ភ្នំពេញៈ ក្រសួង​ទេសចរណ៍​ណែនាំ​ដល់​ម្ចាស់ ​ឬ​អ្នក​គ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍​ទាំង​អស់ ​ត្រូវ​រក្សា​តម្លៃ ​និង​គុណភាព​សេវាកម្ម​របស់​ខ្លួន​ ក្នុង​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​(បាក់​ឌុប) ​ដែល​នឹង​ចាប់​ផ្តើម​នា​សប្តាហ៍​ក្រោយ​ ដើម្បី​សម្រួល​ដល់​ការ​ចំណាយ​នានា​របស់​បេក្ខជន​ប្រឡង​ ក៏​ដូច​ជា​អនុរក្ស​ប្រឡង។

សេចក្តី​ណែនាំ​ស្តីពី​ការ​រក្សា​តម្លៃ ​និង​រក្សា​គុណភាព​សេវាកម្ម​ទេសចរណ៍​របស់​ក្រសួង​ទេសចរណ៍ ​កាល​ពី​ថ្ងៃ​ចន្ទ បាន​លើក​ឡើង​ថា ​នៅ​ថ្ងៃទី ​១៩-២០ ​ខែ សីហា​ ឆ្នាំ ២០១៩ ​ក្រសួង​អប់រំ ​នឹង​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​ទូទាំង​ប្រទេស ​ជា​ហេតុ​តម្រូវ​ឱ្យ​លោកគ្រូ ​អ្នកគ្រូ ​និង​សិស្សានុសិស្ស ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​មណ្ឌល​ប្រឡង​តាម​ការ​រៀបចំ​ជាក់​ស្តែង។ ​ពេល​ខ្លះ​ពួក​គាត់​ត្រូវ​ប្រើប្រាស់​ជា​ចាំបាច់​នូវ​មធ្យោបាយ​ធ្វើ​ដំណើរ ​ការ​ស្នាក់​អាស្រ័យ​នៅ​សណ្ឋាគារ ​ផ្ទះ​ភ្ញៀវ​ ផ្ទះ​សំណាក់ ​ផ្ទះ​ជួល ឬ​បន្ទប់​ជួល​ជា​ដើម ព្រម​ទាំង​ចំណាយ​លើ​ការ​បរិភោគ​ប្រចាំ​ថ្ងៃ​ទៀត​ផង។

ក្រសួង​ទេសចរណ៍​បញ្ជាក់​ថា​៖ «សូម​រក្សា​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​កម្រិត​គុណភាព​សេវាកម្ម​ដែល​ឆ្លើយ​តប​នឹង​តម្រូវការ ​ បើទោះ​ជា​ស្ថិត​ក្នុង​រយៈពេល​ដែល​មាន​តម្រូវការ​សេវាកម្ម​យ៉ាង​មមាញឹក​យ៉ាង​ណា​ក៏​ដោយ។ ចូលរួម​រក្សា​សណ្តាប់​ធ្នាប់ សុវត្ថិភាព​ជូន​ភ្ញៀវ​ និង​ចូលរួម​ទប់ស្កាត់​ឱ្យ​បាន​ជា​អតិបរមា​នូវ​រាល់​ហេតុការណ៍​ទាំង​ឡាយ ​ដែល​អាច​កើត​ឡើង​ជា​ឧបទ្ទវហេតុ​។ កុំ​ដំឡើង​ថ្លៃ​សេវាកម្ម​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​នេះ​ បើ​ទោះ​បី​ជា​អាច​នឹង​មាន​តម្រូវការ​កើន​ឡើង​ខ្លាំង​យ៉ាង​ណា​ក្តី»។

សេចក្តី​ណែនាំ​ដដែល​ ក៏​បាន​ប្រាប់​ទៅ​មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត ​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​បន្ត​នូវ​ស្មារតី​នៃ​សេចក្តី​ណែនាំ​នេះ​ទៅ​ដល់​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ​ដើម្បី​ឱ្យ​ពួក​គេ​ជ្រួត​ជ្រាប និង​ចូលរួម​អនុវត្ត​ឱ្យ​បាន​គ្រប់ៗ​គ្នា ​និង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។

លោក តុប សុភ័ក ​អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ថា ​ការ​ចេញ​សេចក្តី​ណែនាំ​នេះ​ គឺ​ជា​ការ​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​ការ​ប្រឡង​ខាង​មុខ ​ទទួល​បាន​លទ្ធផល​ល្អ និង​ប្រព្រឹត្ត​ទៅ​បាន​រលូន​។

