ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន លោក​ ខៀវ កាញារីទ្ធ ​ថ្លែង​ពី​ម្សិលមិញ​ថា ក្រសួង​ព័ត៌មាន​នឹង​ប្រមូល​យកគំនិត និង​មតិយោបល់​ទាំងអស់​ដែល​ភាគី​សមាគម​អ្នកកាសែត​នានា​បាន​ផ្ដល់​ឲ្យ​ដើម្បី​យក​មក​ពិចារណា​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ឡើងវិញ​ឱ្យ​បាន​សមស្រប​។

ថ្លែង​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​កម្ពុជា​ជាមួយ​សមាគម និង​ក្រុម​អ្នកសារព័ត៌មាន​រៀបចំ​ដោយ​សមាគម​កម្ពុជា​ការពារ​អ្នកកាសែត​នៅ​ទីតាំង​ទន្លេបាសាក់​ ១ ពី​ម្សិលមិញ លោក​រដ្ឋមន្ត្រី​ព័ត៌មាន​បញ្ជាក់​ថា​ជំនួប​ក្នុង​វេទិកា​នេះ​គឺជា​លើកដំបូង​ក្នុង​ការពិភាក្សា​គ្នា​ស្វែងរក​គំនិត និង​មតិ​ដែល​ជា​ធាតុ​ចូល​សម្រាប់​ផ្តល់​ដល់​ក្រុមការងារ​នៃ​គណៈកម្មការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​របស់​ក្រសួង​ព័ត៌មាន​។ ក្រុមការងារ​នឹង​ប្រមូលផ្តុំ​នូវ​គំនិត​យោបល់​ទាំងឡាយ​យក​ទៅ​ពិចារណា​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ឡើងវិញ​ឱ្យបាន​ប្រសើរ​។

លោក​ ខៀវ កាញារីទ្ធ ថ្លែងថា​៖ «​ខ្ញុំ​ទទួល​យក​ទាំងអស់​មតិ​ទាំង​ប៉ុន្មាន ក្រុមការងារ​របស់​យើងខ្ញុំ​នឹង​កត់​យក​ទាំងអស់ ដើម្បី​យក​ជា​គំនិត​ពិចារណា​។ ខ្ញុំ​នឹង​បើក​ជា​ក្រុម​មួយ​តាម​ប្រព័ន្ធ​តេឡេក្រាម​ជា​ក្រុម​វិសោធនកម្ម​ច្បាប់​នេះ ហើយ​ក្រុមការងារ​ខ្ញុំ​នឹង​យកគំនិត​ទាំងអស់​ដើម្បី​យក​ទៅ​ពិចារណា​ហើយ​សរសេរ​ជា​ច្បាប់​។ ពេល​សរសេរ​រួចហើយ យើង​នឹង​រៀបចំ​ជា​ក្រុម​មួយ​ជា​ក្រុម​ការងារ​ដែល​អញ្ជើញ​សមាគម​អ្នកកាសែត ដែល​សកម្មៗ​ចូលរួម ដើម្បី​មូលមតិ​ជជែក​គ្នា​រហូត​យើង​អាច​អនុម័ត​ជា​ច្បាប់​បាន​»​។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់ថា​៖ «​និយាយ​រួម​គឺ​ក្រសួង​នឹង​មិន​បិទទ្វារ​ទេ​ក្នុង​ការរៀបចំ​ច្បាប់​នេះ​។ យើង​អញ្ជើញ​តំណាង​អ្នកកាសែត​យើង​ទាំងអស់ ដើម្បី​ចូលរួម​ផ្ដល់​មតិ​ដូច​ដែល​យើង​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែរ​»​។

លោក​មានប្រសាសន៍​ថា ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​កម្ពុជា​ដែល​បង្កើតឡើង​តាំងពី​ឆ្នាំ​ ១៩៩៥ ​ត្រូវបាន​បង្កើតឡើង​សម្រាប់​កម្រិត​ថ្នាក់ជាតិ​ច្រើន​ជាង​កម្រិត​អាស៊ាន និង​មាន​កង្វះខាត​ទំនើបកម្ម​បច្ចេកវិទ្យា​។ ព្រោះ​ច្បាប់​ចាស់​បង្កើតឡើង​ដោយ​ផ្ដោត​សំខាន់​លើ​ការគ្រប់គ្រង​ស្ថាប័ន​សារព័ត៌មាន​បោះពុម្ព កាសែត និង​វិទ្យុ​។

