ភ្នំពេញៈ ក្រសួង​ព័ត៌មាន​ណែនាំ​ដល់​អង្គភាព និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​ទាំងអស់​ដែល​មិនទាន់​ចុះបញ្ជី​ម៉ាក​ពាណិជ្ជ​នាម​ស្របច្បាប់​ឱ្យប្រញាប់​ទៅ​ចុះបញ្ជី​ឱ្យបាន​មុន​ដំណាច់ឆ្នាំ​ ២០២១​។ ក្នុងករណី​មិន​អនុវត្ដ​ក្រសួង​នឹង​បញ្ឈប់​ការផ្ដល់​អាជ្ញាប័ណ្ណ​ចាប់ពី​ឆ្នាំ​ ២០២២ តទៅ ខណៈ​មាន​ស្ថាប័ន​ព័ត៌មាន ៥០០ ​ទៅ​ ៦០០ ​ស្ថាប័ន​មិនទាន់​បាន​ចុះបញ្ជី​ត្រឹមត្រូវ​។

យោងតាម​លិខិត​របស់​ក្រសួង​ព័ត៌មាន​ឱ្យ​ដឹងថា មាន​ម្ចាស់​ស្ថាប័ន អង្គភាព​សារព័ត៌មាន​ និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​មួយចំនួន​តូច​នៅ​មិនទាន់​អនុវត្ត​តាមច្បាប់​ និង​បទដ្ឋាន​គតិយុត្ត​ជាធរមាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅឡើយ​។ ស្ថាប័ន​ទាំងនោះ​បាន​ប្រើប្រាស់​ម៉ាក​ពាណិជ្ជ​នាម​សា្ថប័ន អង្គភាព​ និង​ក្រុមហ៊ុន​របស់ខ្លួន​បំពាន​ទៅលើ​អត្តសញ្ញាណ​របស់​ស្ថាប័ន​អង្គភាព និង​ក្រុមហ៊ុន​ដទៃទៀត​។ ទង្វើ​នេះ​ធ្វើឱ្យមាន​ការភាន់ច្រឡំ​ច្របូក​ច្របល់​ និង​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ស្ថាប័ន​អង្គភាព​ក្រុមហ៊ុន​អាជីវកម្ម​ដែល​បាន​ចុះបញ្ជី​ស្របច្បាប់​រួចហើយ​។

ក្រសួង​ព័ត៌មាន​លើកឡើងថា ដើម្បី​ធានា​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ស្ថាប័ន​អង្គភាព​សារព័ត៌មាន និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​ព័ត៌មាន​ណែនាំ​ដល់​ម្ចាស់​ស្ថាប័ន​ព័ត៌មាន​ទាំងអស់​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ហើយ​មិនទាន់បាន​ចុះបញ្ជី​ម៉ាក​ពាណិជ្ជ​នាម​ស្របច្បាប់​នោះ​សូម​អនុវត្ត​កាតព្វកិច្ច​នៃ​ការចុះបញ្ជី​ពាណិជ្ជកម្ម​ ដើម្បី​ការពារ​ម៉ាក​ពាណិជ្ជនាម​ស្ថាប័ន​អង្គភាព និង​ក្រុមហ៊ុន​របស់ខ្លួន​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​រហូត​ដល់​ដំណាច់​ឆ្នាំ​ ២០២១​។

ក្រសួង​ព្រមាន​ថា​៖ «​ក្នុងករណី​មិន​អនុវត្តតាម​សេចក្តី​ជូនដំណឹង​នេះ ហើយ​នៅតែ​បន្ត​ប្រើប្រាស់​ម៉ាក និង​ពាណិជ្ជនាម​ស្ថាប័ន​អង្គភាព និង​ក្រុមហ៊ុន​របស់ខ្លួន​បំពាន​ច្បាប់ ក្រសួង​ព័ត៌មាន​នឹង​បញ្ឈប់​ការផ្តល់ អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ចាប់ពី​ឆ្នាំ​ ២០២២ តទៅ​»​។

ក្រសួង​បាន​បញ្ជាក់ថា​៖ «​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី​យកចិត្តទុកដាក់​អនុវត្ត​តាម​សេចក្តី​ជូនដំណឹង​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។ សូម​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី​ទទួល​នូវ​ការ​រាប់អាន​ដ៏កក់ក្តៅ​ពី​ខ្ញុំ​»​។

