ភ្នំពេញៈ ក្រសួង​សុខា​ភិបាល​បាន​ចេញ​លិខិត​មួយ​ច្បាប់​ផ្សព្វផ្សាយ​ដល់​សាធារណជន​ និង​ហាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក ​កុំ​ផ្សព្វផ្សាយ​ និង​ប្រើប្រាស់​ឱសថ​សម្រក​ទម្ងន់​ឈ្មោះ ECOSLIM ​ដែល​មិនមាន​ការ​ត្រួត​ពិនិត្យ​គុណភាព និង​មិន​បាន​ចុះ​បញ្ជិកា​​ពី​ ក្រសួង​សុខាភិបាល​ ដោយ​ក្រសួង​​ព្រមាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​​សុខាភិបាល​ចុះ​ថ្ងៃ​ទី ១៧​ ខែធ្នូ​ឆ្នាំ ២០១៨ ​ដែល​​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពី​ម្សិលមិញ ​មាន​ខ្លឹមសារ​ថា ​ក្រសួង​សុខាភិបាល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​សូម​ជម្រាប​ជូន​ដល់​សាធារណជន​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា​៖ យោង​តាម​ការ​ពិនិត្យ​ឃើញ​តាម​បណ្តាញ​​សង្គម (FACEBOOK) ​រៀង​រាល់​ថ្ងៃ​មាន​គណនី​ឈ្មោះ Ecoslim Cambodia ​កំពុង​លក់​ និង​ផ្សព្វផ្សាយ​ឱសថ​សម្រក​ទម្ងន់​ឈ្មោះ​ ECOSLIM​ បំផ្លើស​ហួស​ពី​ការ​ពិត​ដូច​ជា​ឱសថ​ថ្មី​សម្រាប់​សម្រក​ទម្ងន់​ដែល​ស្រក​បាន​ ១៥ ​គីឡូ​ក្រាម​ ក្នុង​ពេល​ ៤ សប្តាហ៍​ដោយ​មិន​មាន​ជាតិ​គីមី​មិន​តម​អាហារ​ មិន​ហាត់​ប្រាណ​ និង​យក​ឈ្មោះ​ក្រសួង​សុខាភិបាល​មក​ប្រើ​ដើម្បី​បោកប្រាស់​ដល់​សាធារណជន​។ ក្រសួង​សុខាភិបាល​សូម​បញ្ជាក់​ថា ​ឱសថ​សម្រក​ទម្ងន់​ឈ្មោះ ECOSLIM ​នេះ​គ្មាន​ការ​ត្រួត​ពិនិត្យ​គុណភាព​និង​គ្មាន​ការ​ចុះ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល​ឡើយ។

សេចក្តី​ជូន​ដំណឹង​បាន​បន្ត​ថា ​ដើម្បី​ចៀសវាង​ការ​ខាតបង់​ប្រាក់​កាស ​និង​ប៉ះពាល់​ដល់​សុខភាព ​ឬ​អាច​ឈាន​ដល់​បាត់បង់​អាយុ​ជីវិត​របស់​អ្នក​ប្រើប្រាស់​ទៀត​នោះ ​សូម​បងប្អូន​ប្រជា​ពលរដ្ឋ​បញ្ឈប់​ការ​ប្រើប្រាស់​ឱសថ​សម្រក​ទម្ងន់​ឈ្មោះ​ ECOSLIM នេះ​បន្ត​ទៀត​ ហើយ​ក្រសួង​សុខាភិបាល​សុំ​ឲ្យ​ម្ចាស់​គណនី​ឈ្មោះ Ecoslim Cambodia ​ខាង​លើ​នេះ​ត្រូវ​បញ្ឈប់​ការ​នាំ​ចូល ​ផ្សព្វផ្សាយ ​លក់ និង​ចែក​ចាយ​ឱសថ​សម្រក​ទម្ងន់​ឈ្មោះ ECOSLIM ​ខុស​ច្បាប់​នេះ​ជា​បន្ទាន់។

​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា ​ក្រសួង​​សុខាភិបាល ​នឹង​មាន​វិធាន​ការ​តឹងរ៉ឹង​ទៅ​តាម​ផ្លូវ​ច្បាប់​ស្តីពី​​ការ​គ្រប់គ្រង​ឱសថ​ចំពោះ​ម្ចាស់​គណនី​ឈ្មោះ​ Ecoslim ​Cambodia ដែល​នាំ​ចូល​ផ្សព្វផ្សាយ​លក់​ឬ​ចែកចាយ​ឱសថ​​សម្រក​ទម្ងន់​ឈ្មោះ ECOSLIM ​ខាង​លើ​នេះ​ទៅ​តាម​ផ្លូវ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ឱសថ​ជា​ធរមាន​។

