ស្ទឹងត្រែងៈ លោក នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​អះអាងថា ក្រសួងបរិស្ថាន​គាំទ្រ​លើ​ការវិនិយោគ​ចម្ការ​ឈើ​ដាំ​របស់​ក្រុមហ៊ុន ស៊ីងបាយអូថេក ខណៈ​ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​​លើ​ផ្ទៃដី​ជាង ៣៤ ០០០ ​ហិកតា​ សម្រាប់​ដាំ​ឈើ​ជា​លក្ខណៈ​ឧស្សាហកម្ម​កែច្នៃ​។

លោក ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ថ្លែង​ក្នុង​ពេល​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ទៅ​ទស្សនកិច្ច​ចម្ការ​ឈើ​របស់​ក្រុមហ៊ុន​ស៊ីងបាយអូថេក កាលពី​ថ្ងៃទី​ ៤ ខែកញ្ញា ​ថា ក្រសួង​បរិស្ថាន​គាំទ្រ​លើ​ការវិនិយោគ​ចម្ការ​ឈើដាំ ព្រោះ​វា​នឹង​ជួយ​កាត់បន្ថយ​សម្ពាធ​មកលើ​ការប្រើប្រាស់​ឈើ​ធម្មជាតិ ហើយ​ការបង្កើត​ឱ្យ​មាន​ឧស្សាហកម្ម​កែច្នៃ​ឈើ​នេះ​ក៏​នឹង​ជួយ​បង្កើត​ការងារ​ និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះ និង​ចូលរួម​ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការបង្កើត​ចម្ការ​ឈើដាំ គឺជា​យុទ្ធសាស្ត្រ​ដ៏មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​ចូលរួម​ពង្រឹង​ការអភិរក្ស​ធនធាន​ធម្មជាតិ​ដែល​កម្ពុជា​មាន​នាពេល​បច្ចុប្បន្ន និង​អាច​លក់​តួនាទី​របស់​ព្រៃឈើ​ក្នុង​ក្របខ័ណ្ឌ​ឥណទាន​កាបូន​»​។

លោក ភក្ត្រា ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុងតែ​ជំរុញ​ឱ្យ​មាន​ការវិនិយោគ​ចម្ការ​ឈើ​ដាំ​ឱ្យ​បាន​ច្រើន ដើម្បី​បង្កើត​ភាពបៃតង និង​បង្កើត​ប្រភព​ឈើ​សម្រាប់​ប្រើប្រាស់​ប្រកប​ដោយ​និរន្តរភាព ចូលរួម​ក្នុង​ការថែរក្សា​បរិស្ថាន និង​អភិរក្ស​ធនធាន​ធម្មជាតិ​។

​លោក​បង្ហាញ​ថា តាម​ទិន្នន័យ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ឈើ​កែច្នៃ​ជាច្រើន​ម៉ឺន​ម៉ែត្រគុប​ត្រូវ​បាន​ផលិត និង​នាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​។ ដោយសារ​តែ​វត្ថុធាតុដើម​ឈើ​កែច្នៃ​នៅក្នុង​ស្រុក​មិនទាន់​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​តាម​តម្រូវការ​នៅឡើយ ក្រុមហ៊ុន​កែច្នៃ​ឈើ​ជា​ក្តារកុងប្លាកេ ការ៉ូឈើ និង​គ្រឿង​សង្ហារិម សម្ភារ​ផ្ទះបាយ តុទូ និង​សម្ភារ​ផ្សេងៗ​បាន​នាំចូល​វត្ថុធាតុដើម​ជា​ឈើ​ដាំ​ពី​បរទេស​អាស្រ័យ​លើ​ការបញ្ជា​ទិញ​ពី​អតិថិជន​។ ក្នុង​នោះ​ក្រុមហ៊ុន​មួយចំនួន​បានទទួល​ទិញ​ឈើ​ប្រភេទ​ដើម​អាកាស្យា ពី​អ្នក​ដាំ​ក្នុងស្រុក​មក​ធ្វើការ​កែច្នៃ​ផងដែរ​។

