ភ្នំពេញៈ ក្រសួងកិច្ចការនារី សហការជាមួយក្រសួងព័ត៌មាន ក្លិបអ្នកកាសែត និងអង្គការ ActionAid គាំទ្រថវិកាដោយស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃសុក្រនេះបានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយដល់អ្នកសារព័ត៌មាន និងសិស្សនិស្សិតប្រព័ន្ធផ្សព្វផ្សាយក្រោមប្រធានបទ ការលើកកម្ពស់ការយល់ដឹងពីការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍អំពើហិង្សាលើស្ត្រីនាទីស្តីការក្រសួងកិច្ចការនារី។
សិក្ខាសាលាផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យសិក្ខាកាមបានយល់ដឹងពីឫសគល់ ព្រមទាំងផលប៉ះពាល់នៃអំពើហិង្សាលើស្ត្រី និងដឹងពីរបៀបក្នុងការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សា និងចង់ឱ្យសិក្ខាកាមបានយល់ដឹងកាន់តែទូលំទូលាយពីក្រមសីលធម៌អ្នកសារព័ត៌មាន ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី និងវិជ្ជាជីវៈអ្នកសារព័ត៌មាន។
តាមសេចក្តីជូនដំណឹងរបស់ស្ថាប័នទាំងនោះបានបញ្ជាក់ថាសិក្ខាសាលានេះ ក៏មានបំណង ដើម្បីលើកទឹកចិត្តឱ្យសិក្ខាកាមចូលរួមអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី កាន់តែមានប្រសិទ្ធភាពផងដែរ។
អង្គការ អាក់សិនអេតកម្ពុជា ដែលបានចូលរួមឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយដើម្បីតាមដានការអនុវត្តក្រមសីលធម៌ក្នុងចំណោមអ្នកសារព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានរកឃើញថា ករណីអំពើហិង្សាលើស្ត្រីត្រូវបានរាយការណ៍ព័ត៌មាន និងអ្នកអត្ថាធិប្បាយព័ត៌មានមួយចំនួនបានធ្វើសេចក្តីរាយការណ៍ប្រាសចាកពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍អំពើហិង្សាលើស្ត្រី និងវិជ្ជាជីវៈអ្នកសារព័ត៌មាន (ដូចជាការប្រើប្រាស់រូបភាព ការសរសេរ និងការធ្វើអត្ថាធិប្បាយដែលប៉ះពាល់សេចក្ដីថ្លៃថ្នូរ និងអនាគតជនរងគ្រោះ)។
លោកស្រី ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីបានថ្លែងថា កម្ពុជាបានទទួលស្គាល់ការងារលើកកម្ពស់សមភាពយេនឌ័រ ក៏ដូចជាការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រីគឺចាំបាច់ណាស់ត្រូវការការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធនៅក្នុងសង្គម។ ជាពិសេសនោះគឺតាមរយៈតួនាទីយ៉ាងសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមដែលភ្នាក់ងារដ៏មានឥទ្ធិពលលើសាធារណជនទូទៅ។
លោកស្រីបានបញ្ជាក់ថា៖ «សារព័ត៌មាន ពិតជាមានតួនាទីសំខាន់ណាស់ ក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី ជាពិសេសតួនាទីក្នុងការផ្តល់ព័ត៌មាន និងសារនានា ដើម្បីជួយជនរងគ្រោះទទួលបាននូវយុត្តិធម៌ និងមិនក្លាយជាជនរងគ្រោះបន្ថែមទៀត។ លើកទឹកចិត្តដល់សង្គម និងអ្នកពាក់ព័ន្ធក្នុងការជួយគាំទ្រដល់ជនរងគ្រោះដោយគ្មានការរើសអើង និងជំរុញការអនុវត្តច្បាប់ ព្រមទាំងការបញ្ជាក់យ៉ាងច្បាស់អំពីគ្មានវប្បធម៌លើកលែងទោសដល់ជនល្មើស ឬអ្នកប្រព្រឹត្ត»។