ក្នុង​ករណី​បងប្អូន​ប្រជា​ពលរដ្ឋ​បាន​ជួប​ប្រទះ​ឃើញ​កំពុង​ប្រើប្រាស់ ​លក់​ ឬ​ចែកចាយ​ឱសថ​​សម្រក​ទម្ងន់​ឈ្មោះ ECOSLIM​ខាង​លើ​សូម​បង​ប្អូន​ប្រញាប់​ផ្តល់​ព័ត៌មាន​ឬ​ត្រូវ​ការ​ព័ត៌មាន​បន្ថែម​ពី​នាយក​ដ្ឋាន​ឱសថ​ចំណី​អាហារ ​បរិក្ខារ​ពេទ្យ​ និង​គ្រឿង​សម្អាង​សូម​​ទំនាក់​ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ​ ០១១ ៥៧ ៤៧ ៤៧, ​០៩៥ ៣៥ ៩៣ ៩៩, ​០១២ ៩៨ ៣៣ ៣៤ ​ឬ០១២ ៨៩ ២០ ២២។

លោក​ហឿន គឹមសៀត ​អនុ​ប្រធាន​​ការិយាល័យ​និយត​កម្ម​នៃ​នាយកដ្ឋាន​ឱសថ​នៃ​ក្រសួង​សុខាភិបាល​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា ​ការ​ដែល​ក្រសួង​សុខាភិបាល​ចេញ​សេចក្តី​ជូន​ដំណឹង​ពី​ឱសថ​ឈ្មោះ ECOSLIM​​ដោយ​សារ​ទី ១ ​ឱសថ​នេះ​គ្មាន​ចុះ​បញ្ជិកា ​ហើយ​កាល​ណា​បើ​ឱសថ​នោះ​មិន​បាន​ចុះ​បញ្ជិកា​មាន​ន័យ​ថា​ ឱសថ​នោះ​មិន​បាន​ត្រួត​ពិនិត្យ​គុណភាព​ហើយ​មិន​មាន​ការ​នាំ​ចូល​ត្រឹមត្រូវ​ ធ្វើ​ការ​ផ្សព្វផ្សាយ​មិន​ត្រឹម​ត្រូវ។

លោក​ថ្លែ​ង​ថា​៖ «អ៊ីចឹង​វា​ទាក់ទង​នឹង​គុណភាព​ដល់​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​ទៅ​ គាត់​អាច​ប៉ះ​ពាល់​ដល់​សុខភាព​។ អ៊ីចឹង​យើង​ប្រកាស​​កុំ​ឲ្យ​ប្រជាជន​ប្រើ។ ​កន្លង​មក​យើង​មិន​ទាន់​បាន​សិក្សា​ថា​មាន​ប្រជា​ពលរដ្ឋ​ណា​ម្នាក់​រង​ផល​ប៉ះពាល់​ទេ​ ប៉ុន្តែ​យើង​បាន​ឃើញ​ការ​ផ្សព្វផ្សាយ​ឱសថ​ប្រភេទ​នេះ​នៅ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​ហើយ​​ឱសថ​នេះ​គ្មាន​អ្នក​នាំ​ចូល​ត្រឹមត្រូវ។ ​យើង​មិន​បាន​យក​ឱសថ​នោះ​មក​ពិនិត្យ​ទេ​អ៊ីចឹង​យើង​ធ្វើ​ការ​ផ្សព្វផ្សាយ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​»។

លោក​បន្ត​ថា តាម​ធម្មតា​ឱសថ​ណា​មួយ​មុន​នឹង​ផ្សព្វ​ផ្សាយ​ ត្រូវ​តែ​​ចុះ​បញ្ជិកា​នៅ​ក្រសួង​សុខាភិបាល​សិន ​ដើម្បី​ត្រួត​ពិនិត្យ​មើល​គុណភាព​ដើម្បី​ឈាន​ទៅ​ចុះ​បញ្ជី​ត្រឹមត្រូវ។ ​ភាគ​ច្រើន​ថ្នាំ​សម្រក​ទម្ងន់​គឺ​អាច​ប៉ះពាល់​ដល់​សុខភាព​ដែល​វា​ផ្ទុក​នូវ​សារធាតុ​មួយ​ដែល​ក្រសួង​សុខាភិបាល​ហាម​ឃាត់​ហើយ​ប្រជា​ពលរដ្ឋ​ប្រើ​វា​ទៅ​វា​ធ្វើ​ឲ្យ​ស្រក​ទម្ងន់​តែ​វា​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង៕