ប៉ុន្ដែ​និន្នាការ​បច្ចុប្បន្ន​មាន​ភាពជឿនលឿន​ខាង​បច្ចេកវិទ្យា អ៊ីនធឺណិត​បណ្ដាញ​សង្គម និង​សម្បូរ​ទៅ​ដោយ​សារព័ត៌មាន​អេឡិចត្រូនិក​ច្រើន​ដែល​តម្រូវ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​របប​សារព័ត៌មាន​ឡើងវិញ​ដើម្បី​ទាន់​សម័យកាល​។

លោក​ថ្លែងថា​៖ «​ឥឡូវនេះ​សភាពការណ៍​មាន​ការផ្លាស់ប្ដូរ ព្រោះ​យើង​មាន​ស្ថាប័ន​សារព័ត៌មាន​រហូតដល់​ជាង​ ៧០០​។ យើង​មាន​ស្ថាប័ន​ទូរទស្សន៍​អនឡាញ​រាប់រយ​ក្នុង​នោះ​យើង​ក៏មាន​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ដូចជា ហ្វេសប៊ុក យូធូប និង​បណ្ដាញ​ផ្សព្វផ្សាយ​ជឿនលឿន​ផ្សេងទៀត​ដែល​មាន​ការប្រែប្រួល​ច្រើន​ពី​សម័យកាល​មុន​។ យើង​ក៏មាន​ការប្រែប្រួល​នៃលក្ខណ​វិនិច្ឆ័យ​នៃ​និពន្ធនាយក​ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​គិត​ឡើងវិញ​លើ​លក្ខខណ្ឌ​ចំណេះដឹង​»​។

ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃទី​ ២៧ ខែសីហា​កន្លងទៅ​បានចាប់ផ្ដើម​ពិនិត្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ «​របប​សារព័ត៌មាន​» ​លើកដំបូង ដើម្បី​ឈានដល់​ការកែលម្អ និង​បញ្ចូល​របៀបរបប​ការងារ​ថ្មី​ឲ្យ​សមស្រប​តាម​បទដ្ឋាន​ច្បាប់​នាពេល​បច្ចុប្បន្ន​ឡើងវិញ​សម្រាប់​ច្បាប់​នេះ​។

លោក​ អ៊ុំ សារិន ប្រធាន​សមាគម​កម្ពុជា​ការពារ​អ្នកកាសែត​ (Cambodia Association for Protection of Journalists) ​ថ្លែងថា​រយៈពេល​ ២៤ ​ឆ្នាំ​មកនេះ ក្រោយពី​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ត្រូវបាន​អនុម័ត​ឱ្យ​ប្រើប្រាស់​តាំងពី​ឆ្នាំ​ ២០០៥ វិស័យ​សារព័ត៌មាន​នៅលើ​ពិភពលោក និង​នៅ​កម្ពុជា​មាន​ការវិវឌ្ឍ​យ៉ាងខ្លាំង​។

សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌​មាន​នៅ​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ថា​មាន​ការរីកចម្រើន និង​គោរព​បាន​យ៉ាង​ល្អ​។ ច្បាប់​នេះ​បានកំណត់​របប​សារព័ត៌មាន និង​ធានា​រ៉ាប់រង​សេរីភាព​សារព័ត៌មាន និង​សេរីភាព​ខាង​បោះពុម្ពផ្សាយ​ឲ្យ​បាន​សម​ស្របតាម​មាត្រា​ ៣១ និង​មាត្រា​ ៤១ ​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក សារិន បញ្ជាក់ថា​៖ «​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​នេះ បើ​ពិនិត្យ​ទៅ​គឺមាន​ចំណុច​ល្អជា​ច្រើន ដូចជា​ការពារ​អ្នកសារព័ត៌មាន​មិន​ឲ្យ​មាន​ការចាប់​ដាក់​ពន្ធនាគារ​ដោយសារ​តែ​ការបញ្ចេញមតិ​របស់​ខ្លួន និង​ការពារ​ប្រភពព័ត៌មាន​ជាដើម​។ ប៉ុន្តែ​មជ្ឈដ្ឋាន​ទូទៅ​បាន​កត់សម្គាល់ថា ច្បាប់​នេះ​មាន​វ័យ​ចំណាស់​ពេក ហើយ​ស្ថានភាព​នៃ​វិស័យ​សារព័ត៌​មាននៅ​ប្រទេស​កម្ពុជា​បាន​វិវឌ្ឍ​ប្រែប្រួល​យ៉ាង​លឿន​»​។

