ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ថ្ងៃទី​ ២៧ ខែ​សីហា បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​បន្ទាន់​ដោយ​ផ្ដោត​លើ​ការដោះស្រាយ និង​ទប់ទល់​ជាមួយ​គ្រោះមហន្ដរាយ ទឹកជំនន់ និង​គ្រោះរាំងស្ងួត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​នេះ ខណៈ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេមេគង្គ បង្ក​ផលប៉ះពាល់​ដល់​ខេត្ដ​ចំនួន​ជាង​ ១០ ឯ​គ្រោះ​រាំងស្ងួត​ប៉ះពាល់​ ៨ ​ខេត្ដ និង​បណ្ដាល​ឲ្យ​មនុស្ស​ ៣០ ​នាក់​ស្លាប់​។

លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជំនន់​ទន្លេមេគង្គ គិត​ត្រឹម​ថ្ងៃទី ២៨ ខែ​សីហា ប៉ះពាល់​ដល់​ខេត្ត​ចំនួន​ ៦ គឺ​ខេត្ត​ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល និង​ខេត្ត​ព្រៃវែង ហើយ​ថា​កិច្ចប្រជុំ​បន្ទាន់​របស់​ក្រសួង​កសិកម្ម កាលពី​ថ្ងៃទី​ ២៧ ខែ​សីហា​ផ្តោត​ទៅ​លើ​ការដោះស្រាយ និង​ទប់ទល់​ជាមួយ​គ្រោះមហន្តរាយ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​នេះ ខណៈ​ជំនន់​ទឹកភ្លៀង​ក៏​បាន​បង្ក​ផលប៉ះពាល់​ដល់​ខេត្ត​ចំនួន​ ៧ គ្រោះរាំងស្ងួត​បង្ក​​ផលប៉ះពាល់​ខេត្ត​ចំនួន​ ៨ និង​បណ្តាល​ឲ្យ​មាន​ការ​បាត់បង់​ជីវិត​ផង​ដែរ​នោះ​។

លោក​បញ្ជាក់​ថា​៖ «​ជំនន់​ទន្លេមេគង្គ​ត្រឹម​រយៈពេល​ ១ ​ខែ​នេះ​ (​ខែ​សីហា​) ​មាន​ការ​ឡើង​ចុះ​ ៣ ​ដង​ប្រជាពលរដ្ឋ ៩៩ ៦៨៥ ​គ្រួសារ​ត្រូវ​រងគ្រោះ​បណ្ដាល​ឲ្យ​មនុស្ស ៣០ ​នាក់​ស្លាប់ សន្ទូង​ពង្រោះ​លិច​ទឹក​ ៤១៣៤៤ ហិកតា ខូច ១៦ ៨០៤ ហិកតា​»​។

លោក​បន្ថែម​ថា​ក្រៅពី​ជំនន់​ទឹកទន្លេ​មេគង្គ ជំនន់​ទឹកភ្លៀង​លើក​ទី​ ២ នេះ​បង្ក​ផលប៉ះពាល់​ ៧ ​ខេត្ដ និង​ ១៧ ក្រុង-ស្រុក​។ ខេត្ត​ទាំង​ ៧ ​នោះ​រួមមាន​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពត រតនគិរី កំពង់ស្ពឺ និង​ខេត្ត​កំពង់ធំ ហើយ​ជំនន់​ទឹកភ្លៀង​នេះ​បាន​បង្ក​ផលប៉ះពាល់​ប្រជាពលរដ្ឋ ៨ ៩២៥ គ្រួសារ ពលរដ្ឋ​ជម្លៀស​ ៥៧៩ ​គ្រួសារ សន្ទូង​ពង្រោះ លិច​ទឹក​ ១៤-៣៧៣ ​ហិកតា ខូច ៥ ៣៥២ ​ហិកតា​។ ដំណាំ​រួមផ្សំ​លិច​ទឹក ១ ៦០១ ​ហិកតា និង ខូច​ចំនួន​ ៣១៥ ​ហិកតា​។

ចំពោះ​គ្រោះ​រាំងស្ងួត​លោក​ កែវ វី ឲ្យ​ដឹង​ថា​បង្ក​ផលប៉ះពាល់​ចំនួន​ ៨ ​ខេត្ត រួមមាន ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប កំពង់ស្ពឺ ព្រៃវែង ត្បូងឃ្មុំ និង​ខេត្ត​កណ្តាល​។ ក្នុង​នោះ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​ធ្ងន់ធ្ងរ​ជាងគេ​។

លោក​ថា​៖ «​ក្រៅពី​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ខេត្ដ​ផ្សេង​រងផលប៉ះពាល់​តិចតួច​ដោយ​យើង​បាន​បើក​បញ្ចេញ​ទឹក និង​បូមទឹក​ជួយ​សង្គ្រោះ​បាន​។ ក្នុង​នោះ​ការប៉ះពាល់​សន្ទូង​ពង្រោះ​សរុប​ចំនួន ៤៩ ៤៦១ ​ហិកតា ហើយ​មាន​ការ​ខូចខាត​ចំនួន ៣ ៤៨៦ ​ហិកតា​សរុប​ទាំង​ ៨ ​ខេត្ដ​នេះ​»​។

