ភ្នំពេញៈ ក្រសួង​បរិស្ថាន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​កាប់​ផ្តួលរំលំ​ដើម​សំរង ដើម្បី​បេះ​ផ្លែ ដែល​ជា​ទង្វើ​ខុសច្បាប់ នៅពេល​ដែល​ខែប្រាំង​នេះ​គឺជា​រដូវ​ប្រមូលផល​ផ្លែ​សំរង ខណៈ​ដែល​ផ្លែឈើព្រៃ​ប្រភេទ​នេះ មាន​តម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​គឺ​ក្នុង​ ១ ​គីឡូក្រាម​ មាន​តម្លៃ​ពី​ ៣៥ ០០០ ​ទៅ ៤៥ ០០០ ​រៀល​។

លោក​ នេត្រ ​ភក្ត្រា ​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា សំរង គឺជា​ប្រភេទ​រុក្ខជាតិ​ដែល​ដុះ​ក្នុងព្រៃ​ពាក់កណ្ដាល​ព្រៃស្រោង​។ គេ​អាច​ប្រមូលផល​ផ្លែ​សំរង​បាន​នៅពេល​វា​ដុះ​បាន​អាយុ​ពី ១២ ​ទៅ​ ១៥ ​ឆ្នាំ​។ ការប្រមូលផល​ផ្លែ​សំរង​មាន​តាំងពី​ដូនតា​មក ដោយ​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​ដោយ​ប្រមូល​តាមរបៀប​រើសយក​ពេល​ផ្លែ​សំរង​ទុំជ្រុះ​។

លុះ​មកដល់​អំឡុង​ឆ្នាំ​ ១៩៩៩ ​ផ្លែ​សំរង​ចាប់ផ្តើម​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ជា​ហេតុ​ធ្វើឱ្យ​ប្រជាជន​បាន​កាប់​​រំលំ​ដើម ដើម្បី​បេះ​ផ្លែ​បាន​ច្រើន​ទាន់​ចិត្ត ដោយ​មិន​រង់ចាំ​វា​ជ្រុះ បណ្តាល​ឱ្យ​ដើម​សំរង​ធំៗ​កាន់តែ​ថយចុះ​ពី ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​។

លោក​ថ្លែងថា​៖ «​ការកាប់​ផ្ដួល​ដើម​សំរង ដើម្បី​ប្រមូលផល​គឺជា​ការខុស​នឹង​ច្បាប់​។ មន្ដ្រី​ឧទ្យានុរក្ស​យើង​នៅ​តាម​តំបន់​នានា​បាន​ចុះ​អប់រំ ណែនាំ​ក៏ដូចជា​ធ្វើការ​ផាកពិន័យ​ទៅលើ​អ្នក​ដែល​កាប់​ផ្ដួល​ដើម​សំរង ដើម្បី​រើស​គ្រាប់​សំរង​នេះ​។ យើង​បាន​ធ្វើការ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់ ទៅ​ដល់​ប្រជាពលរដ្ឋ ហាមឃាត់​មិន​ឱ្យ​មាន​ការកាប់​ផ្ដួល​ដើម​សំរង​ទេ ដើម្បី​រក្សាទុក​ក្នុង​ការប្រមូល​ផល​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​»​។

លោក ភក្ត្រា បាន​ឱ្យដឹង​ដោយផ្អែក​តាម​ការផ្តល់​ព័ត៌មាន​ពី​គណៈកម្មការ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរទុង​ក្នុង​ខេត្ដ​រតនគិរី​ថា ទីផ្សារ ផ្លែសំរង មាន​លក្ខណៈ​ងាយស្រួល​បំផុត​ពោល​គឺ​ដល់​រដូវ​ប្រមូលផល​មាន​ឈ្មួញ​ក្នុងស្រុក​មក​ចាំ​ប្រមូល​ទិញ​នៅក្នុង​សហគមន៍​តែម្តង ដែល​មាន​តម្លៃ​ចន្លោះ​ពី ៣៥ ០០០ រៀល ទៅ ៤៥ ០០០ រៀល​ក្នុង ១ គីឡូក្រាម​អាស្រ័យ​ទៅតាម​គុណភាព​នៃ​ផ្លែ​សំរង​។

