
មន្រ្តីឧទ្យានុរក្សក្រសួងបរិស្ថានម្នាក់ កាន់ទង់ជាតិកម្ពុជានៅលើភ្នំក្នុងតំបន់ការពារ នាពេលកន្លងមក។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ ក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ធ និងសមាគមបណ្តាញយុវជនកម្ពុជា (CYN) បានរៀបចំយុទ្ធនាការការពារព្រៃឈើនៅកម្ពុជាតាមប្រព័ន្ធអនឡាញ ដើម្បីអបអរសាទរទិវាព្រៃឈើអន្តរជាតិ ២១ មីនាក្រោមប្រធានបទ «ស្តារ ព្រៃឈើឡើងវិញ» ដើម្បីបង្ហាញសារដល់សាធារណជនពីសារៈសំខាន់នៃព្រៃឈើចំពោះមនុស្សជាតិ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ដោយសារបញ្ហាកូវីដ១៩ នៅមិនទាន់ធូរស្រាល ក្រសួងមិនអាចរៀបចំកម្មវិធីធំដុំ ឬជួបជុំដើម្បីប្រារព្ធទិវាព្រៃឈើបាននៅឡើយទេ ប៉ុន្តែបង្វែរទៅធ្វើយុទ្ធនាការតាមរយៈហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថានវិញ។
លោក នេត្រ ភក្ត្រា ថ្លែងថា៖ «ប៉ុន្មានថ្ងៃមកនេះ យើងបានផូស្តព័ត៌មានផ្សេងៗទាក់ទងព្រៃឈើក្នុងគោលបំណងបញ្ជ្រាបឱ្យប្រជាពលរដ្ឋបានដឹង បានយល់ និងឱ្យពួកគាត់ចូលរួមការពារ អភិរក្ស ហើយអ្វីដែលយើងផ្សព្វផ្សាយគឺមានទាំងធនធានធម្មជាតិ និងព្រៃឈើដែលយើងការពារ និងសត្វព្រៃ ដែលមាននៅក្នុងប្រទេសកម្ពុជា»។
លោកលើកឡើងថា ដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ ធនធានព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិត្រូវបានការពារ និងអភិរក្សបានយ៉ាងល្អ ទោះបីជាមានការប្រឈមខ្លះ និងបទល្មើសទ្រង់ទ្រាយតូចៗនៅបន្តកើតមានក្តី។
មន្ត្រីនាំពាក្យរូបនេះបន្តថា៖ «រយៈពេល ១០ ឆ្នាំចុងក្រោយនេះ ស្ថានភាពការពារ និងអភិរក្សធនធានធម្មជាតិ យើងឃើញមានភាពប្រសើរ។ ទី១ បទល្មើសទ្រង់ទ្រាយធំ លែងមានទៀតហើយ មានន័យថា ដាក់ម៉ាស៊ីនអារឈើកណ្តាលព្រៃទៅដេកកាប់កណ្តាលព្រៃ។ ក៏ប៉ុន្តែវានៅមានទ្រង់ទ្រាយតូច ដែលធ្វើឡើងដោយគោយន្ត ដោយម៉ូតូ និងសកម្មភាពផ្សេងៗទៀត ដោយបញ្ហានេះគឺជាបញ្ហានៅកើតមានឡើងនៅឡើយក្នុងតំបន់ការពារធម្មជាតិ»។
«យើងអត់ដែលបដិសេធថា អត់មានបទល្មើសកើតឡើងក្នុងតំបន់ការពារធម្មជាតិទេ។ ប៉ុន្តែមានកើតឡើងក្នុងកម្រិតទ្រង់ទ្រាយតូច ការទន្ទ្រានកាន់កាប់ដីព្រៃ ដោយខុសច្បាប់ពីសំណាក់ឈ្មួញមួយចំនួនដែលប្រើប្រាស់ប្រជាពលរដ្ឋក្រីក្រទៅទន្ទ្រានកាន់កាប់ហើយលក់ឱ្យខ្លួន»។ នេះជាការបញ្ជាក់របស់លោក ភក្ត្រា។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាពីថ្ងៃទី ១៩ មីនា បានដាំដើមឈើចំនួន ១៥០ ដើម ដើម្បីបង្កើតគម្របបៃតងដល់បរិស្ថាននៅក្នុងតំបន់អង្គរអភិរក្សប្រាសាទ និងបង្កើនជម្រកសត្វព្រៃផងដែរ។
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃ CYN ថ្លែងថា យុទ្ធនាការតស៊ូមតិពាក់ព័ន្ធព្រៃឈើនឹងធ្វើរយៈពេល ៣ ខែចាប់ផ្ដើមពីថ្ងៃទី ១៥ ខែមីនា ដោយធ្វើសកម្មភាពមួយចំនួនដូចជាការផ្សព្វផ្សាយ និងការតស៊ូមតិតាមអនឡាញ។
បើតាមលោក ហេង គឹមហុង ក្រុមការងារ ចាប់ផ្តើមយុទ្ធនាការតាមហ្វេសប៊ុកតាំងពីថ្ងៃទី ១៥ មីនា មកម្ល៉ះ ដើម្បីបង្ហាញសារនៃការទទួលស្គាល់ពីសារៈសំខាន់របស់ព្រៃឈើចំពោះមនុស្សទាំងអស់នៅលើពិភពលោក។
លោកថ្លែងថា៖ «មកដល់បច្ចុប្បន្ន យើងមានអ្នកចូលរួមយុទ្ធនាការទាំងការដូរប្រូហ្វាល ការចូលរួមផូស្តនៅលើបណ្តាញសង្គមហ្វេសប៊ុកក្រោមពាក្យស្លោក «សូមឃាត់អ្នកកាប់ កុំចាប់អ្នកការពារ» មានជាង ១ ១០០ នាក់ហើយ»។
លោក គឹមហុង ឱ្យដឹងថា នៅពេលស្ថានភាពកូវីដ ១៩ មានភាពធូរស្រាល លោកនឹងដាក់ញត្តិទៅក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ស្នើសុំជជែកពិភាក្សាជាមួយគ្នាលើបញ្ហាព្រៃឈើនៅកម្ពុជា។ ការធ្វើដូច្នេះ បន្ទាប់ពីលោកមើលឃើញថា ៣ ខែ ដើមឆ្នាំ ២០២១ មានការរឹតត្បិតសេរីភាពរបស់ពលរដ្ឋ យុវជន និងសកម្មជនស្រឡាញ់ព្រៃឈើមិនឱ្យចូលទៅតំបន់ការពារ ដើម្បីចូលរួមការពារព្រៃឈើ និងការឃាត់សកម្មជនការពារព្រៃឈើនៅខេត្តក្រចេះជាដើម។
ពាក់ព័ន្ធករណីនេះលោក នេត្រ ភក្ត្រា បញ្ជាក់ថា ក្រសួងបរិស្ថាន រីករាយជានិច្ចក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះក្នុងតំបន់ការពារធម្មជាតិ សម្រាប់ដៃគូទាំងឡាយដែលមានការគោរពតាមការណែនាំ និងនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវ។
លោកថា៖ «សម្រាប់ក្រសួងបរិស្ថានយើងអត់មានផលប្រយោជន៍អ្វីទៅប្រឆាំងជាមួយអ្នកស្រឡាញ់ និងអ្នកដែលចូលរួមក្នុងការការពារធនធានធម្មជាតិទេ ប៉ុន្តែអ្វីដែលយើងតម្រូវឱ្យធ្វើទាំងអស់គ្នា គឺការគោរពច្បាប់ជាធរមាន»៕