កំពង់ធំៈ ក្រសួង​បរិស្ថាន​បាន​ប្តេជ្ញា​ថា នឹង​ចូលរួម​លុបបំបាត់​ជំងឺគ្រុនចាញ់​ និង​ជំងឺឆ្លង​ផ្សេងទៀត​ចេញពី​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​ឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ ២០២៥ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ លុបបំបាត់​ជំងឺ​គ្រុនចាញ់​នៅ​កម្ពុជា​ពី​ឆ្នាំ ២០១១ ​ដល់​ ២០២៥​។

ហ្វេសប៊ុក​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃ​អង្គារ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រៅពីនេះ​ «​នឹង​កាត់ផ្តាច់​ទាំងស្រុង​ជំងឺឆ្លង​ផ្សេងទៀត​ដូចជា​ជំងឺអេដស៍ ជំងឺគ្រុនឈាម​ជាដើម​ចេញ​ពី​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ផងដែរ​»​។

ថ្លែង​ក្នុងអំឡុងពេល​នៃ​ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​ការងារ​គ្រប់គ្រង​ និង​អភិរក្ស​ដែនជម្រក​សត្វព្រៃ ព្រៃឡង់ និង​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស និង​ប្រជាសហគមន៍ តំបន់​ការពារធម្មជាតិ​ជាច្រើន​រយនាក់​នៅ​ខេត្ត​កំពង់ធំ​កាលពី​ថ្ងៃ​អង្គារ​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ថ្លែងថា​៖ «​ការលុបបំបាត់​ជំងឺឆ្លង ការគិតគូរ​ពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ការទទួល​បាន​ការអប់រំ គឺជា​មូលដ្ឋានគ្រឹះ​នៅក្នុង​ការលើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាសហគមន៍​មូលដ្ឋាន​»​។ នេះ​បើតាម​ហ្វេសប៊ុក​ក្រសួងបរិស្ថាន​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ផែនការ​របស់​ក្រសួងបរិស្ថាន​គឺ​ការអប់រំ និង​ណែនាំ​ដល់​ប្រជាសហគមន៍​ និង​មន្ត្រី​ឧទ្យានុរក្ស​ដែល​រស់នៅ​ក្នុង​ដែនជម្រក​សត្វព្រៃ ព្រៃឡង់​ដែល​មាន​ ១៩ ​សហគមន៍​តំបន់​ការពារធម្មជាតិ​ដែល​បង្កើត​នៅក្នុង​តំបន់​ព្រៃឡង់​ដែលមាន​មន្ត្រី​ឧទ្យានុរក្ស​ប្រមាណ ១០០ ​នាក់​ធ្វើការ​នៅ​តំបន់​នេះ​។

លោក​ថ្លែង​ថា​៖ «​អ៊ីចឹង​គឺ​យើង​អប់រំ​គាត់​ឱ្យ​មាន​ការប្រុងប្រយ័ត្ន សម្រាន្ត​នៅក្នុង​មុង​មាន​ជ្រលក់​ថ្នាំ​ការពារ ហើយ​យើង​មាន​ការចែក​មុង​ជ្រលក់​ថ្នាំ​ទៅ​ឱ្យ​គាត់ ហើយ​សំខាន់​គឺ​ធ្វើឱ្យ​គាត់​រស់នៅ​មាន​អនាម័យ​នៅ​ជុំវិញ​តំបន់​របស់គាត់​ហ្នឹង គឺ​សុំ​កុំ​ឱ្យ​មាន​ការបំពុល ឬក៏​ចោល​សំរាម​ការបោះ​ចោល​ថង់ប្លាស្ទិក​អី​ពាសវាល ពាសកាល​អ៊ីចឹងទៅ​...»​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា ព្រៃឡង់​ត្រូវបាន​កំណត់​ជា​ដែនជម្រក​សត្វព្រៃ​លើ​ទំហំ​ផ្ទៃដី ៤៣១ ៦៨៣ ហិកតា​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ ខេត្តក្រចេះ ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​ ៩ ​ខែ​ឧសភា​ឆ្នាំ​ ២០១៦ ក្រោយពី​មាន​ការផ្ទេរ​សមត្ថកិច្ច​គ្រប់គ្រង​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​មក​ឱ្យ​ក្រសួង​បរិស្ថាន​គ្រប់គ្រង​កាលពី​ខែមេសា ឆ្នាំ​ ២០១៦​។