តាម​ការបញ្ជាក់​ពី​ឈ្មួញ​តម្រូវការ​ទីផ្សារ​ផ្លែ​សំរង​បច្ចុប្បន្ន​នេះ ៩០ ភាគរយ​ នាំ​ចេញ​ទៅ​ប្រទេស ​វៀតណាម គឺ​មាន​តែ​ប្រមាណ ១០ ​ភាគរយ​ប៉ុណ្ណោះ ​ដែល​ប្រើប្រាស់​ក្នុងស្រុក ដោយ​ហេតុថា ប្រជាពលរដ្ឋ​មិនទាន់​បាន​យល់ដឹង​ទូលំទូលាយ​ពី​សារៈសំខាន់​នៃ​ការប្រើប្រាស់​ផ្លែ​សំរង​នៅឡើយ​។

លោក​ ភក្ត្រា ថ្លែង​៖ «​ក្រសួងបរិស្ថាន​ក៏​សូម​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​ជាពិសេស​គឺ​ប្រជាសហគមន៍​ដែល​រស់នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ ដែល​ទទួល​ផល​ពី​អនុផល​ព្រៃឈើ​ពិសេស​ជា​អ្នកប្រមូលផល​ផ្លែ​សំរង​នេះ សូម​កុំ​កាប់​ដើម​ឱ្យ​តែ​កាប់​ដើម​ផ្ដួលរំលំ​ដើម្បី​រើស​គ្រាប់​សំរង​គឺ​ប្រៀបបាន​ទៅនឹង​ការបំផ្លាញ​ប្រភព​ធនធាន​របស់​ខ្លួនឯង​។ ដូច្នេះ​បើ​រក្សា​ដើម​សំរង​ឱ្យនៅ​ឈរ​នោះ​សំរង​នឹង​បន្ត​ផ្ដល់​ផលប្រយោជន៍​ដល់​យើង​រហូត​។ ប៉ុន្ដែ​បើ​កាប់​ផ្ដួលរំលំ​ហើយ​រើស​គ្រាប់​សំរង​នោះ​ជា​ទង្វើ​ខុសច្បាប់​»​។

បើ​តាម​លោក ភត្ត្រា សំរង មាន​វត្ដ​មាន​ច្រើន​នៅក្នុង​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ពិសេស​មាននៅក្នុង​ខេត្ដ​រតនគិរី កោះកុង​ស្ទឹងត្រែង និង​ខេត្ដ​ព្រះវិហារ​។ ពលរដ្ឋ​អាច​រកប្រាក់​ពី​ការប្រមូលផល​ផ្លែ​សំរង​ដែលជា​មុខរបរ​ប្រចាំ​រដូវ​នេះ​បាន​ចន្លោះ​ពី ៤ ទៅ ១០ ​លាន​រៀល​ក្នុង​ ១ ​ឆ្នាំៗ​។

លោក​បន្តថា ក្រសួង​បរិស្ថាន​តាមរយៈ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​ក៏បាន​រៀបចំ​ចងក្រង​ជា​សមាគម​ដោយបាន​ជំរុញ​ឱ្យ​សហគមន៍​ចូលរួម​ក្នុង​ការថែរក្សា​ដើម​សំរង​ឱ្យ​បាន​គង់វង្ស​ដើម្បី​អាច​ប្រមូលផល​ជា​បន្តបន្ទាប់​ទៅទៀត​ចៀសវាង​ការកាប់បំផ្លាញ​។