លោក Laurent Triponey ទីប្រឹក្សាទី ១ នៃស្ថានទូតបារាំងប្រចាំកម្ពុជាបានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះគឺជាការលើកកម្ពស់សមភាពរវាងបុរស និងស្ត្រី ហើយវាគឺជាគោលនយោបាយជាអាទិភាពមួយរបស់រដ្ឋាភិបាលបារាំង។ ក្នុងន័យនេះបារាំងបានដាក់ចេញនូវយុទ្ធសាស្ត្រអន្តរជាតិមួយសម្រាប់ឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ដើម្បីលើកស្ទួយសមភាពយេនឌ័រដោយរួមបញ្ចូលផងដែរនូវការការពារស្ត្រីប្រឆាំងនឹងអំពើហិង្សាគ្រប់ទម្រង់។
ជាមួយគ្នានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារួមអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងអង្គការដទៃទៀតក៏បានធ្វើយុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រីនេះ និងរួមគ្នាដើម្បីបញ្ចប់អាពាហ៍ពិពាហ៍កុមារ និងធានាថា ស្ត្រី និងក្មេងស្រីវ័យក្មេងនៅទូទាំងប្រទេសអាចបំពេញនូវសក្តានុពលពេញលេញរបស់ពួកគេ។ ការធ្វើយុទ្ធនាការនេះគឺដើម្បីអបអរទិវាអន្តរជាតិដើម្បីបំបាត់អំពើហិង្សាលើស្ត្រីដែលត្រូវនឹងថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានឱ្យដឹងថា យុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី ២៥ ខែវិច្ឆិកា រហូតដល់ទិវាសិទ្ធិមនុស្សថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០ ដើម្បីរួមគ្នាបញ្ចប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។
អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ២៥ វិច្ឆិកាថា នៅប្រទេសកម្ពុជា ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រី ៥ នាក់បានរៀបការមុនអាយុ ១៨ ឆ្នាំ។ ចំនួនភាគច្រើននៃអត្រានេះគឺជាក្មេងស្រីជនជាតិភាគតិចនៅខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
អង្គការសហប្រជាជាតិបានបញ្ជាក់ថា៖ «ក្នុងយុទ្ធនាការ ១៦ ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រីនេះ យើងចាំបាច់ត្រូវធ្វើការរួមគ្នាដើម្បីបញ្ចប់អាពាហ៍ពិពាហ៍កុមារ និងធានាថា ស្ត្រី និងក្មេងស្រីវ័យក្មេងនៅទូទាំងប្រទេសអាចបំពេញនូវសក្តានុពលពេញលេញរបស់ពួកគេ»។
ដើម្បីទប់ស្កាត់អំពើហិង្សា និងការយាយីលើស្ត្រីនៅកន្លែងធ្វើការ អង្គការអន្តរជាតិ FEMNET ក៏បានប្រកាសពីយុទ្ធនាការសម្លៀកបំពាក់ស្អាតនៅទូទាំងពិភពលោកផងដែរ។ យុទ្ធនាការសម្លៀកបំពាក់ស្អាតនេះធ្វើឡើងដើម្បីកែលម្អលក្ខខណ្ឌ និងគាំទ្រដល់ការផ្តល់សិទ្ធិអំណាចដល់កម្មករនៅក្នុងឧស្សាហកម្មកាត់ដេរនៅក្នុងពិភពលោក។ អំពើហិង្សាប្រឆាំងនឹងភេទ និងការយាយីប៉ះពាល់ដល់ស្ត្រី និងក្មេងស្រីនៅជុំវិញពិភពលោកបានកើនឡើងយ៉ាងខ្លាំងចាប់ផ្តើមតាំងពីមានវិបត្តិនៃកូវីដ- ១៩។ យុទ្ធនាការសម្លៀកបំពាក់ស្អាត ត្រូវបានប្រកាសផ្សាយពីគោលជំហរមួយថ្មីទៀតជាបន្ទាន់នូវការចាត់វិធានការប្រឆាំងនឹងអំពើហិង្សានៅកន្លែងធ្វើការ ដែលផ្តោតជាគោលដៅដំបូងនៅតាមបណ្តារោងចក្រកាត់ដេរ។ អំពាវនាវដល់ក្រុមហ៊ុន និងអ្នកនយោបាយត្រូវចូលរួមអនុវត្តវិធានការសមស្របសម្រាប់ការពារ និងកាត់បន្ថយអំពើហិង្សានៅកន្លែងធ្វើការ»៕