លោក​បន្តថា ផលិតផល​ឈើ​កែច្នៃ​ដែល​ផលិត​នៅ​កម្ពុជា​បាន​នាំចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​។ ក្រុមហ៊ុន​កែច្នៃ​បាន​ស្វាគមន៍​ចំពោះ​គម្រោង​ការដាំ​ឈើ​សម្រាប់​កែច្នៃ​ព្រោះ ប្រសិន​បើ​មាន​វត្ថុធាតុដើម​ឈើ​កែច្នៃ​នៅក្នុង​ស្រុក​កាន់តែ​ច្រើន​នឹង​ចូលរួម​កាត់បន្ថយ​ការនាំ​ចូល​ឈើ​កែច្នៃ​ពី​ក្រៅប្រទេស​ហើយ​ក្រុមហ៊ុន​ត្រៀម​ទទួល​ទិញ​ដើម្បី​កែច្នៃ​។

លោក​បន្ថែមថា ការអភិវឌ្ឍ​ចម្ការ​ឈើ​ដាំ​មាន​គុណតម្លៃ​ក្នុង​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ឈើ​សម្រាប់​ឧស្សាហកម្ម​កែច្នៃ​ឈើ ខណៈ​ការសាងសង់​សំណង់​នៅ​កម្ពុជា​បាននិង​កំពុង​រីកចម្រើន និង​កើនឡើង​ខ្ពស់ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ដែល​គម្រោង​សាងសង់​អគារ​ថ្មីៗ​ជាច្រើន កើតឡើង​ស្គុសស្គាយ​។

លោក​ សាន ​សុខហៀង តំណាង​ក្រុមហ៊ុន ស៊ីងបាយអូថេក បាន​ថ្លែង​ក្នុងជំនួប​ជាមួយ​អ្នក​សារព័ត៌មាន​នេះដែរ​ថា ក្រោយពី​មាន​ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ថ្មី​របស់​ក្រុមហ៊ុន​នៅ​ចុងឆ្នាំ ២០១៨ ក្រុមហ៊ុន​បាន​រៀបចំ​ផែនការ​វិនិយោគ​ដោយ​បាន​កំណត់​ផែន​ការដាំ​កូនឈើ​ជាង ៣០ ​លាន​ដើម​ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ​ ២០២៤ នៅលើ​ផ្ទៃដី ៣៤ ០០៧ ​ហិកតា ​ស្ថិត​នៅក្នុង​ខេត្តក្រចេះ និង​ស្រុក​សៀមបូក​ក្នុង​ខេត្តស្ទឹងត្រែង​។

លោក​ថា ការដាំឈើ​នេះ​ធ្វើ​ឡើង​ជា​លក្ខណៈ​ឧស្សាហកម្ម​ក្រោម​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​ទទួល​បាន​ការអនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅក្នុង​ការឈូសឆាយ​លើ​ផ្ទៃដី​ទាំងអស់​ដែល​ជា​ផ្ទៃដី​ព្រៃ​រេចរឹល​ស្ថិត​ក្នុង​ទំហំ​ដី​ដែល​បាន​ទទួល​សិទ្ធិ​ប្រើប្រាស់​សម្រាប់​ធ្វើ​ចម្ការ​ឈើ​ដាំ​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​។ ក្រុមហ៊ុន​ក៏បាន​បង់ថ្លៃ​សួយសារ និង​បុព្វលាភ​ផល​អនុផល​ព្រៃឈើ​ដែល​បាន​ពី​ការឈូសឆាយដី​ដែល​ជា​ផ្ទៃដី​ព្រៃ​រេចរឹល​នៅក្នុង​អនុតំបន់​ផ្សេងៗ​របស់ខ្លួន​ស្រប​តាម​គោលការណ៍​ច្បាប់​កំណត់​»​។

បើ​តាម​លោក សាន សុខហៀង រយៈពេល​ ៥ ​ឆ្នាំ​គឺ​ពី​ឆ្នាំ ២០១៩ ​ដល់​ឆ្នាំ ២០២៤ ក្រុមហ៊ុន​មាន​ផែន​ការដាំ​កូនឈើ​ជាង​ ៣០ ​លាន​ដើម ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ប្រើប្រាស់​ឈើ​ក្នុង​វិស័យ​ឧស្សាហកម្ម​កែច្នៃ​ឈើ​។

លោក​បន្ថែមថា ក្រុមហ៊ុន​ក៏បាន​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ និង​សហគមន៍​ដែល​រស់នៅ​ក្នុង​តំបន់​នោះ​ដែល​មាន​ដី​ទំនេរ ដើម្បី​សហការ​ដាំ​កូនឈើ​ជា​លក្ខណៈ​ដៃគូ បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ និង​បង្កើន​ជីវភាព​របស់​ពួកគាត់​៕