ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រសួង​សុខាភិបាល​ បាន​​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​ ១៩​​ ចំនួន​​ ៦៤ នាក់​​​បន្ថែម​ទៀត​ ដែល​​សុទ្ធ​តែ​ជា​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិ​ការណ៍​​សហគមន៍​ ២០ កុម្ភៈ ធ្វើ​ឱ្យ​​ចំនួន​​អ្នក​ឆ្លង​សរុប​ក្នុង​ព្រឹត្តិការណ៍​នេះ មាន​រហូត​ដល់​ ៦១៣ នាក់ ខណៈ​​អ្នកត្រូវ​បាន​​​ព្យា​បាល​ជាសះស្បើយ​​មាន​ចំនួន ​១១ នាក់​។

យោង​តាម​​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​​ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ១០ ខែមីនា​នេះ បាន​ឱ្យ​ដឹងថា ក្នុង​ចំណោម​អ្នក​ដែល​ឆ្លង​ទាំង​ ៦៤ នាក់​នេះ មាន​ជន​ជាតិ​ខ្មែរ​ចំនួន​ ៣៩​ នាក់ ជន​ជាតិ​ចិន​ចំនួន ​២៣ ​នាក់ និង​ជន​ជាតិ​វៀត​ណាម​ចំនួន​ ២ នាក់។ ករណី​ដែល​ឆ្លង​ថ្មី​នេះ ​គឺ​កើត​ឡើង​ក្នុង​រាជ​ធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហនុ ព្រៃវែង ​កណ្តាល និង​ខេត្ត​សៀមរាប។

ចំណែក​អ្នក​ដែល​បាន​ព្យាបាល​ជាសះ​ស្បើយ​ ពី​វីរុសកូវីដ ១៩ ​នេះ មាន​ចំនួន​ ១១ នាក់ ដែល​មានជនជាតិ​ចិន ៨ នាក់ ជន​ជាតិ​​វៀត​ណាម​ ២ នាក់ និង​ជន​ជាតិ​ខ្មែរ​ម្នាក់ ដែល​អ្នក​ទាំងនេះ​ រស់​នៅ​ក្នុង​រាជ​ធានីភ្នំពេញ និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​បន្ទាប់​ពី​តេស្ត​លទ្ធ​ផល​អវិជ្ជ​មាន​កូវីដ​ ១៩ ​ចំនួន​ ២​ ដង។

គិត​ត្រឹម​ថ្ងៃពុធ​​​ទី​ ១០​ ខែ​មីនា​នេះ កម្ពុជា​មាន​អ្នក​មានវិជ្ជមាន​កូវីដ ១៩​ សរុបចំនួន​ ១ ១២៤ នាក់ ក្នុង​នោះ​អ្នក​ដែល​ត្រូវ​បាន​ព្យាបាល​ជាសះ​ស្បើយ​ មាន​ចំនួន​ ៥៤៩​ នាក់ និង​អ្នកដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មាន​ចំនួន​ ៥៧៤ នាក់៕