ភ្នំពេញ: គិត​ចាប់ពី​ខែ​ឧសភា​រហូត​ដល់​ខែសីហា ឆ្នាំ​ ២០២០ ​មាន​យានយន្ត​ចំនួន ២៥ ៦០០ ​គ្រឿង​ ត្រូវ​បាន​យកមក​កាត់ឈ្មោះ​ ឬ​ផ្ទេរកម្មសិទ្ធិ​នៅ​តាម​មន្ទីរ​រាជធានី​/​ខេត្ត និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ប៉ុន្តែ​មន្ត្រី​បាន​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ដែល​មិនទាន់​មក​បំពេញ​បែបបទ​នេះ​ត្រូវ​ប្រញាប់​រួសរាន់ ខណៈ​ថ្ងៃ​ផុត​កំណត់​កាន់តែ​ខិតជិត​ឈានចូល​មកដល់​។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ថ្លែង​កាលពី​ថ្ងៃ​ ១៤ សីហា ថា គិត​ចាប់ពី​ខែ​ឧសភា ​រហូត​មក​ទល់​ខែ​សីហា​ នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ផ្ដល់​សេវា​ផ្ទេរកម្មសិទ្ធិ​យានយន្ត​ជូន​ម្ចាស់​យានយន្ត​បាន​ចំនួន​ ២៥ ៦០០ គ្រឿង​ ហើយ​ក្នុង​នោះ​មាន​ទាំង​រថយន្ត និង​ម៉ូតូ​រួមគ្នា ។

លោក​បាន​បញ្ជាក់ថា​៖ «​តួលេខ​នេះ​គឺ​យើង​រាប់ទាំង​ឡាន​ និង​ម៉ូតូ​ចូលគ្នា​តែម្ដង ខ្ញុំ​មាន​​តួលេខ​ត្រឹម​កម្រិត​យានយន្ត បើ​និយាយ​ពី​ការផ្ទេរកម្មសិទ្ធិ​នេះ​គឺ​យើង​ Cover ​ទាំង​ឡាន​ទាំង​​ម៉ូតូ​»​។ ​ប៉ុន្តែ​លោក​ថា​សេវា​នេះ​នឹង​ធ្វើ​រហូតដល់​ថ្ងៃទី​ ៣០ ខែ​កញ្ញា​ ដែលជា​ថ្ងៃ​ផុតកំណត់​។

យ៉ាងណាក្ដី​លោក​នៅ​មិនទាន់​ដឹងថា តើ​ត្រូវ​ពន្យារពេល​បន្ថែម​ ឬ​មួយ​យ៉ាងណា​ទេ ប្រសិន​នៅ​មាន​យានយន្ត​ច្រើន​មិនទាន់​បាន​បញ្ជូន​យកមក​កាត់ឈ្មោះ ឬ​ផ្ទេរកម្មសិទ្ធិ​តាមច្បាប់​។ ​ដូច្នេះ​មន្ត្រី​ជំនាញ​នឹង​រង់ចាំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ជាមុនសិន​។

លោក​បាន​ថ្លែងថា​៖ «​ក្នុងនាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ជា​ម្ចាស់​យានយន្ត​ដែល​មិនទាន់​ផ្ទេរកម្មសិទ្ធិ​ត្រូវ​ប្រញាប់​យក​យានយន្ត​របស់​ខ្លួន​ដែល​កំពុង​ប្រើប្រាស់​ប្រចាំថ្ងៃ​មក​កាត់ឈ្មោះ​ ឬ​ផ្ទេរកម្មសិទ្ធិ​​ដើម្បី​ទទួល​បាន​ការកាន់កាប់​យានយន្ត​របស់ខ្លួន​ឲ្យ​ស្របតាម​ច្បាប់ ជាពិសេស​អ្នក​ដែល​ទើប​តែ​ទិញ ឬ​លក់​យានយន្ត​ហើយ តែ​មិនទាន់​បាន​ផ្ទេរ សូម​ប្រញាប់​យក​មក​ផ្ទេរ​ដែលមាន​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​។ ​អ្នក​ដែល​រក​ម្ចាស់​ដើម​មិន​ឃើញ​គឺ​យើង​បាន​ដាក់​ឱសានវាទ​បញ្ចប់​ត្រឹម​ចុងខែ​កញ្ញា​ខាង​មុខ​នេះ​»​។

