
ក្រសួងប្រកាសករណីអ្នកជំងឺកូវីដម្នាក់ទៀត ទទួលមរណភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ហ៊ាន រង្សី
ភ្នំពេញ៖ បុរសជនជាតិខ្មែរអាយុ ៧៥ ឆ្នាំ ម្នាក់បានទទួលមរណភាពនៅព្រឹក ថ្ងៃចន្ទ ទី ២២ ខែមីនា ឆ្នាំ ២០២១ នេះ ដោយសារជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលនេះជាអ្នកជំងឺទី៤ ដែលបានស្លាប់ដោយមេរោគនេះ។ នេះបើតាមការឱ្យដឹងរបស់លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។
យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អ្នកជំងឺកូវីដ ១៩ នេះ ជាវេជ្ជបណ្ឌិតចូលនិវត្តន៍ និងជាប្រធានគណៈកម្មការវេជ្ជសាស្រ្ត និងវិទ្យាសាស្ត្រកីឡា នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលស្នាក់នៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ជនរងគ្រោះរូបនេះ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនាថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ០៨:០០ នាទីព្រឹក ក្នុងសភាពហត់ខ្លាំង។
ក្រសួងថា៖ «ភ្លាមៗក្រោយពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានពិនិត្យឃើញថា គាត់មានអាការៈហត់ខ្លាំង និងពិបាកដកដង្ហើមព្រមទាំងមានការវិវត្តយ៉ាងរហ័សទៅរកសភាពធ្ងន់ធ្ងរខ្លាំងក្នុងរយៈពេល ៣-៤ ថ្ងៃមុនចូលដល់មន្ទីរពេទ្យ ហើយគាត់មានជំងឺប្រចាំកាយលើសឈាមផង»។
ប្រភពដដែលបានបន្តថា ក្រោយពីការថតសួត បានរកឃើញថា អ្នកជំងឺនេះមានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងមានខ្សោយសួតខ្លាំង ដែលក្រុមគ្រូពេទ្យបានព្យាយាមជួយគាត់ រហូតដល់ប្រើម៉ាស៊ីនជំនួយដង្ហើមហើយ នៅតែមិនអាចជួយបាន ហើយគាត់ក៏បានធ្វើមរណកាលទៅ។
សូមបញ្ជាក់ថា បុរសខាងលើនេះ មានតេស្តវិជ្ជមានវីរុសកូវីដ ១៩ នៅយប់ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២១៕
វីដេអូ៖