ភ្នំពេញៈ ក្រសួងទេសចរណ៍ផ្តល់វគ្គបណ្តុះបណ្តាលខ្លីដល់បុគ្គលិកក្នុងវិស័យទេសចរណ៍នៅតាមខេត្តគោលដៅទេសចរណ៍ ដើម្បីរំឭក និងពង្រឹងសមត្ថភាពដល់ពួកគេដោយកម្ពុជារំពឹងថា នឹងមានភ្ញៀវទេសចរអន្តរជាតិចំនួន ៥០ ម៉ឺននាក់ ក្នុងឆ្នាំ ២០២១ ហើយចំនួននេះនឹងមានការកើនឡើង បើករណីកូវីដ ១៩ មានការថយចុះ។
បើតាមលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ដោយសាររាជរដ្ឋាភិបាលបានដាក់ចេញវិធានការទប់ស្កាត់វិបត្តិកូវីដក្នុងជុំទី៦ និងទី៧ ដែលតម្រូវឱ្យប្រតិបត្តិករក៏ដូចជាអ្នកជំនាញក្នុងវិស័យទេសចរណ៍ទាំងអស់ត្រូវបន្តការសិក្សាក្នុងន័យពង្រឹងគុណភាពរបស់ខ្លួន បើទោះជាក្នុងវិបត្តិកូវីដ ១៩ មិនមានភ្ញៀវទេសចរច្រើនក៏ដោយ ក៏កម្ពុជារំពឹងថា នៅឆ្នាំ ២០២១ នេះ វិស័យទេសចរណ៍គ្រោងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥០ ម៉ឺននាក់ ហើយចំនួននេះនឹងមានការកើនឡើងបន្ថែមទៀត បើក្នុងករណីជំងឺកូវីដ ១៩ ត្រូវបានទប់ស្កាត់ ដូចជាការទទួលបានវ៉ាក់សាំងបានទូលំទូលាយ ដែលជាហេតុនាំឱ្យវិស័យទេសចរណ៍នេះនឹងងើបឡើងវិញបន្តិច។
លោកបញ្ជាក់ថា៖ «តាមការសិក្សានៅឆ្នាំ ២០២០ ភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះទូទាំងពិភពលោកគឺចន្លោះពី ៧០ ទៅ ៩០ ភាគរយហើយក្នុងប្រទេសកម្ពុជា យើងគឺធ្លាក់ចុះចំនួន ៨៦ ភាគរយ។ ប៉ុន្តែចំនួននេះគឺគិតនៅត្រឹមចុងឆ្នាំ ២០២០ ព្រោះតែភ្ញៀវទេសចរមានការមកច្រើននៅដើមឆ្នាំ ២០២០»។
លោកថា សម្រាប់ឆ្នាំ ២០២១ នេះពិភពលោកមិនទាន់បានប្រកាសជាផ្លូវការទេ គ្រាន់តែជាការសិក្សាដំបូង ឃើញថា ភ្ញៀវអន្តរជាតិអាចបាន (ងើប) មកវិញក្នុងចន្លោះ ៣០០ លាននាក់ ដែលអាចងើបឡើងមកវិញពីចន្លោះ ២០ ទៅ ៣០ ភាគរយ ហើយបើមានវ៉ាក់សាំងគឺងើបឡើងវិញចន្លោះពី ៣៥ ទៅ ៥០ ភាគរយ។ ជាមួយនឹងការបន្តពង្រឹងសមត្ថភាពបុគ្គលិកជំនាញក្នុងវិស័យទេសចរណ៍លោក ថោង រដ្ឋសក្តិ ក៏បានឱ្យដឹងដែរថា រាជរដ្ឋាភិបាលក៏មានផែនការយុទ្ធសាស្ត្រក្នុងការបណ្តុះបណ្តាលជំនាញក្នុងវិស័យទេសចរណ៍បន្ថែម ព្រោះយុទ្ធសាស្ត្រនេះ កម្ពុជារំពឹងថានឹងអាចស្រូបទាញចំណូលបន្ថែម និងអាចឆ្លើយតបតាមតម្រូវការដែលត្រូវការក្នុងវិស័យទេសចរណ៍។
