ភ្នំពេញៈ ក្រសួងមហាផ្ទៃ​បានសម្រេច​ផ្ទេរ​ភារកិច្ច​មន្ត្រី ២ រូប​ចេញពី​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​អង្គភាព​ផ្សេង ក្រោយ​មានការរិះគន់​ពី​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​នឹង​ការចាត់តាំង​មន្ត្រី​ជា​សាច់ញាតិ​របស់ លោក ធឹ​ម សុ​ផា ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុងនៃ​ក្រសួង​មហាផ្ទៃ។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ក្រសួង​មហាផ្ទៃ​​បាន​ចាត់​ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​ករណីនេះ​យ៉ាង​ល្អិតល្អន់ និង​បាន​រកឃើញថា ក្នុង​ចំណោម​មន្ដ្រី​នគរបាល​ជាតិ ១១ នាក់​ដែល​ត្រូវបាន​ចោទប្រកាន់ថា​ចាត់តាំង​ក្រុមគ្រួសារ​សាច់ញាតិ​ឲ្យ​បម្រើ​ការងារ​នៅ​អគ្គ​នាយក​ដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​គឺមាន​មន្ដ្រី ៦ នាក់​ជាប់​សាច់​ញាតិ និង​ជា​កូន​របស់លោក ធឹ​ម សុ​ផា ក្នុងនោះ មាន ៤ នាក់ បម្រើ​ការងារ​នៅ​អគ្គ​នាយក​ដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង។

លោក​បាន​បន្ដថា៖ «ផ្អែកលើ​លទ្ធផល​នៃ​ការត្រួតពិនិត្យ​នេះ ក្រសួងមហាផ្ទៃ​សម្រេច​ផ្ទេរភារកិច្ច​មន្ដ្រី ២ នាក់​ក្នុង​ចំណោម ៤ នាក់​នោះ​ឲ្យ​ចេញទៅ​បម្រើ​ការងារ​នៅ​អង្គភាព​ផ្សេង»។

លោក​បាន​បន្ថែមថា៖ «យើង​ពិនិត្យ​មើលទៅ​ឃើញ​មានកូនកូនប្រសា ៤ នាក់ ចំណែកឯ ២ នាក់​ទៀត គេ​នៅ​ផ្សេង។ដូច្នេះ​មាន ៤ នាក់​ហ្នឹង ផ្លាស់ ៤ នាក់​ហ្នឹង​ចេញទៅ​កុំ​ឲ្យ​នៅ​ជាមួយ។ ផ្លាស់ចេញ ២ នាក់ នៅ ២ នាក់។ នៅ​ជាមួយ​នោះ កូន​នោះ ១ កូនប្រសា ១ ប៉ុន្ដែ​អ្នក​ទាំង​អស់ហ្នឹង​ក៏​ស្ថិតនៅក្នុង​ការ​ត្រួត​ពិនិត្យ ឃ្លាំមើល​របស់​យើង​​ដែរ។នៅ​ក្រៅ​ពី​ឪ មិនមែន​នៅ​ជាមួយ​ឪ​ទេ»។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី ១ ខែមីនា​បាន​បញ្ជាក់ថា ចំពោះ​សាច់ញាតិ​របស់លោក ធឹ​ម សុ​ផា ជាម​ន្ដ្រី​នគរបាល​ជាតិ ២ នាក់ ដែល​បន្ដ​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ត្រូវ​អនុវត្ដ​តួនាទី​ភារកិច្ច​របស់ខ្លួន​ស្របតាម​បទ​ប្ប​ញ្ញ​ត្ដិ​ឬ​លក្ខន្ដិកៈជា​ធរមាន។

តាម​សេចក្ដីប្រកាស​ដដែល ការសម្រេច​ផ្ទេរ​ភារកិច្ច​មន្ដ្រី ២ នាក់​ចេញពី​នាយកដ្ឋាន​សវនកម្ម​នៃ​ក្រសួង​មហាផ្ទៃ​​នេះ កើតឡើង​បន្ទាប់ពី​មានការ​ចុះផ្សាយជា​បន្ដបន្ទាប់​តាម​ប្រព័ន្ធ​ព័ត៌មាន និង​បណ្ដាញ​​សង្គម​ហ្វេសប៊ុក​​អំពី​ភាព​មិន​ប្រក្រតី​ពាក់​ព័ន្ធ​នឹង​ការចាត់តាំង​ក្រុមគ្រួសារ​សាច់ញាតិ លោក ធឹ​ម សុ​ផា ឲ្យ​មក​បម្រើ​ការងារ​នៅ​អគ្គនាយក​ដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​នៃ​ក្រសួង​មហាផ្ទៃ។

លោក ធឹ​ម សុ​ផា ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​នៃ​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​​ថា លោក​ពេញចិត្ដ​ចំពោះ​ការផ្ទេរភារកិច្ច​របស់​ក្រសួងមហាផ្ទៃ​ខ្លាំងណាស់ ព្រោះ​ក្រសួង​បានផ្ដល់​យុត្ដិធម៌ និង​យល់​ពី​កិច្ចការ​ដែល​លោក​បាន​បំពេញ​នាពេល​កន្លង​មក។

លោក​បាន​ថ្លែងថា៖ «ខ្ញុំ​ពេញចិ​ត្ដ​ណាស់​ដែល​លោក (ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ) បានផ្ដល់​នូវ​ភាព​យុត្ដិធម៌​ការ​គាំទ្រ។ លោក (ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ) បាន​យល់​អំពីខ្ញុំ​ច្បាស់លាស់​ណាស់​តាមរយៈ​ការ​តាមដាន​ការ​ធ្វើ​ការងារ​​តាម​សមត្ថភាព និង​យ៉ាង​យក​ចិត្ដ​ទុកដាក់​នេះ ហើយ​ខ្ញុំ​គ្មាន​ញាប់​ញ័រ​ជាមួយ​លោកធម៌​ទេ​ព្រោះ​ខ្ញុំ​គិត​ថា​ ថ្នាក់ដឹកនាំ​គាត់​ជា​ឪពុក​ម្ដាយ​ដែល​មាន​ព្រហ្ម​វិហារ​ធម៌ និង​មាន​គតិ​បណ្ឌិត»។

បើតាម​លោក សុ​ផា សាច់ញាតិ​លោក ២ នាក់ ដែល​ត្រូវ​ផ្ទេរ​ចេញពី​នាយកដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុងនេះ ម្នាក់​ត្រូវ​ផ្ទេរ​ឲ្យ​ទៅ​បម្រើការ​នៅ​នាយក​ដ្ឋាន​សុខាភិបាល​នៃ​អគ្គនាយក​ដ្ឋាន​ភ័ស្ដុភារ និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​មហាផ្ទៃ និង​ម្នាក់​ទៀត​ផ្ទេរ​ទៅ​នាយក​ដ្ឋាន​ភ័ស្ដុភារ​និង​សម្ភារ​បច្ចេកទេស​នៃ​អគ្គនាយក​ដ្ឋាន​ភ័ស្ដុភារ និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​មហាផ្ទៃ៕