លោក​បន្ត​ថា ​កម្ពុជា​ជា​ទីផ្សារ​សេរី​ដែល​គ្រប់​អាជីវកម្ម​ទាំង​អស់​ គឺ​ស្ថិត​នៅ​លើ​ការ​ចរចា​រវាង​អ្នក​ទិញ ​និង​អ្នក​លក់។ ក៏​ប៉ុន្តែ​សិស្សានុសិស្ស ​និង​លោកគ្រូ​ អ្នកគ្រូ ​ដែល​ជួប​ហេតុការណ៍​មិន​ប្រក្រតី​ណា​មួយ​ជុំវិញ​បញ្ហា​តម្លៃ និង​គុណភាព​សេវាកម្ម ​អាច​ប្តឹង​មក​អាជ្ញាធរ​ដែន​ដី ឬ​ក្រសួង​ដើម្បី​អន្តរាគមន៍​បាន។

លោក​បញ្ជាក់​ថា​៖ «ជា​ឱកាស​មួយ​ ក្នុង​ពេល​ហ្នឹង​គាត់​អាច​ឆ្លៀត​ឱកាស​នឹង​​ដំឡើង​ថ្លៃ​ហួសហេតុ​សម្រាប់​អតិថិជន​ដែល​ចូល​ទៅ​ទទួល​សេវា​នៅ​កន្លែង​គាត់​។ យើង​រួម​ចំណែក​មួយ​អំពាវនាវ​សូម​ឲ្យ​គាត់​រក្សា​តម្លៃ​ធ្លាប់​លក់ដូរ​កន្លង​មក​ កុំ​ឲ្យ​មាន​ការ​ឡើង​ថ្លៃ​ហួស​ហេតុ​មិន​អាច​ទទួល​យក​បាន។ ក្នុង​ករណី​មាន​ការ​យក​ថ្លៃ​លើស​ពី​អ្វី​ដែល​បាន​កំណត់​ក្នុង​តារាង ​(អាជីវកម្ម) គាត់​ប្តឹង​មក​សមត្ថកិច្ច​ពាក់ព័ន្ធ ​ឬ​អាច​មក​ក្រសួង​ក៏​បាន​ដែរ។

ឧទាហរណ៍​ដូចជា​ក្នុង​សណ្ឋាគារ ដែល​បន្ទប់​គាត់​ជួល ​ការ​ព្រមព្រៀង​ថា ​២០ ដុល្លារ ​ដល់​ពេល​ ដល់​ថ្ងៃ​នេះ​ ឡើង​ដល់ ​៥០ ឬ ​៦០ ដុល្លារ»។

លោក រស់ សុវាចា​ អ្នក​នាំពាក្យ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ​ក្រសួង​បាន​ត្រៀម​ខ្លួន​រួច​​ជា​ស្រេច​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​សម័យ​ប្រឡង ​១៩ ​សីហា​ ២០១៩។ ទន្ទឹម​នឹង​នេះ​ ក្រសួង​បន្ត​ស្វាគមន៍ ​និង​ថ្លែង​អំណរគុណ​ចំពោះ​កិច្ច​សហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ដូច ​៥ ឆ្នាំ​កន្លង​មក។​ កិច្ច​សហការ​​រួមគ្នា​នេះ​បង្ហាញ​ពី​ស្មារតី​សាមគ្គី​គ្នា​ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ ​គុណភាព​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​និង​គុណភាព​មូលធន​មនុស្ស។

លោក​ថ្លែង​ថា​៖ «សេចក្តី​ប្រកាស​របស់​ស្ថាប័ន​ពាក់ព័ន្ធ ​ជា​ការ​ប្រកាស​ពី​ការ​តាំង​ចិត្ត​ក្នុង​ការ​ចូលរួម​សម្រួល​ដំណើរការ​ប្រឡង​តាម​លទ្ធភាព ​និង​សមត្ថកិច្ច​ជាក់​ស្តែង​របស់​ស្ថាប័ន​សាមី។ ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​នឹង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​បំផុត​នូវ​បទប្បញ្ញត្តិ​ដែល​មាន​ជា​ធរមាន​ ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ ​យុត្តិធម៌ ​តម្លាភាព ​និង​លទ្ធផល​ទទួល​យក​បាន»។

