ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រកាសនៅយប់ថ្ងៃសៅរ៍នេះថា ស្ត្រីជនជាតិខ្មែរ អាយុ៧២ឆ្នាំម្នាក់ទៀតបានទទួលមរណភាពកាលពីរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១នេះ ដែលជាករណីទី៩ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩។

លោកស្រី ថា យោងតាមរបាយការណ៍របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្ត្រីរូបនេះរស់នៅខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅម៉ោង ១៣:៤៤នាទីរសៀល បន្ទាប់ពីស្ត្រីរូបនេះ បានចូលពិនិត្យជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃដដែលដោយក្រុមគ្រូពេទ្យបានយកសំណាកនៅមន្ទីរកាល់ម៉ែត ដោយលទ្ធផលវត្ថុសំណាករបស់គាត់ដែលចេញដោយមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស័រកម្ពុជា បញ្ជាក់ថាមាន វិជ្ជមានវីរុសកូវីដ១៩។

អ្នកនាំពាក្យរូបនេះថា អ្នកជំងឺនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅថ្ងៃទី២៧ នេះម៉ោង១១:២៦នាទីថ្ងៃត្រង់។ ដោយសារអ្នកជំងឺមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងៗ អ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅ រសៀលថ្ងៃដដែលនេះ ទោះបីជាក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះតាមបច្ចេកទេសរួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។

លោកស្រីឱ វណ្ណឌីនបានបញ្ជាក់ថា ៖ «ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីរូបនេះបានស្លាប់បាត់បង់ជីវិត បណ្តាលមកពីការវាយលុករបស់វីរុសកូវីដ១៩ ធ្វើឱ្យមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ»។

គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដសរុបចំនួន២១៤៧ នាក់ អ្នកជាសះស្បើយ ១១៣២ នាក់ អ្នកកំពុងសម្រាកព្យាបាល ១០០៥ នាក់ និងមានអ្នកស្លាប់ចំនួន៩នាក់៕