ភ្នំពេញ៖ ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការព្យាបាលជំងឺ «ឈាមសស៊ីឈាមក្រហម» តាមបែបបុរាណខ្មែរនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយក្រសួងអះអាងថា ជាការឃោសនាកុហក បោកប្រាស់របស់គ្រូបុរាណខ្មែរ ហើយក៏បានបិទទីតាំងព្យាបាលជំងឺនោះ បើទោះបីអ្នកជំងឺ និងភាគីព្យាបាលជំងឺ អះអាងថា មិនមែនជាការបោកប្រាស់ក្តី។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ៩ ខែតុលា ដែល ភ្នំពេញ ប៉ុស្ដិ៍ ទទួលបានពីម្សិលមិញបានបដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិត មិនត្រឹមត្រូវលើបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពព្យាបាលរបស់គ្រូខ្មែរលើជំងឺឈាមសស៊ីឈាមក្រហមជាសះស្បើយ ១០០ ភាគរយ នៅភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយការប្រើម្ជុលចាក់ ម្រាមដៃច្របាច់យកឈាមចេញ។
សេចក្ដីប្រកាសព័ត៌មានបន្តថា ការព្យាបាលជំងឺឈាមសស៊ីឈាមក្រហម គឺតម្រូវឱ្យមានការព្យាបាល ១ តាមបែបវិទ្យាសាស្ត្របច្ចេកទេសពេទ្យ ដោយគ្រូពេទ្យមានជំនាញត្រឹមត្រូវមិនតម្រូវឱ្យធ្វើការព្យាបាលតាមបែបបុរាណណាមួយដែលមិនត្រឹមត្រូវ ដោយពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាលឡើយ។
ក្រសួងបានអំពាវនាវឱ្យពលរដ្ឋទាំងអស់សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការព្យាបាលជំងឺនេះ និងមិនត្រូវជឿតាមការឃោសនា ភូតភរ កុហក បោកប្រាស់របស់គ្រូបុរាណទេ ព្រោះអាចធ្វើឱ្យមានការចម្លងរោគយ៉ាងសាហាវបំផុត ដូចជាជំងឺអេដស៍ ជំងឺរលាកថ្លើមប្រភេទបេ និងរលាកថ្លើមប្រភេទសេពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដោយមិនដឹងខ្លួនចូលទៅក្នុងរាងកាយរបស់មនុស្ស និងអាចធ្វើឱ្យបាត់បង់អាយុជីវិតតាមរយៈការចម្លងមេរោគនេះ។ ដូច្នេះក្រសួងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចខេត្តស្វាយរៀង ចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុតចំពោះគ្រូបុរាណខ្មែរម្នាក់នេះ។
លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងថ្លែងពីម្សិលមិញថា អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានចុះទៅចាត់វិធានការចំពោះគ្រូបុរាណខ្មែរ ដែលព្យាបាលជំងឺឈាមសស៊ីឈាមក្រហមរួចរាល់កាលពីថ្ងៃទី ១០ ខែតុលា។ សមត្ថកិច្ចបានដកហូតវត្ថុតាង និងសម្ភារមួយចំនួនដែលបម្រើឱ្យការព្យាបាលជំងឺនេះ ព្រមទាំងតម្រូវឱ្យធ្វើកិច្ចសន្យាផងដែរ។
លោកបញ្ជាក់ថា៖ «វិធីព្យាបាលរបស់គាត់ គឺបង្កហានិភ័យខ្ពស់ចំពោះការចម្លងមេរោគសាហាវនានា។ អ៊ីចឹងយើងមិនអាចអនុញ្ញាតឱ្យគាត់ព្យាបាលបែបនេះទៀតទេ ដើម្បីចៀសវាងមានបញ្ហាណាមួយកើតឡើងនៅថ្ងៃក្រោយទៀត។ ដំបូងឡើយ យើងឃើញគាត់ព្យាបាលប្រើថ្នាំបុរាណតិចតួចទេ ប៉ុន្ដែយូរៗទៅគាត់ធ្វើជាលក្ខណៈទ្រង់ទ្រាយធំ ដោយគ្មានការអនុញ្ញាត ឬទទួលស្គាល់ពីមន្ត្រីជំនាញត្រឹមត្រូវ អ៊ីចឹងយើងមិនអនុញ្ញាតទេ»។
