ភ្នំពេញៈ គណៈកម្មការ​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នៃ​ក្រសួង​ព័ត៌មាន​បាន​រកឃើញ​ការផ្សព្វផ្សាយ​នៅតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​នានា​ដែល​កំពុង​ប្រើប្រាស់​ជា​មធ្យោបាយ​ផ្សាយ​សារ​ និង​វីដេអូ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បែប​គ្មាន​វិជ្ជាជីវៈ​ចំនួន​ ១៤៥ ​ករណី​នៅក្នុង​ខែកញ្ញា ឆ្នាំ​ ២០២០ ហើយ​ត្រូវបាន​ចាត់​ចំណាត់​ថ្នាក់​ជា​ប្រភេទ​ដំណឹង​ក្លែងក្លាយ​ និង​ព័ត៌មាន​មិន​ពិត ញុះញង់ បំពុលសង្គម ជេរប្រមាថ​ថ្នាក់ដឹកនាំ​។

លោក ផុស សុវណ្ណ ជា​អ្នកនាំពាក្យ និង​អនុប្រធាន​អចិន្រៃ្តយ៍​គណៈកម្មការ​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នៃ​ក្រសួង​ព័ត៌មាន​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ចំណាត់ថ្នាក់​ក្នុង​ប្រភេទ​ផ្សព្វផ្សាយ​ដំណឹង​ក្លែងក្លាយ ឬ​ព័ត៌មាន​មិន​ពិត​ត្រូវ​បាន​បញ្ជូន​បន្តទៅ​ក្រសួងមហាផ្ទៃ ដើម្បី​គាត់​ចាត់វិធានការ​បន្ត​ស៊ើបអង្កេត​។

លោក សុវណ្ណ បាន​ថ្លែងថា​៖ «​បើសិន​ជា​គណនី​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​មានឈ្មោះ​ចុះបញ្ជី​ត្រឹមត្រូវ ជំហាន​ដំបូង យើង​ប្រាប់​ឱ្យ​គាត់​កែតម្រូវ​ ឬ​ដក​ព័ត៌មាន​នោះ​ចេញ ករណី​ខ្លះ​យើង​ឱ្យ​មាន​ការកែតម្រូវ​តាម​លិខិតផ្លូវការ​។ គណនី​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​គ្មាន​ការចុះបញ្ជី​ផ្លូវការ​ត្រឹមត្រូវ​យើង​បាន​បញ្ជូន​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​ប្រមាណ​ជាង ១០ ករណី​ដែរ​»​។

លោក ផុស សុវណ្ណ បាន​ឱ្យ​ដឹង​ទៀតថា គណនី​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​កំពុង​ត្រូវបាន​ផ្សព្វផ្សាយ​ដំណឹង​ក្លែងក្លាយ​ ឬ​ព័ត៌មាន​មិន​ពិត​អំពី​បញ្ហា​នានា​នៅក្នុង​សង្គម​កម្ពុជា គឺ​ភាគច្រើន​នៃ​គណនី​ទាំងនោះ​ស្ថិត​នៅ​ក្រៅ​ប្រទេស​។

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​បាន​ឱ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ៣០ ខែ​កញ្ញា ឆ្នាំនេះ ក្រុមការងារ​បាន​អនុវត្ត​ការងារ​ស្រង់​ប្រភព​ដែល​ផ្សព្វផ្សាយ​សារ និង​វីដេអូ​ពាក់ព័ន្ធ​នឹង​ដំណឹង​ក្លែងក្លាយ ព័ត៌មាន​មិន​ពិត ញុះញង់ បំពុលសង្គម និង​ជេរប្រមាថ​ថ្នាក់ដឹកនាំ​សរុប​ចំនួន ១៤៥ ករណី​។

ករណី​ទាំងនោះ​ដូចជា​ញុះញង់​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម និង​ការដាក់​រូប​ប្រាសាទ​អង្គរវត្ត​នៅលើ​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ចំនួន ២២ ករណី ជេរប្រមាថ​ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ និង​ព្រះពុទ្ធសាសនា​ចំនួន ៨៣ ករណី ព័ត៌មាន​បំពុលសង្គម​ចំនួន ១៨ ករណី (​ក្នុងនោះ​មាន​គណនី​ហ្វេសប៊ុក​ចំនួន ១៥ គណនី បង្ហោះ​សារ​ពី​បញ្ហា​ការជីក​យក​ត្បូង​ស្ថិត​នៅ​ខេត្ត​មណ្ឌលគិរី ព័ត៌មាន​មិន​ពិត​ចំនួន ១ ករណី គណនី Tik Tok ចំនួន ២១ ករណី ញុះញង់ ចំនួន ៧ ករណី ជេរប្រមាថ​ថ្នាក់ដឹកនាំ ចំនួន ១៤ ករណី​។

លោក ណុប វី នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ខេមបូចា) ថ្លែងថា អ្វី​ដែល​សង្គម​ស៊ីវិល និង​សាធារណជន​មាន​ការព្រួយបារម្ភ​នោះ​គឺ​ការយក​ហេតុផល ការបង្ក្រាប​ទៅលើ​អ្នកបង្កើត​ព័ត៌មាន​ក្លែងក្លាយ​ ឬ​ព័ត៌មាន​បំពុល​សង្គម​ផ្សេងៗ បង្ក្រាប​ទៅ​ដល់​សកម្មជន​នៅលើ​បណ្ដាញ​សង្គម​ ឬ​ក្រុម​ណាមួយ​ដែល​ធ្វើការងារ​យក​ចិត្ដ​ទុកដាក់​ទៅ​រឿង​សង្គម តាមរយៈ​ប្រើប្រាស់​បណ្ដាញ​សង្គម​ក្នុង​ការបញ្ចេញមតិ​ ឬ​ទស្សនៈ​ផ្សេងៗ​។

លោក​ថ្លែងថា​៖ «​យើង​ទាមទារ​ឱ្យមាន​ការពិនិត្យ ពិចារណា និង​ដាក់​តម្កល់ សេរីភាព​បញ្ចេញមតិ​ ឬ​សេរីភាព​នៃ​ការប្រើប្រាស់​សិទ្ធិ​ដើម្បី​ផ្ដល់យោបល់​ស្ថាបនា​ប្រទេសជាតិ​គឺជា​មូលដ្ឋាន​សំខាន់​ជា​ជាង​ធ្វើការ​ហាមឃាត់​លែង​ឱ្យ​មាន​ការប្រើប្រាស់​បណ្ដាញ​សង្គម​ក្នុង​ការចូលរួម​មតិ​យោបល់​កសាង​សង្គម​»​។ «​ករណី​មួយ​ចំនួន​ទាក់ទង​នឹង​សកម្មជន​ដែល​បាន​ធ្វើ​ការងារ​លើ​ផ្នែក​បរិស្ថាន​និង​សង្គម គឺ​ទទួលរង​នូវ​ការធ្វើ​ទុក្ខបុកម្នេញ​ក្រោយពី​ពួកគេ​លើកឡើង​នៅលើ​បណ្ដាញ​សង្គម​ទាក់ទង​នឹង​រឿង​រសើប ឬ​រឿង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​មន្ដ្រី និង​អ្នកមាន​អំណាច​៕