ព្រះសីហនុៈ មន្ដ្រីជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងបើកវគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃដល់អ្នកបើកបររថយន្តធុនធ្ងន់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន ១៨០ នាក់ តាមការស្នើសុំរបស់កំពង់ផែនេះ ដើម្បីឱ្យអ្នកបើកបរអាចប្រឡងយកបណ្ណបើកបរសមស្របបានទៅតាមច្បាប់។
លោក ឈួន វន់ អគ្គនាយកដឹកជញ្ជូនផ្លូវគោក និងជាអ្នកនាំពាក្យក្រសួងសាធារណការបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ការបើកវគ្គបង្រៀនអ្នកបើកបររថយន្តនៅកំពង់ផែស្វយ័តព្រះសីហនុនេះបានចាប់ផ្ដើមកាលពីថ្ងៃទី ១៣ ខែកក្កដា ដោយមានអ្នកបើកបររថយន្តធុនធ្ងន់គ្រប់ប្រភេទចូលរួមរៀនចំនួន ១៨០ នាក់។
លោកថ្លែងថា៖ «ដោយសារតែមានការស្នើសុំពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទើបមន្ត្រីជំនាញក្រសួងសាធារណការចុះទៅបណ្ដុះបណ្ដាលបង្រៀនពីការបើកបររថយន្តធុនធ្ងន់ដល់អ្នកបើកបរ។ អ្នកបើកបរនៅទីនោះ ភាគច្រើនមិនទាន់មានបណ្ណបើកបររថយន្តធុនធ្ងន់នោះទេ»។
លោកថ្លែងថា អ្នកបើកបរទាំងនោះភាគច្រើនមានបណ្ណបើកបរជាប្រភេទលក្ខណៈគ្រួសារហើយបានមកធ្វើការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ការបើកបររថយន្តប្រភេទធុនធ្ងន់ដែលមិនត្រូវតាមប្រភេទយានយន្តទើបមានការស្នើសុំឱ្យបើកវគ្គបណ្ដុះបណ្ដាលដើម្បីឱ្យសមស្របតាមច្បាប់កំណត់។
បើតាមលោក វន់ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងមាន ៣ វគ្គដែលក្នុង ១ វគ្គ មានរយៈពេល ១ សប្ដាហ៍ ហើយអ្នកបើកបរដែលទទួលបានការបណ្ដុះបណ្ដាលក្នុងវគ្គនេះក្រោយបញ្ចប់វគ្គអាចមានសមត្ថភាពប្រឡងយកបណ្ណបើកបររថយន្តធុនធ្ងន់បាន។
លោកបញ្ជាក់ថា៖ «ការរៀននេះ គឺយើងបង្រៀនពួកគាត់ទៅតាមប្រភេទបណ្ណបើកបររបស់ពួកគាត់ បើពួកគាត់មិនទាន់មានបណ្ណបើកបរសោះ យើងបង្រៀនគាត់ឱ្យទទួលបានបណ្ណបើកបរប្រភេទ «ខ» បើពួកគាត់មានបណ្ណបើកបរប្រភេទ «គ ឬ ឃ» គឺបង្រៀនឱ្យយកបណ្ណបើកបរប្រភេទ «ង» ដែលជាប្រភេទរថយន្តធុនធ្ងន់បាន»។
លោកស្រី លឹម សុខជា ទីប្រឹក្សាជាន់ខ្ពស់ អង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានគាំទ្រចំពោះវិធានការរបស់ក្រសួងសាធារណការដែលបានចុះអនុវត្តផ្ទាល់ដល់កន្លែងក្នុងការបណ្ដុះបណ្ដាលដល់អ្នកបើកបរបែបនេះ។
លោកស្រីថ្លែងថា៖ «ប៉ុន្ដែខ្ញុំលើកទឹកចិត្ដឱ្យក្រសួងបន្តអនុវត្ដយន្តការបណ្ដុះបណ្ដាលនេះដល់អ្នកបើកបរនៅតាមបណ្ដាក្រុមហ៊ុន និងស្ថាប័នផ្សេងៗទៀត និងលើកទឹកចិត្ដដល់ក្រុមអ្នកបើកបរដែលទទួលបានការបណ្ដុះបណ្ដាលនេះហើយត្រូវទៅប្រឡងយកបណ្ណបើកបរឱ្យបានត្រឹមត្រូវតាមប្រភេទរថយន្តដែលខ្លួនកំពុងបើកបរ»។
លោក ឈួន វន់ បានបញ្ជាក់ទៀតថា ក្រសួងសាធារណការនឹងបន្តបើកវគ្គបណ្ដុះបណ្ដាលបែបនេះ ដល់អ្នកបើកបររថយន្តធុនធ្ងន់តាមបណ្ដាស្ថាប័ន ក្រុមហ៊ុនផ្សេងទៀតទៅតាមការស្នើសុំមកក្រសួង ព្រោះក្រសួងលើកទឹកចិត្ដចំពោះការផ្ដល់វគ្គបណ្ដុះបណ្ដាលបែបនេះ ដោយមិនយកថវិការហូតដល់ចុងឆ្នាំ ២០២០។
លោកបញ្ជាក់ថា៖ «ចំណុចសំខាន់នៅវគ្គបណ្ដុះបណ្ដាលនេះគឺយើងបានបញ្ចូលនូវក្រមសីលធម៌ដល់អ្នកបើកបរបន្ថែមពីលើទ្រឹស្ដីនៃច្បាប់បើកបរ។ ក្រមសីលធម៌ក្នុងការបើកបរនេះសំខាន់ណាស់ សម្រាប់អ្នកបើកបរ ដើម្បីឱ្យគាត់យល់គ្នា អធ្យាស្រ័យគ្នា និងមានសុជីវធម៌ក្នុងការបើកបរលើដងផ្លូវ»៕