ទំព័រ​ហ្វេសប៊ុក​នេះ​បញ្ជាក់ទៀត​ថា​នៅ​ឆ្នាំ​ ២០១៩ ក្រសួងបរិស្ថាន​បាន​រៀបចំ​បង្កើត និង​ការប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​សហគមន៍​ការពារ​ធម្មជាតិ​ចំនួន​ ១៩ ​ដែល​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ម៉ឺន​នាក់​កំពុង​រស់នៅក្នុង និង​ក្បែរ​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​ ដើម្បី​បង្កើន​ការចូលរួម​គ្រប់គ្រង​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ចីរភាព និង​ចូលរួម​ចំណែក​លើកកម្ពស់​ជីវភាព​សហគមន៍​មូលដ្ឋាន​។

សារលិខិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​កាលពី​ថ្ងៃទី​ ២៥ ខែ​មេសា​ឆ្នាំ​ ២០១៩ បាន​ដកស្រង់​ប្រភព​របាយការណ៍​ប្រចាំឆ្នាំ​ក្នុង​សេវា​សុខាភិបាល​សាធារណៈ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ថា អត្រា​ជំងឺគ្រុនចាញ់​ប្រទេស​កម្ពុជា​មក​ដល់​ឆ្នាំ​ ២០១៨ បាន​ថយចុះ ៨៥% និង​ករណី​ស្លាប់​បាន​កាត់បន្ថយ ៩៩% ក្រោយពី​បាន​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ពី​ឆ្នាំ​ ២០១១ ​ដល់​ ២០២៥​។

សារលិខិត​បញ្ជាក់ថា​៖ «​បានន័យថា ករណី​ឈឺ​នៃ​ជំងឺគ្រុនចាញ់​មាន​ជាង​ ១៧ ​ម៉ឺន​ករណី និង​ស្លាប់​ពី ៤៤៦ ៨៩១ ​នាក់ ​ក្នុង​ ១ ​ឆ្នាំៗ​ នា​អំឡុង​ពេលមុន​ឆ្នាំ ២០១១ ត្រូវបាន​កាត់បន្ថយ​ចុះ​មក​នៅត្រឹម ៦៥ ១១៤ ករណី​ ឈឺ និង​មិន​មាន​ស្លាប់​សោះ​នា​ឆ្នាំ​ ២០១៨ ​ពិសេស​ករណី​ទាំងនោះ​ជាង ៧០% គឺជា​ប្រភេទ​ជំងឺ​ស្រាល​ (​វីវ៉ាក់​)»​។

លោក ស ម៉ូរី អនុប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ដែល​តែងតែ​ចូលរួម​ចុះ​ល្បាត​ព្រៃ​ដើម្បី​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​ថ្លែង​ពីថ្ងៃ​ពុធ​ថា ក្រសួង​បរិស្ថាន​គួរតែ​ធ្វើការងារ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល ជាពិសេស​ក្នុង​ការដាក់​ពង្រាយ​គ្រូពេទ្យ​ផ្នែក​គ្រុនចាញ់​ទៅ​គ្រប់​ភូមិ ឃុំ​នៅក្នុង​តំបន់​ព្រៃឡង់​។

ក្រសួង​ក៏​គួរតែ​ពង្រឹង​គុណភាព​ផ្នែក​ការផ្តល់សេវា​ពិគ្រោះ​យោបល់​ពិនិត្យ​ឈាម និង​ផ្តល់​ថ្នាំពេទ្យ​នៅក្នុង​ភូមិ និង​ពង្រឹង​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ពី​វិធីសាស្ត្រ​ក្នុង​ការបង្ការ​ជំងឺគ្រុនចាញ់​។ «​បញ្ហា​គ្រុនចាញ់​នៅក្នុង​តំបន់​ព្រៃឡង់​ហ្នឹង​មិន​ត្រឹម​តែ​មូសខាំ​ទេ ប៉ុន្តែ​ពេលខ្លះ​ការ​ពិសា​ទឹក​មិន​ស្អាត វា​ចូលរួម​ចំណែក​ក្នុង​ការបង្កើត​ឱ្យ​មាន​ជំងឺគ្រុនចាញ់​ដូចគ្នា​ដែរ​» ។

លោក ស ម៉ូរី បន្តថា ភាគច្រើន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​ព្រៃឡង់​ការបរិភោគ​ទឹក​របស់​ពួកគាត់​មិន​បាន​ចម្រោះ​ ឬ​ក៏​ចម្អិន​ត្រឹមត្រូវ​ទេ គឺ​ពួកគាត់​ហូប​ទឹកស្ទឹង​ទឹក​បឹង​ផ្ទាល់​តែម្តង៕

វីដេអូ៖