លោក ហ៊ួត ឈឿន ដែលជាគ្រូបុរាណខ្មែរព្យាបាលជំងឺឈាមសស៊ីឈាមក្រហមមិនអាចទាក់ទងសុំការបញ្ជាក់បានទេ ពីម្សិលមិញ ប៉ុន្តែកូនប្រុសរបស់គ្រូបុរាណរូបនេះប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថាឪពុករបស់លោកបានព្យាបាលជំងឺឈាមសស៊ីឈាមក្រហមនេះរយៈពេលជាង ៣០ ឆ្នាំហើយ។ ប្រជាពលរដ្ឋនៅមូលដ្ឋាននៃខេត្តស្វាយរៀង និងនៅតាមបណ្ដាខេត្តផ្សេងៗទៀតដែលមានជំងឺនេះ តែងតែនាំគ្នាមករកឪពុកលោក ដើម្បីឱ្យជួយព្យាបាលជំងឺពួកគាត់។
លោកបន្តថា អ្នកជំងឺឈាមសស៊ីឈាមក្រហមភាគច្រើន ត្រូវបានឪពុកលោកព្យាបាលឱ្យបានជាសះស្បើយទាំងស្រុង ដោយមិនមានការបោកប្រាស់ ឬភូតភរអ្វីឡើយ។ ការព្យាបាលរបស់ឪពុកលោកបានប្រើប្រាស់ឱសថបុរាណខ្មែរកិនឱ្យហ្មត់ ហើយច្រកជាកញ្ចប់តូចៗ ដើម្បីឱ្យអ្នកជំងឺយកទៅលាយជាមួយទឹកក្ដៅពិសា ក្រោយពីឪពុកលោកពិនិត្យ និងយកម្ជុលជួសម្រាមដៃច្របាច់យកឈាមមិនល្អចេញ។
លោកអះអាងថា៖ «ការព្យាបាលរបស់ឪពុកខ្ញុំ គឺអ្នកជំងឺជឿជាក់ទាំងស្រុងតែម្ដង មិនមានការភូតកុហកអីទេ។ ឪពុកខ្ញុំប្រហែលជាគាត់ផ្អាកមើលជំងឺឈាមសស៊ីឈាមក្រហមសិន ព្រោះអាជ្ញាធរ និងមន្ត្រីពេទ្យគេចុះមកហាមឃាត់ដែរ។ យើងអត់ហ៊ានប្រឆាំងអ្វីជាមួយគេទេ បើគេឱ្យឈប់ យើងឈប់ដែរ»។
អ្នកស្រី សុផា ស្រីមុំ អាយុជាង ៤០ ឆ្នាំ រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និយាយពីម្សិលមិញថា អ្នកស្រីផ្ទាល់បានកើតជំងឺឈាមសស៊ីឈាមក្រហមរយៈពេលជាង ៧ ឆ្នាំហើយ។ អ្នកស្រីទៅរកសេវាព្យាបាលជំងឺនៅពេទ្យល្បីៗនៅភ្នំពេញ ពេទ្យនៅវៀតណាម និងពេទ្យនៅប្រទេសថៃ ប៉ុន្ដែជំងឺអ្នកស្រីមិនធូរស្បើយទេ។
អ្នកស្រីបន្តថា ជាជម្រើសចុងក្រោយរបស់អ្នកស្រី គឺបានមកព្យាបាលជាមួយលោកគ្រូ ហ៊ួត ឈឿន នៅខេត្តស្វាយរៀងនេះដោយដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក។ នៅពេលមកដល់ផ្ទះគ្រូបុរាណខ្មែរនេះ លោកគ្រូបានពិនិត្យ និងប្រើម្ជុលជួសឈាម ហើយបានផ្ដល់ថ្នាំបុរាណខ្មែរសម្រាប់បរិភោគពេលត្រឡប់មកផ្ទះវិញ។
អ្នកស្រី សុផា ស្រីមុំ បញ្ជាក់ថា៖ «អាការជំងឺខ្ញុំហ្នឹង គឺហេវបាយ ហត់ អស់កម្លាំង បែកញើស ញ័រសាច់។ ជំងឺហ្នឹង ទោះបីជាយើងខំហូបចំណី ឬបាយប៉ុនណាក៏ដោយ ក៏មិនមានកម្លាំងដែរ ហើយពិបាកក្នុងខ្លួន។ ខ្ញុំទៅរកពេទ្យព្យាបាលអស់លុយជិត ៤ ម៉ឺនដុល្លារហើយ តែមិនជាទេ ពេទ្យគេឱ្យលេបតែថ្នាំរាល់ថ្ងៃ។ ជម្រើសចុងក្រោយដែលខ្ញុំមករកគ្រូបុរាណខ្មែរនេះ ឥឡូវខ្ញុំជាសះស្បើយហើយ សុខភាពខ្ញុំធម្មតាវិញហើយ គេមិនជឿ ប៉ុន្ដែខ្ញុំជឿ»៕
វីដេអូ៖