កាលពី​ថ្ងៃទី​ ១៨ ខែមេសា គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា «​កូន នាគ​» បាន​សរសេរ​បង្ហោះ​ថា សំរង​ជា​ផ្លែឈើព្រៃ​ដែលមាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​។ នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង នៅពេល​ដល់​រដូវ​ប្រមូលផល​រៀងរាល់​ឆ្នាំ ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ចាកចេញ​ពី​ផ្ទះ​ស្ទើរតែ​គ្រប់​គ្រួសារ រហូត​ដល់​ស្ងាត់​ភូមិ​សម្រុកចូល​ព្រៃ​ដើម្បី​ប្រមូលផល​សំរង​ធ្វើ​ឱ្យ​ទិដ្ឋភាព​ព្រៃ​ទាំងមូល​មាន​សភាព​អ៊ូអរ ហាក់​ដូចជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ពិសេស​មួយកន្លែង​ដែល​មមាញឹក​ទាំងយប់​ទាំង​ថ្ងៃ​ពិបាក​នឹង​ពណ៌នា​។

គណនី​ហ្វេសប៊ុក​នេះ​ថា​៖ «​តាម​ការប៉ាន់ប្រមាណ​ក្នុង​កម្រិត​ទាប គិត​តែ​ក្នុង​ស្រុក​សៀមប៉ាង​ប៉ុណ្ណោះ ផល​ដែល​ទទួលបាន​ពី​ការលក់​ផ្លែ​សំរង​របស់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ទាំងមូល​ក្នុង​ ១ ​រដូវ​គឺ​មិន​តិច​ជាង ២ ​ពាន់​លាន​រៀល ឡើយ​រៀងរាល់​ឆ្នាំ​។ ដូចនេះ​ដើម​សំរង​គឺ​ប្រៀបដូចជា​ធនាគារ​មួយ​យ៉ាង​ធំ​របស់​បងប្អូន​ប្រជាពលរដ្ឋ បើ​បងប្អូន​មិនចេះ​ថែរក្សា ការពារ ធនាគារ​នេះ​ឱ្យ​គង់វង្ស​ទេ មិនយូរ​មិនឆាប់ បងប្អូន និង​ខាតបង់​ធ្ងន់ធ្ងរ ដោយសារ​ការគិត​ខ្លី​របស់​បងប្អូន​ (​ការកាប់​ផ្ដួល​ដើម​សំរង​ដើម្បី​បេះ​ផ្លែ​)»​។

លោក ម៉ែន គុង អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង​បាន​ឱ្យដឹង​កាលពី​ម្សិលមិញ​ថា រឿង​នេះ​រដ្ឋបាល​ខេត្ដ​ស្ទឹងត្រែង​បាន​ចុះ​ណែនាំ​ដល់​ពលរដ្ឋ​នៅតាម​ស្រុក ភូមិ ឃុំ ដើម្បី​កុំឱ្យ​ពួកគាត់​យក​វិធី​កាប់​ផ្ដួល​ដើម​ក្នុង​ការប្រមូលផល​ផ្លែ​សំរង​​នេះ​ដែរ​។

លោក​ថា​៖ «​យើង​ក៏បាន​សហការ​ជាមួយ​ខាង​មន្ដ្រី​បរិស្ថាន និង​កង​កម្លាំង​យោធា​ការពារ​ព្រំដែន ដើម្បី​ចូលរួម​សហការ​គ្នា​ណែនាំ​អប់រំ​ពលរដ្ឋ​ដោយផ្ទាល់​នៅ​​ពេល​ពួកគាត់​ទៅ​ប្រមូលផល​ផ្លែ​សំរង​នេះ​។ ដើម​សំរង​ភាគច្រើន​នៅក្នុង​ខេត្ដ​យើង​គឺ​មាន​នៅតាម​បណ្ដោយ​ព្រំដែន​ស្ថិត​ក្នុង​ស្រុក​សៀមប៉ាង​»៕

វីដេអូ៖