បាត់ដំបងៈ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រសួងបរិស្ថាន​នឹង​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ជន​ទាំងឡាយ ដែល​ប្រព្រឹត្ត​ខុសច្បាប់​ក្នុងការ​រុករាន​ទន្ទ្រាន​យក​ដីព្រៃ​នៅ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​។

លោក នេត្រ ភក្ត្រា ថ្លែងថា​៖ «​ពាក់ព័ន្ធ​ជាមួយ​នឹង​ការកាន់កាប់​ដី​ដោយ​ខុសច្បាប់​ដែល​បាន​មកពី​ការកាប់​រុករាន ទន្ទ្រាន កាន់កាប់​ដី​ដោយ​ខុសច្បាប់​គឺ​ក្រសួង​បរិស្ថាន​យើង​មិន​ទទួលស្គាល់​ទេ ហើយ​យើង​នឹង​រៀបចំ​នីតិវិធី​ក្នុង​ការដក​ហូត​មកវិញ​នូវ​ដី​ដែល​កាន់កាប់​ដោយ​ខុសច្បាប់​ហ្នឹង​»​។

កាលពី​ថ្ងៃ​អាទិត្យ​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ដឹកនាំ​កិច្ចប្រជុំ​នៅ​សាលាស្រុក​សំឡូត ដើម្បី​ពង្រឹង​ការងារ​គ្រប់គ្រង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត និង​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​ក្នុង​ភូមិសាស្ត្រ ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។ កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន អភិបាលស្រុក​សំឡូត និង​មន្ត្រី​នៃ​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​ទៀត​។ នេះ​បើ​យោង​តាម​ហ្វេសប៊ុក​របស់​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃអាទិត្យ​។

លោក សាយ សំអាល់ បាន​ថ្លែងថា កិច្ចប្រជុំ​នេះ​មាន​គោលដៅ​ផ្តោត​សំខាន់​ទៅលើ​ការ​ទប់ស្កាត់ និង​បង្ក្រាប​ការទន្ទ្រាន និង​កាន់កាប់​ដីធ្លី​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត និង​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​។

ហ្វេសប៊ុក​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា​៖ «​ជាមួយ​គ្នា​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​នឹង​ពិនិត្យ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន ដែល​បាននិង​កំពុង​កើតមាន​ទាក់ទង​នឹង​ការគ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​ព្រមទាំង​ចូលរួម​ក្នុងការ​អភិវឌ្ឍ​សហគមន៍​ការពារ​ធម្មជាតិ​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាសហគមន៍​តាមរយៈ​ការគិតគូរ​ពី​ការធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​ក្នុងនោះ​រួមទាំង​គម្រោង​ទឹកស្អាត​ផ្តល់​នូវ​ចំណេះដឹង​លើ​ការ​ចិញ្ចឹមសត្វ ដើម្បី​ប្រជាសហគមន៍​អាច​ដោះស្រាយ​ជីវភាព​រស់នៅ​បាន​ធូរធារ​ផងដែរ​»​។

លោក គង់ មុនីច័ន្ទ នាយក​អង្គការ​អភិរក្ស​ព្រៃឈើ ម៉ាដក្ស ចូលី ភីត (MJP) ដែល​អង្គការ​នេះ​បាន​ផ្ដល់​មូលនិធិ​សម្រាប់​ការពារ​ព្រៃ​អភិរក្ស​សំឡូត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា កម្រិត​កាន់កាប់​ដី​នៅ​តំបន់​នេះ​មាន​ការថយចុះ​។ នៅពេល​អាជ្ញាធរ​ធ្វើ​យុទ្ធនា​ការបង្ក្រាប​ខ្លាំង​ទៅលើ​ការ​រុករាន​ដី​នៅ​តំបន់​ប៉ៃលិន​នេះ​មាន​ក្រុម​រុករាន​ខ្លះ​បានប្រគល់​ដី​ត្រឡប់​មកវិញ​។

លោក​ថ្លែង​ថា​៖ «​ដូចជា​នៅ​ខាង​ប៉ៃលិន​មាន​ករណី​ ២ ​នោះ​យើង​ច្បាមចាប់​ទៅ អាដី​ដែល​គាត់​ចុះកិច្ចសន្យា​ហើយ​ហ្នឹង គាត់​ពង្រីក​ថែម​ហ្នឹង យើង​ប្តឹងផ្តល់​ទៅ ឥឡូវ​គាត់​ប្រគល់​ដី​មកវិញ​ខ្លះទៀត​។ នៅ​ខាង​ប៉ៃលិន​គាត់​កាត់​ត្រឡប់​ទៅ​ដី​ដើម​គាត់​វិញ​អ៊ីចឹងទៅ​»​។