លោក វ៉ាន់ រ៉ាណេត ពលរដ្ឋ​ម្នាក់​រស់នៅ​ខណ្ឌ​ច្បារអំពៅ​ដែល​បាន​យក​រថយន្ត​ទៅ​ផ្ទេរ​កម្មសិទ្ធិ​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ ២៤ សីហា ថា រថយន្ត​របស់​លោក​បាន​ផ្ទេរ​កម្មសិទ្ធិ​រួចហើយ​កាលពី​ខែ​កក្កដា បន្ទាប់ពី​ទិញ​បន្ត​ពី​មិត្តភក្ដិ​ម្នាក់​។

ការកាត់​ឈ្មោះ​នេះ​បង្ក​ឲ្យ​មាន​ភាពងាយស្រួល​ដល់​ការគ្រប់គ្រង និង​ប្រើប្រាស់​រថយន្ត​ប្រចាំថ្ងៃ​របស់លោក​។

លោក​បន្តថា ក្រោយពី​កាត់ឈ្មោះ​រួច​លោក​មាន​ទំនុកចិត្ត ទោះ​ជិះ​ទៅ​ដល់​ទីណា​ក៏​មិន​បារម្ភ​ពី​ការសួរនាំ​របស់​សមត្ថកិច្ច​ចរាចរណ៍​ដែរ ព្រោះ​ការកាត់ឈ្មោះ​នេះ​បាន​បញ្ជាក់​ច្បាស់​​ថា រថយន្ត​នេះ​ជា​កម្មសិទ្ធិ​របស់​លោក​ស្របច្បាប់ ជាពិសេស​ងាយស្រួល​លក់ដូរ​នៅ​ថ្ងៃក្រោយ​ទៀត​។

លោក​ថា​៖ «​បើ​យើង​មិន​បាន​កាត់ឈ្មោះ​ទេ គឺ​រថយន្ត​ហ្នឹង​នៅជាប់​ឈ្មោះ​ម្ចាស់​ដើម ប្រសិន​យើង​ត្រូវ​ការលក់​ឡាន​ហ្នឹង​​វិញ គឺ​យើង​ត្រូវតែ​ស្វែងរក​ម្ចាស់​ឡាន​ដើម​មក​បញ្ជាក់ថា​ឡាន​ហ្នឹង​ពិតជា​របស់​យើង​មែន ព្រោះ​កាតគ្រី​ឡាន​នៅ​ឈ្មោះ​ម្ចាស់​គេ​ដើម​នៅឡើយ​។ ​អ៊ីចឹង​យើង​ត្រូវ​រក​ម្ចាស់​ដើម​មកជួយ​បញ្ជាក់​ដើម្បី​អាច​លក់​ឡាន​ហ្នឹង​បាន​។ អ៊ីចឹង​វា​ធ្វើឲ្យ​វែងឆ្ងាយ ចំណាយ​ពេល​យូរ​ទៀត ប៉ុន្ដែ​បើ​យើង​កាត់​ដាក់ឈ្មោះ​យើង​ហើយ បើ​ចង់​លក់ដូរ​គឺ​ងាយស្រួល ព្រោះ​កាតគ្រី​ជា​ឈ្មោះ​យើង​ស្រាប់​ហើយ​»​។

តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចុះ​ថ្ងៃទី​ ២ ខែ​កក្កដា​ កន្លងទៅ​ឲ្យ​ដឹងថា ការផ្ទេរ​កម្មសិទ្ធិ​យានយន្ត​ដែល​រក​ម្ចាស់ដើម​មិនឃើញ ក្រសួង​បាន​សង្កេត​ឃើញ ពលរដ្ឋ​ដែល​មក​ទទួល​សេវា​ផ្ទេរកម្មសិទ្ធិ​មាន​ការកើនឡើង​ជា​បន្តបន្ទាប់ និង​មាន​ស្មារតី​ភ្ញាក់រឭក​ក្នុង​ការអនុវត្ត​កាតព្វកិច្ច​។

សេចក្ដី​ជូន​ដំណឹង​បន្តថា ដើម្បី​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ជា​ម្ចាស់​យានយាន្ត​ដែល​មាន​បំណង​ផ្ទេរកម្មសិទ្ធិ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សម្រេច​បន្ត​អនុវត្ត​ការផ្ទេរកម្មសិទ្ធិ​យានយន្ត​ដែល​រក​ម្ចាស់​ដើម​មិនឃើញ​រហូត​ដល់​ថ្ងៃទី​ ៣០ ខែ​​ កញ្ញា ឆ្នាំ​ ២០២០ ​ខាង​មុខ​៕