ប្រធាន​សមាគម​រូបនេះ​បន្ថែម​ថា​៖ «​ដូច្នេះ​សំណូមពរ​ចាំបាច់​របស់​អ្នក​សារព័ត៌មាន​មួយចំនួន​ថា​គួរតែ​ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ​នូវ​ចំណុច​មួយចំនួន ដើម្បី​ឆ្លើយតប​នឹង​ការវិវឌ្ឍ​រីកចម្រើន​នៃ​វិស័យ​សារព័ត៌មាន​កម្ពុជា និង​ដើម្បី​ធ្វើ​ទំនើបកម្ម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ឲ្យ​ស្រប​នឹង​ការវិវឌ្ឍ​ថ្មីៗ​នៃ​វិស័យ​សារព័ត៌មាន​»​។

លោក​មេធាវី សុខ សំអឿន ប្រធាន​អង្គការ​ក្រុមប្រឹក្សា​ជំនួយ​ផ្នែក​ច្បាប់​ដែល​បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​វេទិកា​ថ្លែង​ថា ការធ្វើ​វិសោធនកម្ម​ច្បាប់​របប​សារព័ត៌មាន​នេះ​ក៏​អាច​ឈាន​ដល់​ការការពារ​ដល់​ច្បាប់​ផ្សេងៗ​ទៀតផង​ដែរ ដូចជា​ច្បាប់ក្រម​ព្រហ្មទណ្ឌ​ដែល​មាន​ការកែទម្រង់​ថ្មី និង​មាន​មាត្រា​ថ្មី​ជាច្រើន​ដែល​តម្រូវ​ឲ្យ​ធ្វើការ​កែទម្រង់​ឲ្យ​ស្របគ្នា​។

លោក​ថ្លែងថា​៖ «​ជា​ការល្អ​ដែល​យើង​ពិនិត្យមើល​ចំពោះ​ការធ្វើ​វិសោធនកម្ម​ច្បាប់​របប​សារព័ត៌មាន​នេះ​។ យើង​មើល​សព្វថ្ងៃ​ច្បាប់​នៅក្នុង​ក្រមព្រហ្មទណ្ឌ​មាន​មាត្រាមួយ​និយាយ​ថា អាច​ប្រើ​ច្បាប់​របស់​របប​សារព័ត៌មាន ប៉ុន្ដែ​បើ​យកទៅ​ប្រើ​បាន​មានតែ​ក្នុង​ជំពូក​ ១ ​ទេ មាន​តែ​ ២ ​មាត្រា​ដោយ​មិនបាន​គ្របដណ្ដប់​គ្រប់​មាត្រា​ទាំងអស់​សម្រាប់​អ្នកសារព័ត៌មាន​»​។

លោក​ សុខ សំអឿន ក៏បាន​ប្រាប់​ទៅ​ក្រសួង​ព័ត៌មាន​ថា ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ក្រៅពី​ទទួល​មតិ​ពី​ក្រុម​សមាគម​អ្នកសារព័ត៌មាន ក៏​គួរតែ​ឲ្យ​ក្រុម​អ្នកជំនាញ​ផ្នែក​ច្បាប់​ឯករាជ្យ​ចូលរួម​ក្នុង​ការពិភាក្សា និង​ផ្ដល់​មតិ​បន្ថែម​លើ​ការធ្វើ​វិសោធនកម្ម​លើ​ច្បាប់​នេះ​ផងដែរ​។ ព្រោះ​ក្រុម​អ្នកជំនាញ​ផ្នែក​ច្បាប់​ឯករាជ្យ​យល់ដឹង​ពី​នីតិវិធី​ច្បាប់​ច្រើន និង​អាច​ឲ្យ​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​រឹត​តែមាន​ប្រសិទ្ធភាព​៕