លោក​ ផុស សុវណ្ណ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ថ្លែង​នៅ​ថ្ងៃទី​ ១៩ ខែឧសភា​ថា កន្លងមក​ក្រសួង​ព័ត៌មាន​បាន​សង្កេតឃើញ​ម្ចាស់​ស្ថាប័ន អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​មួយចំនួនធំ​បាន​យកចិត្ត​ទុកដាក់​អនុវត្ត​តាមច្បាប់​ជា​ធរមាន ស្តីពី​ការគ្រប់គ្រង​ការចុះបញ្ជី​ពាណិជ្ជកម្ម និង​កិច្ចការពារ​ម៉ាក និង​ពាណិជ្ជនាម​សម្រាប់​អាជ្ញាប័ណ្ណ​លើ​វិស័យ​ព័ត៌មាន​ និង​សោតទស្សន៍​។ ប៉ុន្ដែ​ម្ចាស់​ស្ថាប័ន​ព័ត៌មាន​មួយចំនួន​តូច​នៅ​មិនទាន់​អនុវត្ត​តាមច្បាប់​ និង​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។

លោក​ថ្លែងថា​៖ «​បញ្ហា​ដែល​យើង​តម្រូវ​នៅពេលនេះ​សំខាន់​មានតែ​ ១ ​គត់​គឺ​ឱ្យ​ក្រុមហ៊ុន ស្ថាប័ន​ផ្ដល់​សេវា​ព័ត៌មាន និង​សោតទស្សន៍​ទៅ​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​បន្ថែម​។ ក្នុងនោះ​យើង​សង្កេតឃើញ​ស្ថាប័ន​ព័ត៌មាន​ភាគច្រើន ជា​ស្ថាប័ន​វិទ្យុ និង​សារព័ត៌មាន​អនឡាញ​ប្រមាណ​ ៥០០ ​ទៅ​ ៦០០ ​ស្ថាប័ន​ដែល​មិនទាន់បាន​ចុះបញ្ជី​ត្រឹមត្រូវ​»​។

បើតាម​លោក​ ផុស សុវណ្ណ យោងតាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ក្រសួង​ព័ត៌មាន បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​លើ​វិស័យ​ព័ត៌មាន​ និង​សោតទស្សន៍​ចុះបញ្ជី​នៅតែ​ក្រសួង​ព័ត៌មាន​ប៉ុណ្ណោះ​។ ប៉ុន្ដែ​នាពេល​ចុងក្រោយ​នេះ​កម្ពុជា​មាន​កំណែទម្រង់​ច្បាប់​ផ្នែក​ចុះបញ្ជី​ពាណិជ្ជកម្ម​ផ្សេងទៀត ទើប​តម្រូវឱ្យ​ក្រុមហ៊ុន និង​អង្គភាព​សារព័ត៌មាន​ត្រូវ​ចុះបញ្ជី​បន្ថែមទៀត​នៅ​ក្រសួងពាណិជ្ជកម្ម ទើប​អាច​ប្រកប​អាជីវកម្ម​លើ​វិស័យនេះ​បាន​។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ (​ខេមបូចា​) ​លោក​ ណុប វី យល់ថា ការជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​នេះ គឺជា​ចំណុច​ល្អ ដើម្បី​ជំរុញឱ្យមាន​ភាពស្រប​ច្បាប់ និង​ឱ្យមាន​ការការពារ សម្រាប់​ក្រុមហ៊ុន និង​អង្គភាព ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​ជា​ចំណុច​ល្អ​ដើម្បី​ជំរុញ​កុំឱ្យ​មានការ​ប្រើប្រាស់​ម៉ាក ពាណិជ្ជនាម យីហោ​របស់​ស្ថាប័ន អង្គភាព​ក្នុង​វិស័យ​សារព័ត៌មាន​នោះ​វា​ដូចៗ​គ្នា​ ឬ​ជាន់គ្នា ដែលនាំឱ្យ​មាន​ការបង្ក​ជម្លោះ​នាពេល​អនាគត​»​។ ជាមួយ​គ្នា​នេះ លោក​ ណុប វី បានស្នើ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​សម្រួល និង​ផ្ដល់​ភាពងាយស្រួល​នៅពេល​ម្ចាស់​ស្ថាប័ន​ព័ត៌មាន​ទៅ​ស្នើសុំ​ចុះបញ្ជី​នាពេល​ខាងមុខ​៕

វីដេអូ៖