្វរុក្ខជាតិមួយចំនួនទៀតស្រាវជ្រាវមិនទាន់ឃើញ ដើម្បីកំណត់អត្តសញ្ញាណ»៕