លោក គង់ មុនីច័ន្ទ បាន​បញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃអាទិត្យ​លោក សាយ សំអាល់ ដូចជា​បានដាក់​ឱសានវាទ​នៅ​ថ្ងៃទី​ ១ ខែ​មករា ឆ្នាំ ​២០២០ នៅ​តំបន់​ប៉ៃលិន​នេះ ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន «​ជ្រុលដៃ​» ចុះហត្ថលេខា​លើ​ការអនុញ្ញាត​ឱ្យ​សាងសង់ ឬ​ប្រគល់​សិទ្ធិ​ឱ្យ​រស់នៅ​លើដី​ដែន​ព្រៃ​ការពារ​ទាំង​ប៉ុន្មាន​ឱ្យ​ប្រមូល​រឿង​ទាំងអស់​នោះ​យកមក​ឱ្យ​ក្រុមការងារ​ដើម្បី​និរាករណ៍​ចោល​ឡើងវិញ​ទាំងអស់​។

លោក មុនីច័ន្ទ ថ្លែងថា​៖ «​ហើយ​បើ​ផុត​ថ្ងៃ​ ១ ខែ ​១ ហើយ​រក​ទៅ​នៅតែ​ឃើញ​ឯកសារ​សល់ អា​ឯកសារ​សល់​ហ្នឹង​នឹង​ត្រូវ​ប្រឈមមុខ​ជាមួយ​ច្បាប់​ដាក់​ឡើង​ទៅ​តុលាការ​ទាំងអស់​។ នេះ ខ្ញុំ​និយាយ​តាម​សម្ដី​រដ្ឋមន្ត្រី​ទេ​ណា​! ព្រោះ​​ម្សិលមិញ គាត់ (​រដ្ឋមន្ត្រី​បរិស្ថាន​) ចុះទៅ​សំឡូត​ដោះស្រាយ​រឿង​ហ្នឹង​»​។

លោក គង់ មុនីច័ន្ទ បាន​ឲ្យ​ដឹងថា កម្លាំង​ការពារ​ដីព្រៃ​មិនអាច​ទប់ទល់​ជាមួយ​នឹង​ការទន្ទ្រាន​យក​ដីព្រៃ​នេះ​បាន​ទេ លុះត្រាតែ​ប្រជាជន​មាន​ស្មារតី​ភ្ញាក់រឭក​ថា មិន​ឈ្លានពាន​ដីព្រៃ​ទើប​អាច​ការពារ​បាន​។

លោក​ថា​៖ «​យើង​មិនមែន​ការពារ​ព្រៃ​ដូច​ការពារ​ដី​ភូមិ​យើង ធ្វើ​របង​ព័ទ្ធជុំវិញ គេ​ចូល​អត់​រួច​ឯណា​។ ព្រៃ​ព្រំដែន​វា​នៅ​គ្រប់កន្លែង ប្រជាជន​ចូល​ពី​កន្លៀត​ណា​ក៏បាន​។ ឧទ្យាននុរក្ស​នៅ​បាត់ដំបង​មាន​ ២០ (​ឬ​) ៣០ ​នាក់​។ នៅ​ខាង​ប៉ៃលិន​ដូចជា​មាន​ ២០ ​នាក់​ជាង ហើយ​គ្នា​ ៥០ (​ឬ​) ៦០ នាក់​ហ្នឹង​មិនមែន​ពង្រាយ​គ្នា​យាម​ព័ទ្ធជុំវិញ​ព្រៃ​បានទេ​។ អត់​ទេ​! អ៊ីចឹង ធ្វើ​ម៉េច ក៏​ទប់អត់​ជាប់​ដែរ​។ យើង​យាម​ដើរល្បាត​ថ្ងៃ គេ​ចូល​យប់​។ យើង​ដើរ​ផុត គាត់​ចូល​។ គាត់​លួច​ដុត (​ព្រៃ​) ក្រោយខ្នង​»​។

យោង​តាម​ហ្វេសប៊ុក​ដដែល តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​មាន​ភូមិសាស្ត្រ​ស្ថិត​ក្នុង​ខេត្តបាត់ដំបង​មួយផ្នែក និង​ខេត្ត​ប៉ៃលិន​មួយផ្នែក​ដែលមាន​ផ្ទៃដី​សរុប​ចំនួន ៦០ ០០០ ហិកតា ហើយ​ដែនជម្រក​សត្វព្រៃ​​ភ្នំ​សំកុស​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​បាត់ដំបង ពោធិ៍សាត់ និង​កោះកុង​មាន​ផ្ទៃដី​ទំហំ ៣៣៥ ៧៥០ ហិកតា​៕