លោក​បន្ត​ថា៖ «ក្រសួង​រំពឹង​ថា បេក្ខជន​ប្រឡង បុគ្គលិក​អប់រំ អប្បមាទ ជំនួយ​ការ​អប្បមាទ មាតា​បិតា និង​គ្រប់​ភាគី​ពាក់ព័ន្ធ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ធានា​ឱ្យ​ដំណើរការ​ប្រឡង​នេះ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ស្តង់ដា​ខ្ពស់។ ក្រសួង​អប់រំ បាន​ទទួល​កិច្ច​សហការ​ពី​ស្ថាប័ន​ខាង​លើ​នេះ រួម​ទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែរ»​។

កញ្ញា ឈន ចាន់ពិសី ​អតីត​សិស្ស​និទ្ទេស A ​កាល​ពី​ឆ្នាំ ២០១៧ ​និយាយ​ថា​ ការ​ណែនាំ​នេះ​បើ​ទោះ​ជា​មិន​បាន​ជួយ ​១០០ ​ភាគរយ​ ក៏​អាច​ចូលរួម​កាត់​បន្ថយ​បាន​ខ្លះ​ដែរ ​ចំពោះ​ការ​ដំឡើង​ថ្លៃ​នានា ​ក្នុង​អំឡុង​ពេល​ប្រឡង។

កញ្ញា​បញ្ជាក់​ថា​៖ «សម្រាប់​ខ្ញុំ គឺ​សំខាន់។ ការ​ដែល​មាន​ការ​ឡើង​ថ្លៃ​ខ្លាំង​ពេក​ អ្នក​ដែល​គាត់​មាន​ជីវភាព​អត់​សូវ​ធូរធារ ឬ​អ្នក​នៅ​តាម​ខេត្ត​ គាត់​ពិបាក​ខ្លាំង។ ការ​ដែល​គាត់​ឡើង​មក​ប្រឡង គឺ​ការ​ឡើង​ទ្វេ ១ ​ជា ២ ហ្មង ​ហើយ​រយៈពេល​ចំណាយ​យូរ​ដែរ​ គឺ​ដល់​ទៅ ៣ ​ថ្ងៃ ២ ​យប់។ ម្ល៉ោះ​ហើយ​បើ​គិត​តែ​ថ្លៃ​គេង ​និង​ញ៉ាំ ក៏​អស់​ច្រើន​ដែរ ​ហើយ​ពួក​គាត់​មិនមែន​មក​តែ​ឯង​ទេ ​ពេល​ខ្លះ​មាន​គ្រួសារ​ទៀត»។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ​ឆ្នាំ ២០១៩ ​នេះ​ មាន​មណ្ឌល​ប្រឡង​ទូទាំង​ប្រទេស​សរុប ​២០២ មណ្ឌល ​ដែល​មាន ៤ ៧២៥ បន្ទប់ ​​ក្នុង​នោះ​មាន​សិស្សានុសិស្ស​ជា​បេក្ខជន​សរុប​ចំនួន ​១១៧ ០២៤ នាក់ ស្រី ​៦០ ៤២១ ​នាក់។

ជាមួយ​គ្នា​នេះ​លោក ​នេត សាវឿន ​អគ្គ​ស្នងការ​នគរបាល​ជាតិ ​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ ​កង​កម្លាំង​មាន​សមត្ថកិច្ច ​និង​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់ ​ធ្វើ​យ៉ាង​ណា​រក្សា​សន្តិសុខ ​សុវត្ថិភាព ​សណ្តាប់​ធ្នាប់ ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នេះ​ឲ្យ​បាន​ជោគ​ជ័យ។

លោក​បាន​ដាក់​បទ​បញ្ជា​ឲ្យ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​-​ខេត្ត ​និង​ស្នងការ ​កង​រាជ​អាវុធហត្ថ ​ក៏​ដូច​ជា​កង​យោធពល​ខេមរភូមិន្ទ ​ឯកភាព​គ្នា​កំណត់​យក​ថ្ងៃទី ១៥ ​ខែ សីហា ​ជា​ថ្ងៃ​ដ៏​សំខាន់ ​សម្រាប់​រឹត​បន្តឹង​សុវត្ថិភាព ​សន្តិសុខ ​សណ្តាប់​ធ្នាប់​ ហើយ​ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​ថ្ងៃ​ប្រឡង​ដំណើរការ​បាន​ជោគជ័យ ​ក្នុង​ការ​ការពារ​ការ​ដឹក​ជញ្ជូន​វិញ្ញាសា​ប្រឡង ទី​កន្លែង​ទុក​ដាក់​វិញ្ញាសា និង​ការពារ​បរិវេណ​មណ្ឌល​ប្រឡង៕​