លោក​ វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បញ្ជា​ឲ្យ​ធ្វើការ​បូកសរុប​របាយការណ៍​ជា​បន្ទាន់ ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​ពិនិត្យ រួច​ស្នើសុំ​វិធានការ​ដោះស្រាយ​បញ្ហា​ជូន​បងប្អូន​ប្រជាកសិករ​ឲ្យ​បាន​ទាន់​ពេលវេលា ឲ្យ​ទទួល​បាន​ប្រសិទ្ធភាព និង​ប្រសិទ្ធផល​។ លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា​ត្រូវ​តែ​មាន​ការ​បូក​សរុប​ផលប៉ះពាល់​លើ​ដំណាំ​រួមផ្សំ ដំណាំ​កសិឧស្សាហកម្ម ពិសេស​ដំណាំ​ស្រូវ និង​សត្វពាហនៈ​ដែល​ត្រូវ​បាន​ទទួល​រង​ការខូចខាត​ដោយ​គ្រោះធម្មជាតិ​ (​ទឹកជំនន់ និង​​រាំងស្ងួត​) ​នៅ​តាម​បណ្តា​ខេត្ដ​ដែល​ទទួលរង​គ្រោះ​។

លោក​បញ្ជាក់​ថា​៖ «​ការដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើ​ដោយ​កាត់បន្ថយ​ឲ្យ​បាន​ជា​អតិបរមា​ក្នុង​ការ​អង្គុយ​បក់ផ្សែង​»​។

លោក​ថា​ត្រូវ​មាន​ការរៀបចំ​ផែនការ​សកម្មភាព​ចុះ​អន្តរាគមន៍​ជាបន្ទាន់​តាម​ការចាំបាច់ ដើម្បី​ធ្វើការ​ស្តារ​ឡើង​វិញ​នៃ​ការ​ខូចខាត និង​ការសិក្សា​ពី​តម្រូវការ ចាំបាច់​របស់​ប្រជាកសិករ និង​លទ្ធភាព​នៃ​ការផ្គត់ផ្គង់​របស់​ក្រសួង​ដូចជា​ស្រូវពូជ គ្រាប់ពូជ​ដំណាំ​គ្រប់​ប្រភេទ និង​ថ្នាំ​ការពារ​ជំងឺឆ្លង​សត្វ​។

លោក​ ស្រេង វុទ្ធី អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​កសិកម្ម​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ម្សិលមិញ​ដែរ​ថា​ក្នុង​កិច្ចប្រជុំ​បន្ទាន់​កាលពី​ថ្ងៃ​ខាង​លើ​បាន​លើក​ឡើង​នូវ​គោលបំណង​សំខាន់​មួយ​ចំនួន ដើម្បី​សង្គ្រោះបន្ទាន់​ចំពោះ​គ្រោះមហន្ដរាយ​ពី​ទឹកជំនន់ និង​គ្រោះ​រាំងស្ងួត​ឆ្នាំ​នេះ​។

លោក​ថ្លែង​ថា​៖ «​ក្នុង​នោះ​យើង​ក៏​បាន​អង្កេត​មើល​ដែរ​ក្រោយ​ពី​ទឹក​ស្រក​ទៅវិញ តើ​ស្ថានភាព​បង្ក​បង្កើនផល​នោះ​មាន​ទំហំ​ប៉ុន​ណា ដើម្បី​ងាយ​ក្នុង​ការ​កំណត់​បរិមាណ​ស្រូវពូជ​ក្នុង​ការ​ស្តារ​ឡើង​វិញ ហើយ​កន្លែង​ណា​ដែល​មិន​អាច​ធ្វើស្រែ​វិញ​»​។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​ក៏​ប្រកាស​ពី​កម្ពស់​ទឹក​ព្យាករ​តាម​ស្ថានីយ​ជល​សាស្ត្រ​ទាំង​ ៧ ​កន្លែង​នៅ​ថ្ងៃទី​ ២៨-៣០ ខែ​សីហា​ឆ្នាំ​ ២០១៨ គឺ​កម្ពស់​ទឹក នៅ​ទន្លេ​មេគង្គ-​ស្ទឹងត្រែង ក្រចេះ និង​នៅ​ទន្លេមេគង្គ​ក្នុង​ខេត្ត​កំពង់ចាម ទឹក​នឹង​បន្ត​ស្រក​ចុះ​ហើយ​នៅ​ខេត្ត​កំពង់ចាម ទឹក​នឹង​ស្រក​ចុះ​ក្រោម​កម្រិត​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​នៅ​ថ្ងៃទី​ ៣០ ខែ​សីហា ឆ្នាំ​ ២០១៨​។

ក្រសួង​បាន​ប្រកាស​ថា​ទន្លេ​បាសាក់​ចតុមុខ​នៅ​ភ្នំពេញ​ទឹក​បន្ត​ឡើង​នៅ​ថ្ងៃទី ២៨-២៩ ខែ​សីហា និង​នៅ​ថ្ងៃទី​ ៣០ ខែ​សីហា​ទឹក​នឹង​ស្រក​មក​វិញ​។

ដោយ​ឡែក​នៅ​ទន្លេមេគង្គ-អ្នកលឿង​ក្នុង​ខេត្ត​ព្រៃវែង ទន្លេបាសាក់-កោះខែល និង​ទន្លេសាប-ព្រែកក្តាម ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​ ២៨-៣០ ខែ​សីហា ទឹក​នឹង​បន្ត​ឡើង ហើយ​ក្នុង​នោះ​នៅ​ទន្លេ​បាសាក់-កោះខែល​ក្នុង​ខេត្ត​កណ្តាល កម្ពស់​ទឹក​នៅ​បន្ត​ស្ថិត​នៅ​លើ​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ដដែល​៕