លោក មាន វ៉ន់ដេត ប្រធាននាយកដ្ឋានអប់រំនៃក្រសួងទេសចរណ៍បានថ្លែងពីម្សិលមិញថា ក្នុងរយៈពេល ៦ ខែចាប់ពីខែមិថុនា ឆ្នាំ ២០២០ តាមរយៈវគ្គបណ្តុះបណ្តាលថ្មីតាមប្រព័ន្ធបច្ចេកវិទ្យាដែលក្រសួងបង្កើតឡើងក្នុងអំឡុងពេលរងវិបត្តិកូវីដ ១៩ គឺមានបុគ្គលិក ឬសិក្ខាកាមផ្នែកវិស័យទេសចរណ៍ប្រមាណ ១៣ ០០០ នាក់បានទទួល និងឆ្លងកាត់វគ្គបណ្តុះបណ្តាលដែលភាគច្រើននៃសិក្ខាកាមគឺមកពីខេត្តសៀមរាប ខេត្តព្រះសីហនុ និងរាជធានី-ភ្នំពេញ ហើយពួកគេបម្រើការនៅផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងការធ្វើដំណើរ។
លោកបញ្ជាក់ថា៖ «នៅពេលយើងប្រឈមនឹងវិបត្តិកូវីដនេះ ក្រសួងក៏ចង់ប្រែក្លាយវិបត្តិនេះទៅជាឱកាសក្នុងការជំរុញ បណ្តុះបណ្តាលសមត្ថភាពទៅដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍របស់យើងទៅតាមរយៈការជំរុញការបណ្តុះបណ្តាលបន្ថែម និងជំនាញថ្មី»។
លោក វ៉ន់ដេត ថ្លែងថា៖ «បើទោះជាបច្ចុប្បន្ន ស្ថានភាពភ្ញៀវទេសចរមានការធ្លាក់ចុះយ៉ាងគំហុក កម្ពុជានៅប្រឈមការខ្វះខាតពលកម្មជំនាញក្នុងវិស័យទេសចរណ៍ ព្រោះបន្ទាប់ពីវិបត្តិកូវីដ១៩បានធូរស្រាលទៅ ធនធានមនុស្សក្នុងវិស័យទេសចរណ៍នឹងមានការកើនឡើងតាមរយៈការបង្កើតវគ្គបណ្តុះបណ្តាលបន្ថែម ជាពិសេសជំនាញភាសាចិនដែលរំពឹងថា ភ្ញៀវទេសចរចិននឹងមានការកើនឡើងទ្វេដង»។
លោក ហូ វណ្ឌី ទីប្រឹក្សាជាន់ខ្ពស់សមាគមទេសចរណ៍កម្ពុជាបានឱ្យដឹងថា ការបណ្តុះបណ្តាលបុគ្គលិក ឬជំនាញបន្ថែមក្នុងវិស័យទេសចរណ៍នេះ គឺទស្សនៈវែងឆ្ងាយរបស់រដ្ឋាភិបាលដែលសម្លឹងឃើញថា វិស័យទេសចរណ៍នឹងងើបឡើងវិញក្នុងពេលដែលវិបត្តិកូវីដ ១៩ ត្រូវបានបញ្ចប់ បើទោះជាបច្ចុប្បន្ននេះ អ្នកប្រកបអាជីវកម្មក្នុងវិស័យនេះជាច្រើនកំពុងប្រឈមមុខនឹងវិបត្តិនេះក៏ដោយ។ ជំនាញទាំងនេះគឺត្រូវតែបន្តធ្វើការហ្វឹកហាត់ និងបណ្តុះបណ្តាលជាប្រចាំដោយមិនអាចបណ្តែតបណ្តោយបាននោះទេ ខណៈនៅពេលវិស័យនេះមានការងើបឡើងវិញនឹងមានតម្រូវការចាំបាច់បំផុត។
លោកបញ្ជាក់ថា៖ «ពេលវិស័យអាកាសចរណ៍ និងវិស័យដឹកជញ្ចូនដែលជាវិស័យអាទិភាពមានដំណើរការឡើងវិញ នោះហើយការរំពឹងទុកនឹងអាចក្លាយជាការពិត»៕